កោះកុងៈ អាជ្ញាធរខេត្ដកោះកុងកំពុងចាត់មន្ដ្រីជំនាញឲ្យចុះពិនិត្យ និងស្វែងរកមុខអ្នកប្រព្រឹត្ដចំពោះការអះអាងដែលថាមានការឃុបឃិតគ្នាទិញ-លក់ដី នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរជាង ៤០ ហិកតាជាព័ត៌មានដែលអាជ្ញាធរមូលដ្ឋានបានបដិសេធ។
លោក សុខ សុទ្ធី អភិបាលរង និងជាអ្នកនាំពាក្យខេត្ដកោះកុងបានថ្លែងកាលពីថ្ងៃអាទិត្យថា ករណីទន្ទ្រានដីឧទ្យានជាតិស្ថិតនៅឃុំអណ្ដូងស្រុកបទុមសាគរ នាពេលថ្មីៗនេះកើតឡើងចំនួន ២ ករណី ករណីទី ១ មានបុគ្គលមួយចំនួនបានទៅឈូសឆាយដីព្រៃ ប៉ុន្ដែត្រូវបានអាជ្ញាធរចុះទៅហាមឃាត់រួចហើយ ចំណែកការកាប់ព្រៃទន្ទ្រានយកដីឧទ្យានជាតិផ្សេងទៀតជាង ៤០ ហិកតានោះ អាជ្ញាធរកំពុងស៊ើបអង្កេតនៅឡើយ។ លោកថាអាជ្ញាធរខេត្ដមិនទាន់មានព័ត៌មានពីមន្ដ្រីរដ្ឋបាល ឃុំ-ស្រុក បទុមសាគរនៅឡើយទេ ហើយលោកដឹងព័ត៌មាននេះពីអ្នកសារព័ត៌មាន។
លោកបញ្ជាក់ថា៖ «ខាងបរិស្ថានកំពុងតែសិក្សារកមុខជនប្រព្រឹត្ដឲ្យឃើញ។ ប្រសិនបើជាអញ្ញាតជនយើងនឹងរៀបចំប្ដឹងទៅតុលាការដូចដែលយើងធ្លាប់បានធ្វើកន្លងមកដែរ»។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងឲ្យដឹងថា ករណីរំលោភយកដីឧទ្យានជាតិបទុមសាគរខ្លះគឺជាករណីចាស់ដែលមន្ដ្រីបរិស្ថានបានចុះទៅពិនិត្យ និងកសាងសំណុំរឿង អញ្ញាតជនដាក់ទៅសាលាដំបូងខេត្ត។ ប៉ុន្តែលោកថា ករណីការទិញ-លក់ដីនៅតំបន់ឧទ្យានជាតិជាង ៤០ ហិកតានេះ លោកមិនបានដឹងទេ។
យ៉ាងណាក្តីលោកបញ្ជាក់ថា៖ «បើទោះជាមានការទិញលក់ដីនោះដោយបុគ្គល និងបុគ្គលក៏ទីតាំងដីនោះមិនអាចធ្វើការទន្ទ្រាន ឬអភិវឌ្ឍអ្វីបានទាំងអស់។ ព្រោះកំពុងស្ថិតនៅក្នុងដីដែលមន្ទីរបរិស្ថានមើលការខុសត្រូវ កំពុងតែធ្វើការថែរក្សាអភិរក្សរាល់ថ្ងៃ»។
ប៉ុន្តែលោក ទូ សាវុធ អភិបាលស្រុកបទុមសាគរថ្លែងថា ដីនៅចំណុចដែលក្រុមហ៊ុនទិញជាង ៤០ ហិកតានោះជាដីរបស់ពលរដ្ឋជាច្រើនគ្រួសារដោយក្រុមហ៊ុនឯកជនបានប្រមូលទិញពីប្រជាពលរដ្ឋគឺមិនមានអាជ្ញាធរមូលដ្ឋានណាទៅឃុបឃិតលក់ដីរដ្ឋនោះទេ។
លោកបន្តថា៖ «ពលរដ្ឋគាត់ទៅកាន់កាប់ដីនោះតាំងពីខ្ញុំមិនទាន់ទៅធ្វើជាអភិបាលស្រុកម្ល៉េះ។ ដូច្នេះក្រុមហ៊ុននោះគាត់ប្រមូលទិញពីពលរដ្ឋមានលិខិតស្នាមរបស់គាត់»។ លោកបញ្ជាក់ថាក្រោយពីក្រុមហ៊ុនប្រមូលទិញដីពីពលរដ្ឋរួចហើយ ក្រុមហ៊ុនក៏បានយកឯកសារទិញ-លក់នោះមកឲ្យរដ្ឋបាលឃុំ-ស្រុកបញ្ជាក់។ លោកថា ដីនៅក្នុងស្រុកបទុមសាគរគ្រប់ទីកន្លែងសុទ្ធតែស្ថិតក្នុងតំបន់ឧទ្យានជាតិ ព្រោះរដ្ឋមិនទាន់បានកាត់ឆ្វៀលចេញឲ្យចប់រួចរាល់នៅឡើយ។
