សៀមរាបៈ អាជ្ញាធរខេត្តសៀមរាបកំពុងរៀបចំក្រុមការងារមួយ ដើម្បីចុះធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច អតីតយុទ្ធជនទំហំជាង ១ ៣០០ ហិកតាដែលមានទីតាំងស្ថិតនៅឃុំខ្នារសណ្ដាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខណៈដីតំបន់នេះមួយចំនួនកំពុងត្រូវបានកាន់កាប់ដោយគ្រួសារកងទ័ព។
លោក ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបថ្លែងកាលពីម្សិលមិញថា កាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣៣ កាត់ដីសម្បទានសង្គមកិច្ចទំហំ ១ ៣៦៩ ហិកតាដែលមានទីតាំងស្ថិតក្នុងតំបន់ខាងលើនេះសម្រាប់ផ្ដល់ប្រទានកម្មដល់សមាគមអតីតយុទ្ធជន ខេត្តសៀមរាបសម្រាប់ធ្វើការបែងចែកដល់អតីតយុទ្ធជនចំនួន ៦ ៥៤៦ នាក់ និងគ្រួសារអតីតយុទ្ធជនប្រមាណ ៣១៣ គ្រួសារទៀតដែលគ្មានផ្ទះស្នាក់នៅ និងដីសម្រាប់ធ្វើកសិកម្ម។
លោកថ្លែងថា៖ «កន្លងមកដីនោះ សមាគមអតីតយុទ្ធជនបានកាត់ដីនោះទំហំ ៣៨៥ ហិកតាផ្ដល់ជូនអតីតយុទ្ធជនចំនួន ១៥០ នាក់សម្រាប់បង្កបង្កើនផល ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដីដែលនៅសល់ត្រូវបានប្រជាពលរដ្ឋមួយចំនួនចូលរុករានធ្វើកសិកម្មជាបន្តបន្ទាប់ ដែលគិតរហូតមកទល់ពេលនេះអស់ជិត ៦០០ ហិកតា»។
បើតាមលោក ថុល កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំជាមួយសមាគមអតីតយុទ្ធជន ដើម្បីរិះរកមធ្យោបាយ និងនីតិវិធីដោះស្រាយបញ្ហាដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ដែលរងការរំលោភបំពាននេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាគ្រួសារកងទ័ពមួយចំនួនដែលរំលោភយកដីទាំងនោះប្រគល់ជូនមកសមាគមវិញ ដើម្បីទុកបែងចែកជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។
ជាមួយគ្នានេះលោក ស៊ិន ភាន់ មេបញ្ជាការសឹករងខេត្តសៀមរាប និងជាប្រធានសាខាសមាគមអតីតយុទ្ធជនខេត្តសៀមរាបថ្លែងថា ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានមកកាប់រានដីធ្វើកសិកម្ម ឬតាំងលំនៅរំលោភលើដីរបស់អតីតយុទ្ធជននាពេលកន្លងមក ហើយមិនព្រមប្រគល់ដីមកឲ្យសមាគមអតីតយុទ្ធជនវិញដោយស្ម័គ្រចិត្តទេនោះ សមាគមនឹងចាត់វិធានការទៅតាមច្បាប់។
លោកថា៖ «ជាការពិត យើងចង់ឲ្យពួកគាត់ [អ្នករំលោភយកដីសមាគម] មានការភ្ញាក់រឭក និងការទទួលខុសត្រូវលើសកម្មភាពរបស់ពួកគាត់ ដោយផ្ដល់ដីដែលពួកគាត់កំពុងរស់នៅ និងអាស្រ័យផលដោយខុសច្បាប់នោះមកឲ្យសមាគមយើងវិញដោយសន្តិវិធី ជាជាងការចាត់វិធានការរដ្ឋបាលដោយបង្ខំ»។
លោកបន្តថា ពេលនេះសមាគមអតីតយុទ្ធជនរួមទាំងក្រុមការងារនៃអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ស្រុកកំពុងចុះធ្វើបច្ចុប្បន្នភាព និងទទួលធ្វើការសម្របសម្រួលរកដំណោះស្រាយទៅតាមស្ថានភាពជាក់ស្ដែង។ ក្នុងករណីក្រុមការងារពិនិត្យឃើញថា គ្រួសារកងទ័ពដែលបាននិងកំពុងរស់នៅ និងអាស្រ័យផលរំលោភលើដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនជាគ្រួសារក្រីក្រពិតប្រាកដនោះ គឺក្រុមការងារនឹងផ្ដល់ដំណោះស្រាយជូនដីសម្បទានសង្គមកិច្ចដល់ពួកគាត់ទៅតាមគោលការណ៍របស់រដ្ឋ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា៖ «វានឹងមានផលប៉ះពាល់ជាអវិជ្ជមានខ្លះកើតឡើងក្នុងអំឡុងពេលចុះធ្វើបច្ចុប្បន្នភាព និងរកដំណោះស្រាយដកហូតយកមកវិញនូវដីសម្បទានសង្គមកិច្ចដែលរងការរំលោភនេះ ប៉ុន្តែបើយើងមិនប្រញាប់ធ្វើឲ្យរួចរាល់ទេ ការចូលទន្ទ្រាននឹងកើតមានកាន់តែច្រើនជាងនេះហើយវានឹងបង្កភាពស្មុគស្មាញកាន់តែខ្លាំង»។
លោកថ្លែងថា យោងតាមរបាយការណ៍ចុះអង្កេតរបស់ក្រុមការងារថ្នាក់ស្រុក អ្នកដែលបានចូលមកតាំងលំនៅ និងអាស្រ័យផលក្នុងគោលបំណងរំលោភយកដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនអស់រយៈពេលជាច្រើនឆ្នាំមកនេះមិនមែនសុទ្ធតែជាប្រជាពលរដ្ឋសាមញ្ញនោះឡើយក្នុងនោះក៏មានគ្រួសារកងទ័ពនៃកងពលលេខ ២ មួយចំនួនផងដែរហើយក្នុងនោះមានគ្រួសារកងទ័ពខ្លះបានតាំងលំនៅ និងកាន់កាប់ដីរហូតដល់ ៥ ហិកតា៕