កំពតៈ អាជ្ញាធរខេត្តកំពតបានកាយអាចម៍ដីដែលត្រូវបានគេចាក់រំលោភចូលទៅក្នុងដៃព្រែកក្បាលរមាសដោយខុសច្បាប់ក្នុងស្រុកទឹកឈូ ចេញវិញបានប្រមាណ ៨៥ ភាគរយហើយ ខណៈសមត្ថកិច្ចកំពុងបន្តធ្វើការស៊ើបអង្កេតករណីលួចកាប់រានដីព្រៃកោងកាងនៅក្នុងស្រុកនេះ និងបានព្រមានចាត់វិធានការតាមច្បាប់ចំពោះជនប្រព្រឹត្តល្មើស។
អាជ្ញាធរខេត្តកំពតកាលពីពាក់កណ្តាលខែកញ្ញាបានបញ្ជាឲ្យមន្ត្រីជំនាញ យកគ្រឿងចក្រទៅកាយយកអាចម៍ដីដែលបានចាក់រំលោភចូលទៅក្នុងដៃព្រែកក្បាលរមាសជាប់នឹងផ្លូវជាតិលេខ ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូនោះចេញបន្ទាប់ពីរកឃើញថាបានចាក់រំលោភចូលទៅក្នុងព្រែកនេះដោយខុសច្បាប់។
លោក សូ ប៊ុនធឿន អធិការរងស្រុកទឹកឈូបានថ្លែងថា បន្ទាប់ពីទទួលបានបទបញ្ជានេះអាជ្ញាធរក៏បានកាយដីចេញពីព្រែកនោះវិញ ដែលរហូតមកដល់ពេលនេះនៅសល់ប្រមាណតែ ១៥ ភាគរយទៀតប៉ុណ្ណោះ ដោយបានប្រើគ្រឿងចក្រកាយមួយគ្រឿង និងឡានដឹកអាចម៍ដីជាច្រើនគ្រឿង។
លោកបានបញ្ជាក់ថា៖ «យើងកំពុងដំណើរការកាយចេញរាល់ថ្ងៃ បើគិតមកដល់ថ្ងៃនេះ គឺយើងបានចំណាយពេលកាយដីចេញរយៈពេល ៣ ថ្ងៃហើយ។ យើងនឹងធ្វើព្រែកនេះឲ្យដូចសភាពដើមវិញ ព្រោះបើកាយដីអស់ ប្រឡាយសងខាងហើយ និងផ្លូវនេះវានឹងនៅដដែល»។
ជាមួយនឹងការចាក់ដីលុបព្រែកក្បាលរមាសនេះដែរលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ដកំពតបានថ្លែងពីម្សិលមិញថា ការចាក់ដីចូលព្រែកនេះ ដោយសារតែម្ចាស់ដីចាក់ច្រឡំដីរបស់ខ្លួនដែលទទួលបាន ស.ជ.ណ ប៉ុន្តែត្រូវបានរដ្ឋាភិបាលមោឃភាពទៅហើយ។ លោក ធា មិនបានបញ្ជាក់ឲ្យដឹងនោះទេថា តើបុគ្គលដែលចាក់ដីលុបព្រែកក្បាលរមាសនោះ ជានរណាឡើយ។
ចំណែកករណីលួចកាប់ព្រៃកោងកាងជាច្រើនហិកតានៅតំបន់ឆ្នេរក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូនេះដែរលោក ស៊ុយ ធា បានអះអាងថា ជំនាញកំពុងបន្តចុះស៊ើបអង្កេតដោយមិនទាន់ទទួលបានរបាយការណ៍នៅឡើយ។ ប៉ុន្តែលោកបានព្រមានថា៖ «បើសិនជារកឃើញថាមានការកាប់បំផ្លាញព្រៃកោងកាងយើងនឹងអនុវត្តទៅតាមផ្លូវច្បាប់ ជាពិសេសគឺយើងនឹងអនុវត្តទៅតាមច្បាប់ជលផលដែលខាងជលផលជាអ្នកទទួលខុសត្រូវលើបញ្ហានេះ»។
កាលពីសប្តាហ៍មុន ប្រជាសហគមន៍ និងសង្គមស៊ីវិលក្នុងខេត្តកំពតបានរាយការណ៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា មានជនល្មើសមិនស្គាល់អត្តសញ្ញាណប្រមាណពី ៥ ទៅ ១០ នាក់តែងតែចូលលួចទៅកាប់ឆ្ការព្រៃកោងកាងធម្មជាតិ នៅពេលយប់ដែលមានសភាពស្ងប់ស្ងាត់អស់ជាច្រើនហិកតានៅតាមបណ្ដោយមាត់សមុទ្រ ថែមទាំងលួចធ្វើព្រំដីដោយមិនមានមន្ត្រីណាម្នាក់ដឹងឮនោះឡើយ។
យ៉ាងណាក្តីលោក ជាវ តាយ អភិបាលខេត្តកំពតបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ចំពោះករណីកាប់ឆ្ការរានព្រៃកោងកាងនេះ អាជ្ញាធរកំពុងមានវិធានការ និងធានាមិនឲ្យបុគ្គលណាធ្វើអំពើរំលោភដោយគ្មានវិធានការនោះទេ។
លោកបញ្ជាក់ថា៖ «យើងបានឲ្យក្រុមការងារដែលធ្វើការលើរឿងហ្នឹងធ្វើរបាយការណ៍ ដើម្បីដាក់ក្នុងអង្គប្រជុំគណៈអភិបាលដើម្បីរាយការណ៍ក្នុងពេលខាងមុខ។ យើងមានច្បាប់របស់យើង បើរកឃើញថាខុសច្បាប់ យើងធ្វើតាមច្បាប់»៕