បាត់ដំបងៈ ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាត់ដំបង ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​សំឡូត​កំពុង​សហការ​គ្នា​ស្រាវជ្រាវ​លើ​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ភ្នំ​ដោះ​ក្រមុំ​ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​តាសាញ ស្រុក​សំឡូត​កាលពី​ថ្ងៃទី​ ២៨ ​ខែ​ មករា​ ឆ្នាំ ២០២០ ដោយ​សង្ស័យ​ថា មាន​ជនខិលខូច​លួច​ដុត​ក្នុង​គោលបំណង​ចាប់​សត្វព្រៃ ឬ​ដើម្បី​វាត​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

លោក ពិត ភីរក្ស នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ភ្នំ​ដោះ​ក្រមុំ​នោះ បានកើត​ឡើង​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​មាន​ទំហំ​ធំ​ជាង​ឆ្នាំមុនៗ​ដោយ​ភ្លើង​បាន​ឆេះ​រាល​ពេញ​ទាំង​ភ្នំ​តែម្ដង​។

លោក​បញ្ជាក់ថា​៖ «​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ យើង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ថា បណ្ដាល​មកពី​អ្វី​នោះទេ​ប៉ុន្តែ​ជាទូទៅ​ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា​យើង គឺ​បណ្ដាល​មកពី​កត្តា​មនុស្ស​ដុត​ដើម្បី​ស្ទាក់ចាប់​សត្វព្រៃ ឬ​វាទ​យក​ដីព្រៃ​របស់​រដ្ឋ ឬ​អាច​បណ្ដាល​មកពី​ការបោះ​កន្ទុយបារី​ចូល​ទៅក្នុង​ព្រៃ​ដែល​មាន​ល្បះ​ ឬ​ស្មៅ​ងាប់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​»​។

លោក​បន្ថែម​ថា​៖ «​នៅពេលនេះ មន្ត្រី​យើង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្រាវជ្រាវ​លើ​ករណីនេះ​»​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​តាសាញ លោក ជួន ចាន់ថន អាយុ​ ៣៦ ​ឆ្នាំ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុនពេល​មាន​អណ្ដាតភ្លើង​ឆេះ​រាលដាល​ពេញ​ទាំង​ព្រៃ​ក្នុង​តំបន់​នោះ​គេ​ឃើញ​មាន​ផ្សែងហុយ​នៅ​ភាគ​ខាងលិច​ភ្នំ​ដោះក្រមុំ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ថា វា​នឹង​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ស្ទើរ​ឆេះ​ទាំង​ផ្ទះ​អ្នកភូមិ​នោះទេ​។

ចាន់ថន ​និយាយ​ថា​៖ «​អ្នកភូមិ និង​អាជ្ញាធរ​បាន​ឃើញ​ផ្សែងហុយ​ចេញពី​ក្នុងព្រៃ​ខាងលិច​ភ្នំ​តាំងពី​ម៉ោង​ជាង​ ១០ ​ព្រឹក​ម្ល៉េះ លុះដល់​ម៉ោង​ ៣ ​រសៀល ​ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆេះ​រាល​ឡើង​ទៅលើ​ភ្នំ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​ចាត់​វិធាន​ការបាញ់ទឹក​ពន្លត់​ ឬ​ទប់ស្កាត់​ការឆេះ​រាលដាល​បន្ត​ឲ្យ​បាន​ភ្លាមៗ​នោះ​ទេ រហូត​ភ្លើង​បាន​ឆេះ​ព្រៃ​ព័ទ្ធជុំវិញ​ទាំង​ភ្នំ​ និង​ស្ទើរ​រាលដាល​ដល់​សាលាស្រុក​សំឡូត​ទើប​សមត្ថកិច្ច​ចាត់​វិធាន​ការបាញ់ទឹក​ពន្លត់​»​។

លោក រីន ចរិយា អធិការរង​ស្រុក​សំឡូត​ទទួល​បន្ទុក​ផ្នែក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​ទីតាំង​ផ្នែក​ខាងលិច​ភ្នំ​ដោះក្រមុំ​នោះ​ជា​ព្រៃរបោះ គ្មាន​ផ្លូវចេញចូល​ទេ ដូច្នេះ​ក្រុម​ការងារ​របស់លោក​ក៏​មិនអាច​ចល័ត​រថយន្ត​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ ឬ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នោះ​បាន​ដែរ​។

ទោះ​ជា​បែបណា​កម្លាំង​របស់​លោក​បាន​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៣ ​គ្រឿង ចូល​ទៅ​ជើងភ្នំ​ប៉ែក​ខាងកើត ហើយ​បាញ់​ទឹក​ទប់ស្កាត់​ការឆេះ​រាលដាល​ដល់ផ្ទះ​អ្នកភូមិ និង​អគារ​រដ្ឋបាល​ស្រុក​សំឡូត​។

លោក រីន ចរិយា បាន​បញ្ជាក់​ទៀតថា​៖ «​បើតាម​ការ​ប៉ាន់​ប្រមាណ​ផ្ទៃដី​ព្រៃឈើ​ក្នុង​តំបន់​ភ្នំ​ដោះ​ក្រមុំ​នោះ​ទំហំ​ប្រមាណ​ជាង ១០ ​ហិកតា ប៉ុន្តែ​ភ្លើង​ឆេះ​ព្រៃ​នោះ វា​ឆេះ​តែ​ស្មៅ​ងាប់ៗ​ និង​កូនឈើ​តូចៗ​មួយ​ចំនួន​ប៉ុណ្ណោះ​»​។

លោក​បន្តថា​៖ «​បើទោះ​ជា​គ្មាន​ច្រក​ចូលទៅ​ទប់ស្កាត់​វាពី​ចំណុច​ដំបូង​ក៏ដោយ ក៏​ក្រុម​ការងារ​យើង បាន​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ និង​ទប់ស្កាត់​វា​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកភូមិ និង​គ្មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​»​។

ជាមួយ​គ្នា​នេះ​លោក គង់ មុនីច័ន្ទ នាយក​អង្គការ MJP ថ្លែង​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​ក្នុងស្រុក​សំឡូត​បាន​កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ដែល​ករណី​នេះ​ធ្វើឲ្យ​ព្រៃឈើ​មាន​ការលូតលាស់​មិនបាន​ល្អ​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទីជម្រក​របស់​សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ​។ យ៉ាងណា​ក៏ដោយ​ព្រៃ​ក្នុង​តំបន់ភ្នំ​ដោះ​ក្រមុំ​នោះ​ភាគច្រើន​ជា​ព្រៃរបោះ​ដែល​ងាយ​នឹង​លូតលាស់​ឡើងវិញ នៅពេល​មាន​ភ្លៀង​ធ្លាក់​។

បើ​យោងតាម​មាត្រា ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​ជន​ណា​លួច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ​ ដល់​ ១០ ​ឆ្នាំ​៕