សៀមរាប: អភិបាលស្រុក​បន្ទាយស្រី​លោក ឃឹម ហ្វីណង់ បាននិង​កំពុង​រៀបចំ​គម្រោង​ «​ធ្វើស្រែ​សមូហភាព​» ​លើ​ផ្ទៃដី​​ជិត​ ៤០ ​ហិកតា​ នៅ​ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី ដើម្បី​ប្រយោជន៍​រួម​ក្នុង​សហគមន៍ និង​កៀរគរ​ធនធាន​រួម​ក្នុង​ការផលិត​ស្រូវ​អង្ករ​ទុក​ចែកជូន​ពលរដ្ឋ​ទីទ័លក្រ​ខ្លាំង ខណៈ​ពលរដ្ឋ​ចំនួន​ ៣៩ ​គ្រួសារ​បាន​គាំទ្រ​គម្រោង​នេះ​។

លោក​ ឃឹម ហ្វីណង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​កាលៈទេសៈ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​គ្រួសារ​ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុក លោក​បាន​ដាក់​ជម្រើស​ល្អ​បំផុត​មួយ​គឺ​ការធានា​ឲ្យ​មាន​សុវត្ថិភាព​ស្បៀងអាហារ ជាពិសេស​សម្រាប់​​ពលរដ្ឋ​ក្រីក្រ ជនពិការ និង​​ចាស់ជរា​ដែល​ជា​ជន​ងាយ​រង​ផលប៉ះពាល់ និង​តម្រូវ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​។

លោក​បន្តថា ពលរដ្ឋ​ទាំង​ ៣៩ ​គ្រួសារ​មកពី​ភូមិ​អូរទទឹង និង​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះដាក់​បាន​យល់ព្រម​ជា​គោលការណ៍​ផ្តល់​ដីស្រែ​របស់​ពួកគាត់​ជិត​ ៤០ ​ហិកតា​ រហូត​ដល់​ដំណាច់​ឆ្នាំនេះ​ជូន​រដ្ឋបាល​ស្រុក​ដំណើរការ​សាកល្បង​គម្រោង​មួយ​នេះ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ៣ ​ខែ​ទៀត​ដីស្រែ​ទាំងនេះ​នឹង​អាច​ទទួល​បាន​ផល​ពី​ស្រូវស្រាល​ដើមរដូវ​នៅ​ជុំ​ទី​ ១ ​ដើម្បី​ចែកជូន​ទៅ​ម្ចាស់​ស្រែ​វិញ​ផង​ (​ក្នុង​ចំនួន​ប្រហាក់ប្រហែល​នឹង​ពួកគាត់​ធ្វើ​ដោយ​ខ្លួនឯង​) និង​សល់​ប៉ុន្មាន​ទុក​ចែកជូន​ពលរដ្ឋ​ទីទ័លក្រ​ខ្លាំង​នៅក្នុង​ស្រុក​ផង មុន​នឹង​សម្រេច​បន្ត​ទៅ​ជុំ​ទី​ ២ ​ទៀត ប្រសិន​បើ​កាលៈទេសៈ​អំណោយផល​ល្អ​។

លោក ឃឹម ហ្វីណង់ បាន​បញ្ជាក់ថា​៖ «​ការធ្វើ​ស្រែ​សមូហភាព​នេះ យើង​នឹង​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់ បូករួម​នឹង​ការ​កៀរគរ​បន្ថែម​ពី​សប្បុរសជន តាមរយៈ​ការខ្ចី​ស្រែ​ពី​អ្នកស្រុក​ដែល​នៅ​ជិត​ប្រភព​ទឹក​ស្រាប់​ដើម្បី​ធ្វើ​ស្រូវស្រាល​ដើមរដូវ​ដោយ​ប្រើប្រាស់​ពូជ​​ថ្មី​ ១០០ ​ថ្ងៃ និង​ទទួល​បាន​ការឧបត្ថម្ភ​ពូជស្រូវ ជី ម៉ាស៊ីន គ្រឿងចក្រ ប្រេងសាំង និង​កម្លាំង​ស្ម័គ្រចិត្ត​ជួយ​ស្ទូង និង​ច្រូត​។ គម្រោង​នេះ​ស្ថិត​ក្នុង​កម្រិត​សាកល្បង​នៅឡើយ ខ្ញុំ​សង្ឃឹមថា លទ្ធផល​ជាក់ស្តែង​នឹង​បានជា​គំរូ​យក​ទៅ​អនុវត្ត​បន្ត​ក្នុង​វិសាលភាព​ធំ​ជាង​នេះ និង​នៅ​​កន្លែង​ផ្សេង​ទៀត​ក្នុងស្រុក​ដើម្បី​ផ្ដល់​ផលប្រយោជន៍​រួម​រឹតតែ​ច្រើន​»​។

