ភ្នំពេញៈ ក្រសួង​សុខាភិបាល​មិនទាន់​បង្ហាញ​ច្បាស់​ពី​ផែនការ​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​អាជីវកម្ម​មួយចំនួន ជាពិសេស ក្លិប​កម្សាន្ត ខារ៉ាអូខេ​ (KTV) ដែល​ត្រូវបាន​បិទ​ដោយសារ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​នោះទេ បើទោះបី​ស្ថានភាព​នៃ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ស្ថិត​ក្នុង​ការគ្រប់គ្រង​បាន​ក៏ដោយ ប៉ុន្តែ​រដ្ឋមន្ត្រី​សុខាភិបាល​ស្នើឲ្យ​ពលរដ្ឋ​រក្សា​ភាព​អត់ធ្មត់​បន្តិច​។

ឆ្លើយតប​នឹង​អ្នកកាសែត​ក្នុង​សន្និសីទកាសែត​ពី​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង មិន​ទាន់​បញ្ជាក់​ច្បាស់​នោះ​ទេ ជុំវិញ​ការបើក​ឲ្យ​ដំណើរការ​នូវ​អាជីវកម្ម​មួយ​ចំនួន​ដែល​មានដូចជា ក្លិប​កម្សាន្ត​ខារ៉ាអូខេ ឬ KTV សារមន្ទីរ និង​កន្លែង​កម្សាន្ត​សាធារណៈ​មួយចំនួន​ទៀត​ដែល​បាន​បិទ​ដោយសារ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩​។

លោក​ ម៉ម ប៊ុនហេង គ្រាន់តែ​បញ្ជាក់ថា​៖ «​រឿង KTV បាន​ន័យ​ថា ខារ៉ាអូខេ មិន​អ៊ីចឹង​។ ខ្ញុំ​ក៏​ចង់ទៅ​ដែរ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ងាប់ និយាយ​តាម​ត្រង់​។ វា​មិនទាន់​ដល់ពេល ហើយ​ខ្ញុំ​មិនដឹងថា​តាម​ប្រទេស​គេ បើក​របៀប​ម៉េច​ទេ​ព្រោះ​ខ្ញុំ​មិនដែល​បាន​ទៅ​ទេ​។ ប៉ុន្តែ​ប្រទេស​គេ ក៏​ឈឺ​ច្រើន​ដែរ ហើយ​ក៏​ស្លាប់​ច្រើន​ដែរ​។ យើង​គួរតែ​យក​គំរូ​ឈឺ​ច្រើន ស្លាប់​ច្រើន​ឬ​ក៏​គំរូ​អត់​ស្លាប់​?»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ដែល​ចូលចិត្ត​ច្រៀង​កម្សាន្ត​សប្បាយ​នោះ​ឲ្យ​ងាក​មក​រៀបចំ​កម្មវិធី​ច្រៀង​នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​គ្រួសារ​តូចៗ ប្រសើរ​ជាង​ទៅ​ខារ៉ាអូខេ​ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩​នេះ​។

លោក​បន្ថែមថា​៖ «​ខារ៉ាអូខេ បើ​វា​អត់​អាហ្នឹង​ក៏​វា​មិន​ងាប់​ដែរ​។ សូម​អធ្យាស្រ័យ ខ្ញុំ​និយាយ​តាមត្រង់​។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង គឺ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​កន្លែង​នេះ​។ ខ្ញុំ​យល់​ថា បើ​យើង​ធ្វេសប្រហែស​អាច​មាន​ករណី​នាំចូល​មកទៀត​។ ដូច្នេះ​ការដែល​ប្រុងប្រយ័ត្ន​នេះ យើង​ទ្រាំ​បន្តិច​ទៅ កុំអាល​ផឹកស៊ី​អី ព្រោះ​បើ​យើង​មិន​ផឹកស៊ី ក៏​មិន​ស្លាប់​ដែរ ស្រុក​ណា​ក៏​មាន​យើង​ត្រូវ​រួមចំណែក​ទាំងអស់​គ្នា​»​។

