ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាជាថ្មីទៀតឱ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី បន្តធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងបញ្ហាគ្រឿងញៀនឲ្យបានកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីសង្កេតឃើញថា ល្បែងស៊ីសងខុសច្បាប់ ហាក់មានការកើតឡើងច្រើន។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការបញ្ជានេះ ត្រូវបានដាក់ទៅឱ្យស្នងការរាជធានីភ្នំពេញ ដើម្បីធ្វើការបង្រ្កាបល្បែងស៊ីសង ហើយបានទុកពេល វេលាឱ្យស្នងការរាជធានីភ្នំពេញកសាងផែនការចុះបង្ក្រាបមួយរយៈពេល ដោយសារ លោក ឃួង ស្រេង ទើបតែបានជំរុញបន្ថែមឱ្យមានការបង្ក្រាបល្បែងស៊ីសងនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ។
លោក ម៉េត មាសភក្តី បញ្ជាក់ថា៖ «កិច្ចការនេះមិនមែនទើបតែធ្វើ ឬក៏យើងចាប់ផ្តើមក្នុងការបង្រ្កាបនេះទេ។ ចង់មានន័យថា ការងារនេះក៏ជាកិច្ចការដែលសមត្ថកិច្ច ក៏ដូចជាអាជ្ញាធររបស់យើងធ្វើដែរ កន្លងមក។ គ្រាន់ តែយើងឃើញថា ហាក់ដូចជាមានកើតឡើងបន្ថែមទៀតថ្មីៗជាច្រើន ទើបឯកឧត្តមអភិបាលលោកដាក់វិធានការបន្ទាន់ថ្មីមួយ ទៅឱ្យស្នងការកសាង និងរៀបចំការបង្រ្កាប»។
លោក ឃួង ស្រេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា តាមពិតល្បែងស៊ីសងខុសច្បាប់ ត្រូវបានបង្ក្រាបជារៀងរាល់ថ្ងៃ ប៉ុន្តែការងារនេះត្រូវការរៀបចំផែនការបន្ថែមទៀត និងត្រូវការរៀបចំការប្រជុំគណៈបញ្ជាការឯកភាពដើម្បីដាស់តឿន និងក្រើនរំឭកដល់មន្ត្រីថ្នាក់ក្រោម ដើម្បីធ្វើយ៉ាងណា រៀបចំលុបបំបាត់ល្បែងស៊ីសងខុសច្បាប់។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «តាមពិត ការងារហ្នឹងការងាររបស់ខ្ញុំផ្ទាល់ រាល់ខែខ្ញុំត្រូវប្រជុំអ៊ីចឹងរាល់ខែដើម្បី ដាក់ផែនការជូនគណៈបញ្ជាការឯកភាព»។
លោក បញ្ជាក់ទៀតថា គណៈបញ្ជាការឯកភាព មានវិធានការគ្រប់គ្រាន់ទៅលើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដោយរាប់ទាំងគ្រឿងញៀនឡើង ក៏ត្រូវមានវិធានការដែរ ដើម្បីធ្វើយ៉ាងណាថែរក្សាសន្តិសុខ និងសុវត្ថិភាពឲ្យបានកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។
លោក មាសភក្តី បញ្ជាក់ឲ្យដឹងដែរថា ក្រោយពី លោក ឃួង ស្រេង បានដាក់បញ្ជាជាថ្មីរួចមក កម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ បានចុះបង្ក្រាបល្បែងស៊ីសងបានប៉ុន្មានទីតាំងនៅខណ្ឌដូនពេញ ដោយមានអធិការដ្ឋាននគរបាលខណ្ឌជាសេនាធិការផ្ទាល់។
លោក ស ថេត ស្នងការរាជធានីភ្នំពេញ មិនអាចទាក់ទងសុំអធិប្បាយលើបញ្ហានេះបានទេ កាលពីថ្ងៃម្សិលមិញ។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា ច្បាប់នៃការបង្រ្កាបល្បែងស៊ីសងមានរួចហើយ ប៉ុន្តែបញ្ហានៅត្រង់ថា តើវាជាវិធានការថ្មី ឬជាយុទ្ធសាស្ត្រថ្មី សម្រាប់ការអនុវត្ត។ កាលណាមានច្បាប់ហើយ ការបង្រ្កាបទៅលើល្បែងស៊ីសង គឺជាអ្វីមួយដែលត្រូវធ្វើ «ដូចភ្លៀងរលឹម» ដោយមិនចាំបាច់អាក់ខាននោះទេ។
លោក សន ជ័យ បញ្ជាក់ថា៖ «រឿងល្បែងស៊ីសងហ្នឹង គេមិនត្រូវបង្ក្រាបអ្នកតូចតាច អ្នកកំប៉ិកកំប៉ុកទេ។ គេគួរតែបង្ក្រាបមេធំ»។
លោក សន ជ័យ បន្តទៀតថា៖ «ឫសគល់នៃបញ្ហាចម្បងៗ ដូចជារឿងល្បែងស៊ីសងហ្នឹង វាមានច្រើនប្រភេទ ហើយអ៊ីចឹងយើងមើលទៅ វានៅតែមានពាក់ព័ន្ធជាមួយនឹងពួកដែលមានឥទ្ធិពល ពួកដែលមានអំណាច»៕