ភ្នំពេញៈ អាជីវករដែលលក់នៅតាមចិញ្ចើមផ្លូវនៅផ្សារសេនជូរីផ្លាហ្សា កាលពីម្សិលមិញបានផ្ទុះការតវ៉ាជាថ្មី បន្ទាប់ពីពួកគេបានប្រមូលស្នាមមេដៃដាក់ជូនអាជ្ញាធរខណ្ឌ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យមានដំណោះស្រាយ ប៉ុន្តែអាជ្ញាធរអះអាងថាពួកគេលក់អនាធិបតេយ្យ និងមិនមានតូបត្រឹមត្រូវ ដូច្នេះគ្មានគោលការណ៍ក្នុងការដោះស្រាយជូននោះទេ។
លោក សុខ វណ្ណៈ អាជីវករផ្សារម្នាក់ឲ្យដឹងថា ក្រោយការប្រមូលស្នាមមេដៃពីក្រុមអាជីវករប្រមាណជាង ៣០០ នាក់ក្រុមអាជីវករក៏បានយកលិខិតទៅដាក់ជូនអភិបាលខណ្ឌមុននឹងឈានទៅដាក់លិខិតនេះជាផ្លូវការទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឲ្យជួយអន្តរាគមន៍។
លោកបន្តថានៅពេលដាក់លិខិត ក្រុមអាជីវករក៏បានជួបពិភាក្សាជាមួយអភិបាលខណ្ឌរងម្នាក់ដោយក្នុងការពិភាក្សានោះអាជ្ញាធរតម្រូវឲ្យក្រុមអាជីវករបញ្ជាក់លេខតូប និងអត្តសញ្ញាណឲ្យបានច្បាស់លាស់ ហើយក្នុងនោះក៏បានអះអាងថាតាមគោលការណ៍គឺការដោះស្រាយធ្វើឡើងចំពោះតែអាជីវករដែលមានតូបត្រឹមត្រូវប៉ុណ្ណោះ។ ចំពោះសំណើក្នុងការទាមទារកុំឲ្យមានការរុះរើផ្សារក៏អាជ្ញាធរមិនទទួលយកដែរ។ «ឲ្យពួកខ្ញុំកត់លេខតូបលេខអី ឲ្យបានច្បាស់លាស់ ក៏ប៉ុន្តែពួកខ្ញុំលក់នៅតាមចិញ្ចើមផ្លូវនេះមានលេខតូបច្បាស់លាស់មកពីណា? ដោយសារតែបែបនេះទើបអ្នកលក់នៅខាងក្រៅផ្សារផ្ទុះការតវ៉ាដោយសារតែថា ពួកយើងលក់អនាធិបតេយ្យ ហើយអត់មានតូប អត់មានដំណោះស្រាយ»។
អាជីវករផ្សារសេនជូរី ម្នាក់ទៀតអ្នកស្រី ម៉ាក់ អាម៉ី និយាយថាក្រុមអាជីវករទាំងអស់ ធ្វើការតវ៉ានៅពេលនេះក៏ព្រោះតែមិនចង់ឲ្យមានការអភិវឌ្ឍផ្សារនេះទៅជាផ្សារទំនើប។ អ្នកស្រីបន្តថាអាជីវករផ្សារភាគច្រើនសុទ្ធតែក្រីក្រ ហើយបើផ្សារនេះអភិវឌ្ឍក្លាយជាផ្សារទំនើប តើអាជីវករមានលទ្ធភាពឯណា ដើម្បីបន្តអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ។
ផ្សារសេនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ នឹងត្រូវអភិវឌ្ឍឲ្យទៅជាផ្សារទំនើបក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
លោក នួន ផារត្ន អភិបាលរងរាជធានីភ្នំពេញថ្លែងក្នុងសន្និសីទកាសែតពីម្សិលមិញថាលោកនឹងលើកយកសំណើទាំងនេះទៅថ្នាក់លើដើម្បីពិចារណា និងសម្រេច ខណៈលោកនៅតែអះអាងថាក្រុមអាជីវករភាគច្រើនដែលលក់នៅតាមចិញ្ចើមផ្លូវសុទ្ធតែលក់ខុសច្បាប់ដែលធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ៕