ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បានប្រកាស​ជា​សាធារណៈ​ដល់​ពលរដ្ឋ​ដែល​បាន​សាងសង់​សំណង់​ប្រកប​អាជីវកម្ម​នៅលើ​ឆ្នេរ ពយ​យាយម៉ី​ និង​ឆ្នេរ​តា​បារាំង ដែលជា​ដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ក្នុងភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដោយ​ខុសច្បាប់​ត្រូវ​រុះរើ​ចេញ​នៅក្នុង​អំឡុង​ខែ​នេះ ដោយ​បានដាក់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ២៨ ខែកុម្ភៈ​។

សេចក្តីប្រកាស​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចេញ​ថ្ងៃទី​ ២ ខែកុម្ភៈ បានឱ្យដឹងថា​៖ «​ក្នុងករណី​មិន​រុះរើ​ទេ រដ្ឋបាលខេត្ត​នឹង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​សម្ភារ​ ឬ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​»​។

សេចក្ដីជូនដំណឹង​នេះ​បាន​ឱ្យ​ដឹងថា ពលរដ្ឋ​កំពុង​រស់នៅ និង​ប្រកប​អាជីវកម្ម​ត្រង់ចំណុច​ពយ​យាយម៉ី និង​ឆ្នេរ​តា​បារាំង ក្នុង​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដោយ​បាន​សាងសង់​អ្វីៗ​នៅ​ទីនោះ​គឺ​ស្ថិតនៅ​លើដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និង​សោភណភាព​ឆ្នេរ​។

លោក ឆាយ សុគន្ធដារ អភិបាលស្រុក​ស្ទឹងហាវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ស្រុក​ធ្លាប់​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​នៅ​តំបន់​នោះ ម្តង​រួចមកហើយ ប៉ុន្តែ​ពួកគាត់​មិន​សហការ​រុះរើ​ចេញ​ទេ ទើប​ស្នើសុំ​គោលការណ៍​ពី​រដ្ឋបាលខេត្ត​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយទៀត​។

លោក​ថ្លែង​ថា​៖ «​ការមាន​វិធានការ​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ចេញ​ពេលនេះ ដើម្បី​អាជ្ញាធរ​អាច​គ្រប់គ្រង និង​ការពារ​ឆ្នេរ​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យ​ពលរដ្ឋ​មាន​ការកាប់​ទន្ទ្រាន​គ្មាន​សណ្តាប់ធ្នាប់ ដែលនាំឱ្យ​ពិបាក​ក្នុងការ​អភិវឌ្ឍ​នៅពេល​ក្រោយ​»​។

អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួល​អង្គការ​អាដហុក​ថ្លែង​ថា អាជ្ញាធរ​គួរតែ​មាន​ការកំណត់​កន្លែង​ទេសចរណ៍ និង​កន្លែង​លក់ដូរ​ឱ្យ​ច្បាស់​៕