បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបងកំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងស្ដារអនាម័យបរិស្ថានផ្សារធំបាត់ដំបង ហៅ ផ្សារណាត់ ឡើងវិញបន្ទាប់ពីមានអគ្គិភ័យឆាបឆេះបណ្តាលមកពីការផ្ទុះឆ្លងចរន្តអគ្គិសនី ដែលបង្កឲ្យមានការខូចខាតតូបលក់ដូររបស់អាជីវករជិត ៨០ តូប។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីព្រលប់ថ្ងៃអាទិត្យផ្សារធំបាត់ដំបងដែលជាសំណង់បេតិកភណ្ឌដែលមានអាយុកាលជិត ១០០ ឆ្នាំត្រូវបានអគ្គិភ័យឆាបឆេះ។ ក្នុងនោះតូបលក់ដូររបស់អាជីវករចំនួន ៣៣ តូបដែលស្ថិតនៅផ្នែកខាងជើង និងខាងលិចនៃផ្សារនេះ ត្រូវបានឆេះខូចខាតទាំងស្រុង និង ៤៤ តូបទៀតបានរងផលប៉ះពាល់យ៉ាងដំណំ។
លោកបញ្ជាក់ថា៖ «អគ្គិភ័យនោះ ផ្ដើមចេញពីការផ្ទុះឆ្លងចរន្តអគ្គិសនីនៅក្នុងផ្សារ បង្កឲ្យមានការឆេះរាលដាលទៅលើតូបអាជីវករលក់គ្រឿងទេស និងចាប់ហួយ ចានឆ្នាំង និងសម្លៀកបំពាក់។ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ ឬស្លាប់អាជីវករ និងពលរដ្ឋណាម្នាក់ឡើយ»។
លោក សិទ្ធី បន្តថា មកទល់ពេលនេះក្រុមគណៈកម្មការចម្រុះនៅមិនទាន់ធ្វើការវាយតម្លៃអំពីទំហំនៃការខូចខាតសរុបនៃគ្រោះអគ្គិភ័យនេះនៅឡើយទេ ព្រោះក្នុងខណៈនេះក្រុមសមត្ថកិច្ចចម្រុះកំពុងរៀបចំសណ្ដាប់ធ្នាប់ និងស្ដារអនាម័យបរិស្ថាននៅក្នុងផ្សារឡើងវិញ ។
លោកបានថ្លែងថា៖ «កិច្ចការចំពោះមុខនៅពេលនេះគឺយើងត្រូវធ្វើអនាម័យនៅក្នុងផ្សារដើម្បីស្ដារបរិស្ថានឡើងវិញក្នុងនោះគឺយើងបានជួយរុះរើ និងដឹកចេញនូវកាកសំណល់ ដែលឆេះខូចខាតពីក្នុងផ្សារ និងរៀបចំសណ្ដាប់ធ្នាប់សន្តិសុខ ដើម្បីការពារអំពើចោរកម្មកើតឡើង ដែលនាំឲ្យអាជីវករកាន់តែខាតបង់ច្រើនថែមទៀត»។
ជាមួយគ្នានេះលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងដែលត្រូវបានចាត់តាំងជាប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអគ្គិភ័យនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា នៅពេលនេះក្រុមគណៈកម្មការបានសម្រេចធ្វើការរុះរើ តូបលក់ដូរ ដែលស្ថិតនៅអមជុំវិញផ្សារចេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតបរិស្ថាននៅក្នុងផ្សារឡើងវិញ។ លោកបញ្ជាក់ថា៖ «ទំនិញដែលបានឆេះខូចខាតបានបង្កជាក្លិនមិនល្អ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈដែលចាំបាច់ត្រូវធ្វើការសម្អាតអនាម័យជាបន្ទាន់»។
