ព្រះសីហនុៈ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី ២៧ តុលា នេះ ចោទប្រកាន់បុរសសង្ស័យជនជាតិចិន ២ នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) សរុបទម្ងន់ ៩២២,២ ក្រាម បន្ទាប់ពីសមត្ថកិច្ចបញ្ជូនខ្លួនដល់តុលាការពីថ្ងៃ ២៦ តុលា ក្រោយពេលចាប់ខ្លួននៅសង្កាត់លេខ ៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ២៣ តុលា ។
លោក លឹម ប៊ុនហេង អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា បុរសសង្ស័យឈ្មោះ HUANG XIAO HUI អាយុ ៣០ ឆ្នាំ និងម្នាក់ទៀតឈ្មោះ HU JUN ភេទប្រុស អាយុ ២៩ ឆ្នាំ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមបញ្ញត្តិមាត្រា ៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ បន្ទាប់ពីមកពួកគេត្រូវបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរតាមនីតិវិធី។
លោកថ្លែងថា៖ «ជនទាំង ២ នាក់ ត្រូវខាងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនដល់តុលាការខេត្តព្រះសីហនុនៅថ្ងៃទី ២៦ តុលា។ ពួកគេត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន»។
តាមមន្រ្តីនគរបាល ១ រូប ស្នើសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃនេះថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងដោយសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងមានការសហការជាមួយនគរបាលខេត្តព្រះសីហនុ។ ការចុះបង្ក្រាបករណីនេះ គឺសមត្ថកិច្ចបានប្រើវិធានញុះញង់ទាក់ទងជាមួយជនសង្ស័យ ដើម្បីទិញគ្រឿងញៀន។
លោកបានបន្តថា៖ «ការបង្ក្រាបជនសង្ស័យនេះ គឺសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀនជាអ្នកចុះមកអនុវត្តផ្ទាល់។ ចំណែកយើងជាម្ចាស់ដែនដីចូលរួមសហការក្នុងការចង្អុលបង្ហាញទីតាំង»។
លោក អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនប្រាប់នៅថ្ងៃទី ២៧ តុលា នេះដែរថា ប្រតិបត្តិការនេះអនុវត្តតាមបញ្ជាពីឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។ក្នុងប្រតិបត្តិការនេះក៏មានការសម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។
លោកបន្តថា បន្ទាប់មកសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបនៅយប់ថ្ងៃទី ២៣ ខែតុលា នៅសណ្ឋាគារឆាងឆឹង ក្នុងក្រុម ១៨ ភូមិ ៣ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនជាអ្នកដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញទី៤ នៃមន្ទីរប្រឆាំងគ្រឿងញៀន។
ក្រោយឃាត់ខ្លួនរួចសមត្ថកិច្ចបានឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេ និងរឹបអូសបានវត្ថុតាងសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) និងមេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់សុទ្ធ ៩២២,២ ក្រាម។
លោកបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនបានសមត្ថកិច្ចបានដឹកជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង រួចបញ្ជូនត្រឡប់ទៅសាលាដំបូងខេត្តព្រះសីហនុវិញ ដើម្បីឲ្យតុលាការចាត់ការពួកគេតាមនីតិវិធីច្បាប់៕