កណ្តាលៈ ​អភិ​បាល​ស្រុក​ស្អាង​ ​កាល​ពី​ម្សិល​មិញ​បាន​សម្រេច​ជា​បណ្ដោះ​អា​សន្ន​ ​ដោយ​ផ្អាក​សកម្ម​ភាព​ម្ចាស់​អជី​វ​កម្ម​ ឈ្មោះ ​កែវ​ ​សុជា​តា ​ដែល​ជីក​យក​អាចម៍​ដី​ ​ព្រោះ​មាន​ពាក់​ព័ន្ធ​ដី​អា​ស្រ័យ​ផល​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ ក្រោយ​ពី​ពល​រដ្ឋ​បាន​ស្នើ​ទៅ​កាន់​ក្រ​សួង​រ៉ែ​និង​ថា​មពល​ ​ដើ​ម្បី​និរា​ករណ៍​អាជ្ញា​បណ្ណ​អណ្តូង​រ៉ែ​បើក​ ​និង​ការ​ដ្ឋាន​វាយ​ថ្ម ​ក្នុង​តំបន់​ ​អាង​ទឹក​ព្រែក​រាំង ស្ថិត​នៅ​ក្នុ​ង​ភូមិ​ព្រែក​រាំង​​ ​និង​ភូមិ​ទួល​ឃ្មួញ​ ​ឃុំ​ទឹក​វិល​ ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។​

លោក​ ​ញឹម​ ​វ៉ាន់​ឌិន​ ​អភិ​បាល​ស្រុក​ស្អាង​ ​បាន​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា៖​ «​រាល់​កន្លែង​ដែល​មាន​ការ​ពាក់​ព័ន្ធ​អី​ចឹង​ ​បើ​ខ្សាច់​គេ​បោះ​ពោង​មុន​នឹ​ង​ដំណើរ​ការ​ ​ហើយ​បើ​កន្លែង​ដូច​ករណី​បឹង​ព្រែក​រាំង​ហ្នឹង​គេ​ត្រូវ​បោះ​ប​ង្គោល​មុន​។​ ​ក្រុម​ហ៊ុន​ដែល​មក​ជីក​ដី​តែ​ម្ដង​ ​គាត់​ធ្វើ​លឿន​ពេក ​ឥឡូវ​ខ្ញុំ​ផ្អាក​សកម្ម​ភាព​ពួក​គាត់​សិន​ហើយ​ ​ចាំ​ឲ្យ​ក្រុម​ចម្រុះ​ចុះ​ទៅ​បោះ​ទី​តាំ​ង​ថា​ត្រូវ​ធ្វើ​អី​កន្លែង​ណា​ចំណុច​ណា ​ដើម្បី​កុំ​ឲ្យ​ពល​រដ្ឋ​យល់​ច្រ​ឡំ​»​។​​

ប្រ​ជា​ពល​រដ្ឋ​ដែល​កំពុង​អា​ស្រ័យ​ផល​លើ​ដី​អាង​ទឹក​ព្រែក​រាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​រាំង​ ​បាន​ស្នើ​សុំ​លោក​រដ្ឋ​មន្ត្រី​ក្រ​សួង​រ៉ែ​ ​និង​ថា​មពល​និរា​ករណ៍​អា​ជ្ញា​បណ្ណ​អណ្តូង​រ៉ែ​បើក​ ​និង​ការ​ដ្ឋាន​វាយ​ថ្ម​លេខ​ ០០​៥៦​ ​ព្រោះ​ប៉ះ​ពាល់​ដី​អា​ស្រ័យ​ផល​របស់​ពល​រដ្ឋ​ជិត​ ១០០ ​គ្រួ​សារ​នៅ​ទី​នោះ​។​

អ្នក​ស្រី ​ឆុំ​ ​សុធី​ ​តំណាង​ប្រ​ជា​ពលរដ្ឋ​ ​នៅ​ភូមិ​ទួល​ឃ្មួញ​ ​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ​និយាយ​ពី​ម្សិល​មិញ​ថា​ ​ក្រុម​ហ៊ុន​ដែល​មក​ជីក​យក​ដី​នេះ ​គឺ​យក​ចំ​កន្លែង​ដី​ដែល​ប្រ​ជា​ពល​រដ្ឋ​តែង​ដាំ​ពោត​ ​ស្រូវ​ ​និង​ឈូក​ ​រាល់​ឆ្នាំ ​មិន​មែន​ជីក​យក​ចំ​ដី​ក្នុង​អាង​ទឹក​ព្រែក​​រាំង​នោះ​ទេ​ ​ហេតុ​នេះ​ទើប​ប្រ​ជា​ពលរដ្ឋ​មិន​សុខ​ចិត្ត​ ហើយ​បាន​នាំ​គ្នា​ទៅ​ឃាត់​ ​និង​ដាក់​ពាក្យ​ទៅ​ក្រសួង​រ៉ែ ​និង​ថាម​ពល​​ឲ្យ​ដក​អាជ្ញា​បណ្ណ​វិញ​កាល​ពី​ថ្ងៃ​ទី ២៦​ ​ខែ​ឧសភា​។​​​