តាមកិច្ចសន្យាលក់-ទិញដីជាង ៤០ ហិកតាដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃអាទិត្យឲ្យដឹងថាកាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ឈ្មោះ អ៊ឹម ច័ន្ទសោធន ភេទប្រុស សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតបានព្រមព្រៀងគ្នាលក់-ទិញដី ចម្ការមួយកន្លែងដែលបានកាន់កាប់តាំងពីឆ្នាំ ២០១៨ មានទីតាំងនៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរមានផ្ទៃដីទំហំ ៤១៦៨៦៥ ម៉ែត្រការ៉េឲ្យទៅក្រុមហ៊ុន ភ្យូឈ័រលែន អ៊ិនវេសមិន ដោយមានតំណាងក្រុមហ៊ុនឈ្មោះ លី ជីឆាយ ភេទប្រុស សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីបន្តកាន់កាប់។
តាមរយៈកិច្ចសន្យាទិញលក់ដដែលបានបង្ហាញការទទួលស្គាល់ការទិញលក់នេះពីអភិបាលស្រុកបទុមសាគរលោក ទូ សាវុធ លោក ពៅ ច័ន្ទថន ប្រធានការិយាល័យភូមិបាលស្រុកលោក ឃៀង យិង មេឃុំអណ្ដូងទឹក និងស្នាមផ្ដិតមេដៃភាគីទិញ-លក់ទាំង ២ ផងដែរ។
បើតាមពលរដ្ឋនៅខេត្ដកោះកុងម្នាក់ដែលបដិសេធបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា មេឃុំអណ្ដូងទឹកប្រធានការិយាល័យភូមិបាលស្រុកបទុមសាគរ នាយកឧទ្យានតំបន់ការពារ និងអភិបាលស្រុកបទុមសាគរបានឃុបឃិតគ្នាចុះហត្ថលេខាទទួលស្គាល់ការទិញលក់ដីរដ្ឋជាមួយជនខិលខូចយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ពលរដ្ឋរូបនេះអះអាងថា៖ «ខ្ញុំមិនដែលឃើញអាជ្ញាធរចុះពិនិត្យ ឬបង្ក្រាបហាមឃាត់បានជនខិលខូចណាម្នាក់ទេ។ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ទុកឲ្យសកម្មភាពរំលោភបំពានយកដីរដ្ឋបន្តកើតមានយ៉ាងអនាធិបតេយ្យ»។
លោក ប៊ី វ៉ាន់នី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តកោះកុងបានថ្លែងថាចាប់តាំងពីតម្លៃដីមានការឡើងថ្លៃ វិវាទដីធ្លី និងការទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិមានការកើតឡើងជាបន្តបន្ទាប់នៅខេត្ដកោះកុង។ លោកថា៖ «ការទិញ-លក់ដីឧទ្យានជាតិនេះគឺជាការខុសច្បាប់ទោះបីអាជ្ញាធរមូលដ្ឋានទទួលស្គាល់ចំពោះការទិញលក់ដីនោះក៏ដោយ»។
លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានថ្លែងកាលពីខែសីហាកន្លងទៅថា ការទន្ទ្រានកាន់កាប់ ការលក់ដូរ ឬការផ្ទេរដីក្នុងឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃគឺខុសច្បាប់។
លោកថ្លែងថា៖ «ដីតំបន់ការពារធម្មជាតិជាដីសាធារណៈរបស់រដ្ឋហើយការប្រើប្រាស់ការបែងចែក ឬធ្វើប្រទានកម្មដីក្នុងតំបន់ការពារធម្មជាតិ លុះត្រាតែមានការសម្រេចយល់ព្រមពីរដ្ឋាភិបាល។ ដូច្នេះគ្មានអ្នកណាម្នាក់អាចមានសិទ្ធិទន្ទ្រាន កាន់កាប់ លក់ ដូរ ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ឬបញ្ជាក់លើលិខិតស្នាមកាន់កាប់ ឬលក់ដូរដីក្នុងតំបន់ការពារធម្មជាតិបានឡើយ»៕