
សកម្មភាពតវ៉ារបស់អាជីវករកាលពីថ្ងៃច័ន្ទក្នុងខណ្ឌពោធិ៍សែនជ័យ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ម្ចាស់តូបលក់ដូរជាង ១០០ កន្លែងនៅក្នុងផ្សារឯករាជ្យ ២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ បានបន្តការលក់ដូរជាធម្មតាឡើងវិញ ក្រោយពីមានការតវ៉ាប្រឆាំងជាមួយម្ចាស់ផ្សារ ដែលបានបិទផ្សារថ្ងៃសម្រាកដែលថ្ងៃបុណ្យកំណត់ដោយរាជរដ្ឋាភិបាល។
លោក ចិត្រ តំណាងអាជីវករម្នាក់ក្នុងចំណោមអ្នកតំណាងផ្សេងទៀត បានថ្លែងប្រាប់ ភ្នំពេញ បុស្ដិ៍ កាលពីម្សិលមិញថា បន្ទាប់ពីមានការសម្របសម្រួលពីតំណាងអភិបាលក្រុង ភ្នំពេញ និងលោកអភិបាលខណ្ឌ ពោធិ៍សែនជ័យ ម្ចាស់ផ្សារឯករាជ្យ ២ បានយល់ព្រមឲ្យអាជីវករបើកដំណើរការលក់ដូរធម្មតាឡើងវិញជាបណ្ដោះអាសន្នសិន ដោយសន្យាថានឹងមិនបិទផ្សារនៅក្នុងថ្ងៃបុណ្យទៀតឡើយ។
លោក ចិត្រ ថ្លែងថា៖«ម្ចាស់ផ្សារបានយល់ព្រមបើកផ្សារឲ្យអាជីវករលក់ដូរវិញ ដោយឲ្យអាជីវករបង់ថ្លៃសេវាកម្មផ្សេងចំពោះការគ្រប់គ្រងផ្សារក្នុងតម្លៃ ២៥ ដុល្លារ ប៉ុន្ដែក្នុងអំឡុងការចរចារ។ គាត់មិនទាន់សន្យាថា ត្រូវឲ្យបើកដំណើរការបែបនេះរហូតទេ»។
លោក ចិត្រ បានអះអាងផងដែរថាភាគីម្ចាស់ផ្សារបានឲ្យដឹងថា នឹងចរចារលើកក្រោយទៀតនៅដើមឆ្នាំ ២០១៩។
បើតាមលោក ចិត្រ កាលមិនទាន់មានបញ្ហាកើតឡើងជាមួយម្ចាស់ផ្សារ ជាធម្មតាអាជីវករបានបើកដំណើរការ លក់ដូរនៅផ្សារនេះ ពេលព្រឹកបើកផ្សារនៅម៉ោង ៥ កន្លះព្រឹក និងបិទវិញនៅម៉ោង ៨ យប់ ប៉ុន្ដែ ក្រោយមានបញ្ហាម្ចាស់ផ្សារក៏បានបិទផ្សារក្នុងថ្ងៃឈប់សំរាក និងបើកដំណើរការផ្សារឲ្យអាជីវករលក់ដូរយឺតយ៉ាវដែលនាំឲ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករមិនអាចលក់ដូរបាន។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចូលរួមសម្របសម្រួលក្នុងបញ្ហានេះបានឲ្យដឹងថាម្ចាស់ផ្សារ តាមរយៈអ្នកដំណាងបានយល់ព្រមឲ្យអាជីវករលក់ដូរធម្មតាវិញ ដោយអ្វីៗត្រូវនៅដដែលសិន ចាំរហូតដល់ដាច់ឆ្នាំសិនបានចរចារបន្ដទៀត។
លោក ដារិទ្ធិ ថ្លែងថា៖«យើងនឹងរកនិតិវិធីបន្ដទៀតថា ត្រូវដោះស្រាយបែបណា»។
លោក ស៊ាង អ្នកតំណាងម្ចាស់ផ្សារមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
គួររំលឹកថា អាជីវករផ្សារឯករាជ្យ ២ ស្ថិតក្នុង សង្កាត់ ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យជាង ១០០ នាក់កាលពីថ្ងៃច័ន្ទ បាននាំគ្នា តវ៉ា បន្ទាប់ពីប្រធានផ្សារបិទទ្វារផ្សារ មិនឲ្យចូលលក់ដូរក្នុង ថ្ងៃបុណ្យ ដែលធ្វើឱ្យពួកគេមិនសុខចិត្តដោយសារខាតបង់ចំពោះការលក់ដូររបស់ពួកគេ។
តូបលក់ដូរក្នុងផ្សារនេះមានចំនួន១៧៦តូប ហើយមិនដឹងថា ថៅកែផ្សារមានផែនការយ៉ាងណា ចំពោះការរារាំងអាជីវករមិនឲ្យចូលទៅលក់ក្នុងផ្សារនាថ្ងៃបុណ្យដែលជាថ្ងៃមន្ត្រីរាជការកម្មកររោងចក្រឈប់សម្រាកនេះទេ ខណៈដែល តូបក្នុងផ្សារខាងលើបានលក់ឲ្យទៅអាជីវករអស់ហើយនោះ៕