សៀមរាប: អាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធកំពុងស្វែងរកអត្តសញ្ញាណក្រុមជនសង្ស័យដែលបានលួចកាប់ដើមគ្រញូងមួយដើមក្នុងតំបន់អង្គរនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខណៈអាជ្ញាធរសម្រេចដឹកឈើនោះមករក្សាទុកនៅកន្លែងសុវត្ថិភាព។ នេះបើតាមលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាកាលពីម្សិលមិញ។
លោក ឡុង កុសល បានបញ្ជាក់ថាក្រោយទទួលបានដំណឹងពីពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់នោះ អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តសៀមរាបបានសម្រេចដកហូតឈើនោះមកទុក និងកំពុងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យទាំងនោះ។
លោកបន្តថា ដើមគ្រញូងនោះត្រូវបានជនមិនស្គាល់មុខលួចកាប់នៅយប់ថ្ងៃទី ៨ ខែសីហា។
លោកថា៖ «រហូតមកទល់ពេលនេះយើងនៅមិនទាន់កំណត់អត្តសញ្ញាណក្រុមជនសង្ស័យបានទេ ព្រោះពួកគេធ្វើសកម្មភាពពេលយប់អធ្រាត្រ ហើយមានភ្លៀងធ្លាក់ខ្លាំង។ អ៊ីចឹងធ្វើឲ្យពិបាកកំណត់អត្តសញ្ញាណ តែយ៉ាងណាយើងកំពុងធ្វើការងារនេះយ៉ាងមមាញឹកផងដែរ»។
លោក ស៊ិន ពិសី បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាដែលចុះផ្ទាល់ក្នុងប្រតិបត្តិការនេះបានឱ្យដឹងថា បន្ទាប់ពីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឈើគ្រញូងនោះត្រូវបានយកទៅរក្សាទុកនៅស្នាក់ការតំបន់ការពារឧទ្យានអង្គររបស់មន្ទីរបរិស្ថានខេត្តសៀមរាបនៅថ្ងៃទី ១០ ខែសីហា។
លោកថា៖ «ក្រោយដឹងហេតុការណ៍នៅយប់ថ្ងៃទី ៨ សីហាមកនោះភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ដោយបានប្រើកម្លាំងយាមល្បាតជាប់រហូត ព្រោះបារម្ភខ្លាចក្រុមជនខិលខូចចូលមកដឹកជញ្ជូនឈើដែលកាប់រួច»។
លោក ស៊ិន ពិសី បញ្ជាក់ថាឈើគ្រញូងនោះមិនធំប៉ុន្មានទេ គឺមានមុខកាត់ជិត ៤ តឹកបណ្តោយជាង ២ ម៉ែត្រ (កន្លែងមានតម្លៃ) ហើយត្រូវបានមន្ត្រីកាត់ជាកំណាត់ៗរួចដឹកមករក្សាទុកនៅស្នាក់ការមន្ទីរបរិស្ថានហើយ៕