ភ្នំពេញៈ អាជីវករលក់ដូរនៅជុំវិញផ្សារស៊ិនជូរីផ្លាហ្សា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បានយល់ព្រមបញ្ឈប់ការតវ៉ាជុំវិញគម្រោងអភិវឌ្ឍន៍ផ្សារនេះឲ្យទៅជាផ្សារទំនើប ប៉ុន្តែនៅមានក្តីបារម្ភបើទោះជាមានការអះអាងពីអភិបាលរាជធានីភ្នំពេញដែលអនុញ្ញាតឲ្យក្រុមអាជីវករអាចបន្តអាជីវកម្ម នៅកន្លែងដដែល ស្របពេលដំណើរការអភិវឌ្ឍនៅតែបន្តក្តី។
កាលពីថ្ងៃពុធ សប្តាហ៍មុនតំណាងអាជីវករមួយចំនួន និងតំណាងក្រុមហ៊ុន បានជួបពិភាក្សាជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីក្រុមអាជីវករដែលលក់នៅជុំវិញផ្សាររាប់រយនាក់បានប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់ ក្រោយពីក្រុមហ៊ុនប្រកាសអភិវឌ្ឍផ្សារនេះឲ្យទៅជាផ្សារទំនើបកម្ពស់ ៧ ជាន់ និងទុកពេលឲ្យក្រុមអាជីវករ ៣ ខែ ក្នុងការរើចេញ។
អ្នកស្រី ឃិន មួយ អាជីវករលក់នៅខាងក្រៅផ្សារប្រមាណ ១០ ឆ្នាំប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២៦ សីហា ថាតំណាងក្រុមអាជីវករបានជួបជាមួយអាជ្ញាធរ និងក្រុមហ៊ុនហើយក្នុងនោះអភិបាលក្រុង លោក ឃួង ស្រេង បានអះអាងនៅចំពោះមុខក្រុមអាជីវករដោយថា អាជីវករដែលលក់នៅខាងក្រៅ នៅតែអាចបន្តលក់ដូរជាធម្មតា បើទោះមានការអភិវឌ្ឍយ៉ាងណាក្តី។
អ្នកស្រីបន្តថានៅពេលមានការអះអាងយ៉ាងដូច្នេះ ក្រុមអាជីវករទាំងអស់ក៏បានឯកភាពគ្នាបញ្ឈប់ការតវ៉ាសិន និងបន្តសកម្មភាពលក់ដូរតាមធម្មតា ខណៈដែលការអភិវឌ្ឍផ្សារនេះនឹងចាប់ផ្តើមនៅដើមខែកញ្ញាខាងមុខ។ ប៉ុន្តែអ្នកស្រីនៅតែបារម្ភដោយខ្លាចមានការប្រែប្រួលក្នុងពេលខាងមុខ ព្រោះការអះអាងនេះពុំមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «យើងនឹងតវ៉ា បើការធ្វើ (ផ្សារ) ហើយគ្រប់គ្នាមិនបានចូលផ្សារនេះលក់វិញ ព្រោះខ្លាចគេដេញរាល់ថ្ងៃកំពុងតែភ័យដែរ។ អត់មានទំនុកចិត្តទេ ព្រោះគាត់អះអាងអត់មានលិខិតអីទេ»។
មិនខុសគ្នានេះដែរអាជីវករវ័យ ៤០ ឆ្នាំ ជាអ្នកលក់ខាងក្រៅផ្សារម្នាក់ទៀត ដែលគេហៅ ម៉ាក់ អាម៉ី បានប្រាប់ដែរថា ពួកអ្នកស្រីនៅតែបារម្ភ និងខ្លាចមានការបណ្តេញចេញនៅពេលណាមួយ ព្រោះតែការលក់នៅជុំវិញផ្សារមិនមានសុវត្ថិភាពនោះទេ អ្នកស្រីចង់ឲ្យមានការបញ្ជាក់ឲ្យច្បាស់ជាងនេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់កាលពីថ្ងៃទី ២៦ សីហា ថាមិនបានឃើញមានការលើកឡើងពីការបារម្ភរបស់អាជីវករទាំងលក់នៅក្នុង និងក្រៅផ្សារពេលមកជួបប្រជុំជាមួយនឹងអភិបាលរាជធានី។ ប៉ុន្តែពួកគេមានតែសម្តែងការរីករាយ និងទទួលយកគោលការណ៍ដោះស្រាយនោះ។
អ្នកគ្រប់គ្រងផ្សារស៊ិនជូរីផ្លាហ្សា ដែលគ្រាន់តែអះអាងថាមានឈ្មោះ ថុល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមអាជីវករនៅតែអាចបន្តលក់ជុំវិញផ្សារបាន ប៉ុន្តែនឹងមានការដោះដូរក្នុងពេលខាងមុខ ព្រោះតែការលក់របស់ពួកគាត់គឺនៅលើផ្លូវសាធារណៈ។ ទោះយ៉ាងណាលោកមិនអាចបញ្ជាក់នោះទេ ចំពោះវិធានការបន្ទាប់ជុំវិញដំណោះស្រាយទាំងនេះដោយបង្វែរសំណួរទៅកាន់សាលារាជធានីភ្នំពេញវិញ។
លោកបានបញ្ជាក់ថា៖ «នៅពេលគេធ្វើការអភិវឌ្ឍគឺគេព័ទ្ធដីទីតាំងផ្សារ ដូច្នេះពួកគាត់លក់ជុំវិញផ្សារនៅលក់ធម្មតាទៅ។ ដោយខ្ញុំគ្រាន់តែជម្រាបជូនអ៊ីចេះ ការសំណូមពរ និងការស្នើសុំរបស់អាជីវករគឺរដ្ឋាភិបាលទទួលយល់ព្រមអស់ហើយ។ ការងារនេះបានដាក់ស្នើទៅដល់សម្តេចយល់ព្រមអស់ហើយ គឺអាជីវករនៅលក់ជាន់ផ្ទាល់ដីនៅពេលគម្រោងផ្សាររួចរាល់»។
ផ្សារស៊ិនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យនឹងត្រូវអភិវឌ្ឍឲ្យទៅជាផ្សារទំនើបក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ អាជីវករក្នុងផ្សារនេះត្រូវបានចែកជា ២ ក្រុមគឺក្រុមអាជីវករដែលលក់ក្នុងផ្សារមានចំនួន ៣៤១ តូប និងក្រុមអាជីវករដែលគ្មានតូបលក់ជុំវិញផ្សារដោយមិនទាន់មានចំនួនច្បាស់លាស់ដូចជាអ្នកលក់បន្លែ ត្រី សាច់ អង្ករជាដើម។ ពួកគេត្រូវបានអាជ្ញាធររាជធានីអះអាងថាប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈរបស់រដ្ឋ ហើយការអភិវឌ្ឍនេះនឹងគ្មានការដោះស្រាយសំណងនោះទេ ដែលជាហេតុនាំឲ្យពួកគេប្រមូលផ្តុំគ្នាតវ៉ា៕