លោក ភិន ថោង អាយុ​ ៤៧ ​ឆ្នាំ​ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះដាក់​បាន​និយាយ​​ពី​ម្សិលមិញ​ថា លោក​បាន​សម្រេចចិត្ត​ចូលរួម​ជាមួយ​គម្រោង​ធ្វើស្រែ​សមូហភាព​នេះ​ដោយ​លោក​រំពឹង​ថា នឹង​ទទួលបាន​ផល​ច្រើន​ជាង​គ្រួសារ​របស់​លោក​ធ្វើ​រាល់​ឆ្នាំ​។ ម្យ៉ាងវិញ​ទៀត​លោក​ចង់​ចូលរួម​ជួយ​សង្គម​ខ្លះ​តាមរយៈ​ការធ្វើ​ស្រែ​បាន​ស្រូវ ហើយ​យក​ទៅ​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះខាត​នៅក្នុង​មូលដ្ឋាន​។

លោក​បន្តថា លោក​មាន​ដីស្រែ​ប្រមាណ​ជិត​ ១ ​ហិកតា​ នៅ​ជិត​ប្រភពទឹក និង​នៅ​ចំ​កន្លែង​ដែល​លោក​អភិបាលស្រុក​ចង់​យក​ធ្វើជា​ទីតាំង​អនុវត្ត​គម្រោង​នេះ​។ ​រៀងរាល់​ឆ្នាំ​លោក​ធ្វើស្រែ​លើ​ដី​នេះ​ទទួល​បាន​ផល​ត្រឹមតែ​ ៩ ឬ​ ១០ ​បាវ​ប៉ុណ្ណោះ ប៉ុន្ដែ​បើ​តាម​លោក​អភិបាលស្រុក​អះអាង​ថា ប្រសិន​ប្រមូលផល​ស្រូវ​ពី​គម្រោង​សមូហភាព​នេះ​ក៏​នឹង​ទទួល​បាន​ទិន្នផល​ប្រហាក់ប្រហែល​នេះដែរ​។

លោក​ថា​៖ «​ខ្ញុំ​គាំទ្រ​គម្រោង​នេះ ព្រោះ​បើ​តាម​លោក​អភិបាល​ស្រុក​ពន្យល់​ពួកខ្ញុំ គឺ​ពួកខ្ញុំ​ជា​ពលរដ្ឋ​គ្មាន​ខាតបង់​អ្វី​ទេ គឺ​គ្រាន់តែ​លះបង់​កម្លាំង​ពលកម្ម​តិចតួច​ចូលរួម​ការងារ​ស្ទូង​ដក​បាន​ហើយ​។ រីឯ​ពូជស្រូវ គ្រឿងចក្រ ក៏​មាន​ការគាំទ្រ​ពី​សប្បុរសជន​នានា​ដែរ​។ ពេល​ប្រមូលផល​យើង​ទៅ​ប្រមូល​ទាំងអស់​គ្នា​ទៀត ក្រោយ​មក​យើង​ចែក​ស្រូវ​គ្នា​តាម​ស្ថានភាព​ជាក់ស្ដែង​»​។

លោក ប៉ែន អាន អាយុ​ ៤៨ ​ឆ្នាំ​ ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ថ្នល់ទទឹង​បាន​និយាយ​ពី​ម្សិលមិញ​ថា ដីស្រែ​របស់​លោក​ទំហំ​ ១ ​ហិកតា​ ទទួល​បាន​ផល​ស្រូវ​ចន្លោះ​ពី​ ១៥ ​ទៅ ១៧ ​បាវ​ក្នុង​ ១ ​ឆ្នាំៗ ប៉ុន្ដែ​ធ្វើស្រែ​បានតែ​ម្ដង​ប៉ុណ្ណោះ​។ ប្រសិនបើ​បាន​ចូលរួម​ធ្វើស្រែ​ជា​សមូហភាព​ជាមួយ​គម្រោង​លោក​អភិបាលស្រុក​អាច​នឹង​ធ្វើ​ស្រែ​បាន​ ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​គំនិត​លោក​អភិបាល​សមស្រប​ទៅនឹង​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម​គឺ​ម្ចាស់​ស្រែ​ក៏​ចំណេញ រដ្ឋបាល​ស្រុក​ក៏​ចំណេញ ហើយ​​បាន​ជួយ​ដល់​អ្នកក្រខ្សត់​ទៀត ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​សាកល្បង​គម្រោង​ធ្វើ​ស្រូវ​ថ្មី​នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួលបាន​ជោគជ័យ​»៕