ការថ្លែង​បែបនេះ ព្រោះ​លោក​អះអាង​ថា កម្ពុជា​នៅ​ប្រឈម​នៅឡើយ​ចំពោះ​ការផ្ទុះ​ឡើង​ជាថ្មី​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដរាប​ណា​ពិភពលោក​មិន​ទាន់​រកឃើញ​នូវ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​។

កាលពី​អំឡុង​ខែមីនា រដ្ឋាភិបាល​ប្រកាស​បិទ​ខេធីវី រោងភាពយន្ត សាលារៀន ក្លិប​កម្សាន្ត និង​កន្លែង សាធារណៈ​មួយចំនួន​ដោយ​មិន​កំណត់​រយៈពេល​ក្នុង​ការបើក​ឲ្យ​ដំណើរការ​វិញ​។ វិធានការ​ទាំងនេះ​ត្រូវ​បាន​អះអាងថា ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

លោកស្រី Li Alian ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លើក​ឡើង​នាឱកាស​នោះដែរ​ថា ក្នុង​កាលៈទេសៈ​នេះ​គឺជា​ពេលវេលា​ដ៏លំបាក សម្រាប់​កម្ពុជា​ក្នុង​ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម ឬ​កន្លែង​សាធារណៈ​មួយចំនួន​ឡើងវិញ​។ លោកស្រី​លើក​ឧទាហរណ៍​មួយ​ទាក់ទង​នឹង KTV ដែល​លោកស្រី​ចាត់ទុក​ថា ជា​កន្លែង​ដែល​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​ជំងឺ​កូវីដ ​១៩ បើ​ក្នុង​ករណី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ដំណើរការ​ឡើងវិញ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការបើក​នូវ​អាជីវកម្ម​ផ្សេងៗ​ហ្នឹង​គឺជា​ការសម្រេចចិត្ត​មួយ​ដ៏ពិបាក​ដែល​មិនមែន​ជា​ការងាយស្រួល​ទេ ទាំង​រាជរដ្ឋាភិបាល ទាំង​ម្ចាស់​អាជីវកម្ម ទាំង​បុគ្គល​ផ្សេងៗ​ទៀត​។ អ្វីដែល​ខ្ញុំ​ចង់​បញ្ជាក់​ថា ជំងឺ​នេះ​ឆ្លង​ងាយស្រួល​នៅ​កន្លែង​ពុំ​មាន​ខ្យល់​ចេញចូល​ល្អ ហើយ​ជាពិសេស​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ​។ ជាពិសេស​នៅ​កន្លែង​ដែល​និយាយ​ច្រើន ស្រែក​ច្រើន ដូចជា កន្លែង​កម្សាន្ត​ KTV បង្ក​នូវ​ហានិភ័យ​ខ្ពស់​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ៤ ឧសភា កម្ពុជា​ពុំ​មាន​រកឃើញ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ ហើយ​ករណី​ជាសះស្បើយ​ក៏​មិនទាន់​មាន​បន្ថែមទៀត​នោះដែរ​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ១២២ ​នាក់​នោះ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ១២០ ​នាក់​។

លោក​ ម៉ម ប៊ុនហេង នៅតែ​បន្ត​ណែនាំ​ដល់​ពលរដ្ឋ​ខ្មែរ​ត្រូវ​ផ្លាស់ប្តូរ ឥរិយាបថ និង​ទម្លាប់​របស់ខ្លួន​។ នៅ​ចំពោះ​មុខការ​រាតត្បាត​នេះ​ត្រូវ​ខិតខំ​រៀបចំ​ការរស់នៅ​តាមគន្លង​ថ្មី​នៃ​ជីវភាព​ធម្មតា​របស់​ខ្លួន ដើម្បី​ចៀសវាង​ការចម្លង​រោគ ដូចជា​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ដៃ​ស្អាត​។ លាង​សំអាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល​ ឬ​ជែល​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ប្រើប្រាស់​ម៉ាស់ ឬ​ក្រមា​ក្នុង​ករណី​ចាំបាច់ និង​មិន​ត្រូវ​មាន​ការជួបជុំ​ប្រមូលផ្តុំ​នោះឡើយ​៕