លោកបន្តថា ក្រៅពីការសម្អាតបរិស្ថាន ក្រុមគណៈកម្មការបានជំរុញឲ្យអាជ្ញាធរអគ្គិសនីខេត្តត្រូវចុះធ្វើការរៀបចំតភ្ជាប់ខ្សែបណ្ដាញអគ្គិសនីឡើងវិញឲ្យស្របតាមស្តង់ដាបច្ចេកទេស ព្រោះកន្លងមកការគ្រប់គ្រងខ្សែបណ្ដាញអគ្គិសនីនៅក្នុងផ្សារនេះ គឺគ្រប់គ្រងដោយផ្នែកឯកជន ដែលទទួលបានការដេញថ្លៃធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីបន្តពីរដ្ឋដែលធ្វើឲ្យការរៀបចំខ្សែបណ្ដាញអគ្គិសនីនៅក្នុងផ្សារនេះ មានលក្ខណៈ «រញ៉េរញ៉ៃ» ងាយនឹងមានការផ្ទុះឆ្លងចរន្តអគ្គិសនី។ ជាមួយគ្នានេះក្រុមគណៈកម្មការបានជំរុញឲ្យរដ្ឋាករទឹកខេត្តបាត់ដំបង ត្រូវសិក្សារៀបចំតបណ្ដាញផ្គត់ផ្គង់ទឹកឡើងវិញ ដោយត្រូវរៀបចំក្បាលប៉ុងទឹកនៅក្នុងផ្សារ និងជុំវិញផ្សារ ដើម្បីបង្ការពេលមានគ្រោះអគ្គិភ័យកើតឡើង។
លោកបន្ថែមថា៖ «ជាពិសេសនៅពេលនេះ ក្រុមគណៈកម្មការយើងបានសហការជាមួយមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តធ្វើការសិក្សាវាយតម្លៃអំពីផលប៉ះពាល់នៃគុណភាពសំណង់របស់ផ្សារនេះដើម្បីធ្វើការជួសជុលឡើងវិញឲ្យស្របតាមស្តង់ដាបច្ចេកទេស និងរចនាប័ទ្មនៃសំណង់បេតិកភណ្ឌសម័យបារាំង។ ផ្សារនេះសាងសង់ឡើងក្នុងឆ្នាំ ១៩៣៧ ដែលមកទល់ពេលនេះមានអាយុកាល ៨៣ ឆ្នាំហើយត្រូវបានចាត់ទុកជាសំណង់បេតិកភណ្ឌផងដែរ»។
លោកបានឲ្យដឹងទៀតថា ផ្សារនេះមានតូបលក់ដូរចំនួន ៥៥១ តូប និងរានលក់ដូរចំនួន ២១០។ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនៅក្នុងផ្សារនេះ សមត្ថកិច្ចបានប្រើប្រាស់ទឹកសរុបជាង ៤០ ឡាន ហើយប្រតិបត្តិការបានធ្វើឡើង ៣ លើកក្នុងនោះលើកទី ១ ចាប់ផ្ដើមពីម៉ោង ៥ និង ៣០ នាទីល្ងាច ដល់ម៉ោង ៨ យប់ថ្ងៃអាទិត្យ។
ប៉ុន្តែដោយសារគំនរអីវ៉ាន់ចាប់ហួយ គ្រឿងទេស និងសម្លៀកបំពាក់នៅឆេះងំខាងក្នុងនៅម៉ោង ១០ យប់ក៏ឆេះឡើងម្ដងទៀត ហើយកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅកន្លែងកើតហេតុបានពន្លត់ទៅវិញនៅម៉ោង ១០ និង ៣០ នាទីយប់។ លុះនៅវេលាម៉ោង ៣ ទៀបភ្លឺ ចូលព្រឹកថ្ងៃចន្ទ សមត្ថកិច្ចក៏ឃើញមានអណ្ដាតភ្លើងឆេះឡើងជាថ្មីម្ដងទៀតហើយក៏បានពន្លត់ឲ្យរលត់ទាំងស្រុងនៅម៉ោង ៣ និង ៣០ នាទី ព្រឹកថ្ងៃចន្ទ៕