កំពង់ឆ្នាំងៈ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ដែលបានបាញ់កាំភ្លើង បណ្ដាលឱ្យត្រូវគោមួយក្បាលងាប់នៅក្នុងបរិវេណសាលាស្រុក ត្រូវទទួលរងការស្ដីបន្ទោសពីការធ្វេសប្រហែសក្នុងការប្រើប្រាស់អាវុធ ហើយព្រមទទួលកំហុស ចំពោះមុខរដ្ឋបាលខេត្ត។
លោក ស្រ៊ន សំឬទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងឱ្យដឹងថា លោក វន ស៊ីផា មិនត្រូវបានដកបញ្ឈរជើងពីការងារនោះទេ គ្រាន់តែធ្វើរបាយការណ៍បញ្ចូនទៅក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ គាត់នៅបំពេញកិច្ចការងាររបស់គាត់ជាធម្មតាទេ អត់មានដកទេ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានចេញផ្សាយកាលពីថ្ងៃទី ៥ ខែឧសភា បានឱ្យដឹងថា ក្រុមការងារបានធ្វើការស្រាវជ្រាវរកម្ចាស់គោ ហើយបានសម្របសម្រួលផ្ដល់ជាសំណងចំនួន ៤ លានរៀល និងអប់រំណែនាំម្ចាស់គោឱ្យមានការប្រុងប្រយ័ត្នក្នុងការចិញ្ចឹម ថែរក្សាសត្វពាហនៈឱ្យបានត្រឹមត្រូវ កុំលែងចោលពាសវាលពាសកាលដើរស៊ី និងបំផ្លាញផលដំណាំរបស់អ្នកដទៃ ក៏ដូចជាសម្បត្តិសាធារណៈ ដែលនាំឱ្យកើតមានទំនាស់ដោយប្រការណាមួយ និងអាចប៉ះពាល់ការធ្វើចរាចរណ៍តាមផ្លូវថ្នល់បណ្ដាលឱ្យកើតមានគ្រោះថ្នាក់ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាល ស្រុកសាមគ្គីមានជ័យ និងការស្រាវជ្រាវធ្វើកោសល្យវិច័យរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ មានករណីគោងាប់ ១ ក្បាលនៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ បង្កឡើងដោយលោក វន ស៊ីផា «បានបាញ់សាកកាំភ្លើងដោយបាញ់បុកដីបណ្តាលឱ្យគ្រាប់ផ្លាតទៅត្រូវគោមួយក្បាលនោះ។ អាវុធដែលបាញ់សាកនេះជាអាវុធដែលមានភារកិច្ចសម្រាប់រក្សាសន្តិសុខ សុវត្ថិភាពសាលាស្រុករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសាមគ្គីមានជ័យ»។
លោក គង់ ច័ន្ទមុនី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពង់ឆ្នាំង ថ្លែងថា អង្គការមិនទទួលបានពាក្យបណ្តឹងណាមួយក្នុងករណីគោងាប់មួយក្បាលនោះទេ៕