អ្នក​ស្រី​ថ្លែង​ថា​៖​ ​«​​​ក្រុម​ហ៊ុន​មក​អះ​អាង​ថា​ បាន​អា​ជ្ញា​បណ្ណ​ពី​ខាង​ធន​ធាន​រ៉ែ​ និង​ថាម​ពល​ ​រ៉ែ​ថា​មព​ល​អី​ ​បើ​ដី​ប្រ​ជាព​ល​រដ្ឋ​អាស្រ័យ​ផល​ហ្នឹង មាន​ថ្ម​មាន​រ៉ែ​មក​ពី​ណា ​ទៅ​ភរ​ឲ្យ​គេ​ស៊ី​ញ៉េ​ហើយ​​​មក​ជីក​ដី​ប្រ​ជា​ពល​រដ្ឋ​យក​ទៅ​លក់​ហ្នឹង។​​ ពល​រដ្ឋ​តវ៉ា​ ​ព្រោះ​បើ​ជីក​អស់​បាន​អី​ធ្វើ​ស្រែ ​រស់​គឺ​រស់​នឹង​ស្រែ​ម្នា​ក់​បន្តិចៗ​ហ្នឹង​ហើយ បើ​យក​ដី​អស់​ទៀត​ប្រ​ជា​ជន​បាន​អី​ធ្វើ ​បើ​ផ្ទះ​នៅ​ជា​ប់​មាត់​បឹង​ហ្នឹង​»​។​

លោក​ ​រឿង​​ សារ៉ុម ​តំណាង​ពល​រដ្ឋ​នៅ​ភូមិ​ព្រែក​រាំង​ ​ឃុំ​ទឹក​វិល​ ​ស្រុក​ស្អាង​ ថ្លែង​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា​ ​ក្រុម​ហ៊ុន​​បាន​មក​ជីក​ដី​អាង​ទឹក​ព្រែក​រាំង​រាល​ដាល​ដល់​ដី​ដំ​ណាំ​អាស្រ័យ​ផល​របស់​ប្រ​ជា​ពល​រដ្ឋ​ ​៨០ ​គ្រួសារ​​នៅ​ទី​នោះ។​ ​លោក​ថា​ ​ក្រុម​ហ៊ុន​កំពុង​បន្ត​ធ្វើ​ការ​វាទ​ទី​កាយ​ដី​ដោយ​មិន​មាន​ការ​បញ្ជាក់​ប្រាប់​ពី​ព្រំ​ប្រ​ទល់​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បាន​ដឹង​នោះ​ទេ​។​

លោក​ថ្លែង​ថា​៖ ​«​ការ​សម្រេច​លើ​ក​មុន​ ​ដី​ហ្នឹង​នាយក​រដ្ឋ​មន្ត្រី​ឲ្យរ​ក្សា​​ជា​អាង​ស្តុក​ទឹក​របស់​រដ្ឋ ​​និង​ឲ្យ​ប្រ​ជា​ជន​អា​ស្រ័យ​ផល ​បង្ក​បង្កើន​ផល ហើយ​បើ​ដី​ហ្នឹង​ពិនិត្យ​ឃើញ​ថា​ ​ពល​រដ្ឋ​ប្រើ​យូរ​ឆ្នាំ​ហើយ​គួរ​ចេញ​ប្លង់​ចេញ​អី​ឲ្យ​ប្រើ​ប្រាស់​ ​ប៉ុន្តែ អា​ជ្ញា​ធរ​វាស់​ហើយ​ក៏​ស្ងាត់​បាត់​ឈឹង​ ​ឃើញ​តែ​ក្រុម​ហ៊ុន​ចូល​មក​រក​ជីក​យក​អាចម៍​ដី​»​។​

លោក​ ​រឿង​ ​សា​រ៉ុម​ ​ថ្លែង​ថា​ ​នៅ​ថ្ងៃ​ទី ២៤​ ​ខែ​ ឧសភា​ ​ឆ្នាំ​ ២០២១ មាន​ការ​ប្រ​ជុំ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រែក​រាំង​ ​ដើម្បី​ផ្សព្វ​ផ្សាយ​ ​អា​ជ្ញា​បណ្ណ​អណ្តូង​រ៉ែបើ​ក​ និង​ការ​ដ្ឋាន​វាយ​ថ្ម​ ​លេខ ​០០៥៦ ​រថ​អធ​ប្រ​ក​ ​ចុះ​ថ្ងៃ​ទី ​​១៥​ ​ខែ​ មីនា​ ឆ្នាំ​២០២០​ របស់​ក្រសួង​រ៉ែ ​និ​ង​ថា​ម​ពល​ដែល​អនុ​ញ្ញាត​ឲ្យ​លោក​ស្រី​ ​កែវ​ ​សុជា​តា ​អាច​ជីក​យក​អាចម៍​ដី​ទំហំ​ ​១០​ ហិក​តា ​នៅ​ក្នុ​ង​អាង​ស្តុក​ទឹក​ព្រែក​រាំ​ង​។​​

លោក​ ​យស​ មុ​នី​រ៉ាត់​ ​អគ្គ​នា​យក​នៃ​អគ្គ​នាយក​ដ្ឋាន​ធន​ធាន​រ៉ែ និង​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​រ៉ែ ​និង​ថា​ម​ពល​ ​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ដោយ​រង​ចាំ​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​៕​