បន្ទាយ​មានជ័យៈ អាជ្ញាធរ​​សង្កាត់​អូរ​អំបិលក្រុង​​សិរី​សោភ័ណមិន​អនុ​ញ្ញា​ត​ឲ្យ​ពលរដ្ឋ​រៀប​​ចំ​ពិធី​​ឧទ្ទិស​កុសល​រំឭក​​ខួប​​ ៣​ ឆ្នាំ​ នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី នោះ​ឡើយ បើ​សិន​មិន​បាន​សុំ​ច្បាប់​ត្រឹម​ត្រូវ។ តែ​ពលរដ្ឋ​ថា ការ​ហាម​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ផ្នែក​វប្បធម៌។

មនុស្ស​ចំនួន​ ២២ ​នាក់​ បាន​ផ្ដើម​គំនិត ​រៀបចំ​បុណ្យ​រំឭក​ខួប​ ៣ ​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី អ្នកវិភាគដែល​ត្រូវ​បានខ្មាន់​កាំភ្លើង​បាញ់​​សម្លាប់​ទាំង​ព្រឹក​ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ ​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​ កក្កដា ឆ្នាំ ២០១៦។

ពិធី​នេះ​គ្រោង​​ធ្វើ​ឡើង​នៅ​ផ្ទះ​លោ​ក សួន សៀប ក្នុង​ភូមិ​ព្រហូត សង្កាត់​អូរ​អំបិលក្រុង​សិរី​សោភ័ណ​។ ប៉ុន្តែ​គម្រោ​ង​នេះ ​ត្រូវ​បាន​រំសាយ​ពី​ទីតាំង​ខាង​លើ​ ដោយ​​​អាជ្ញាធរបាន​ប្រាប់​ពួក​គេ​ថា ពួក​​គេ​មិន​បាន​សុំ​ច្បាប់​តាម​នីតិវិធី​ជាមុន។

លោក សួន សៀប ដែល​ជា​ម្ចាស់​គេហដ្ឋាន​ និង​ជា​អ្នក​ផ្ដើម​បុណ្យ​​ម្នាក់​ថ្លែង​​ថា លោក​បាន​ទៅ​ជួប​​ចៅ​សង្កាត់​អូរ​អំបិល លោក ធូ ណាគ្រី​ តាម​ការអញ្ជើញ កាល​ពី​ព្រឹក​ម្សិល​មិញ ហើយ​លោក ណាគ្រី បាន​ប្រាប់​លោក​ថា អាជ្ញាធរ​​ឃុំ​ ឲ្យ​​លោក​សុំ​​ច្បាប់​រៀបចំ​ពិធី​រំឭក​នេះ។

លោក​និយាយ​ថា៖ «ខ្ញុំ​បាន​ទៅ​ជួប​គាត់​ហើយ គាត់​ឲ្យ​សុំ​ច្បាប់​ បើ​យើ​ងមិន​ធ្វើ​ច្បាប់​ទេ មិន​អាច​ធ្វើ​នៅ​ផ្ទះ​យើង​នៅ​អូ​រ​អំបិល​បាន​ទេ។ ច្បាប់​ធ្វើ​ត្រឹម​ឃុំ​នេះ។ តែ​កម្មវិធី​មក​ដល់​ថ្ងៃ​ស្អែក (ថ្ងៃ​នេះ) ដូច្នេះ​យើង​ធ្វើ​ច្បាប់​អត់​ទាន់​ទេ។ យើង​បាន​ជូន​ដំណឹ​ង​ពី​ម្សិល​ (ថ្ងៃ​ចន្ទ) តែ​ព្រឹក​មិញ​គេ​ហៅ​យើង​ឲ្យ​ធ្វើ​ច្បាប់​វិញ»។

លោក សួន សៀប បន្ត​ថា លោក​​មិន​សុំ​ច្បាប់​ទេ​ ដោយ​លោក​បាន​គិត​​​ទុក​​មុន​ថា អាជ្ញាធរ​នឹង​មិន​អនុញ្ញាត។ លោក​ថា​ លោក​បាន​ជូន​ពាក្យ​ទៅ​អ្នក​រៀបចំ​ពិធី​បុណ្យ​នេះ​រួច​ហើយ​ពី​ការ​​រំសាយ​កម្មវិធី ព្រោះ​មិន​មាន​កន្លែង។

លោក​បន្ថែម​ថា លោក​មិន​បាន​សុំ​ច្បា​ប់​ទេ​ ព្រោះ​ពិធី​ដែល​គ្រោង​នឹង​ធ្វើ​នេះ​ គឺ​ជា​ការ​រៀបចំ​សូត្រ​មន្ត​បន្តិច​បន្តួច​ដោ​យ​គ្មាន​ការ​បំពង​សំឡេង។ លោក​បន្ត​​ថា ​លោក​មិន​ប្រឆាំង​នឹង​អាជ្ញាធរ​ទេ សុខចិត្ត​រំសាយ​កម្មវិធី​នេះ។

ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ ពី​ចៅ​សង្កាត់​អូរ​អំបិលបាន​ទេ​កាល​ពី​ម្សិល​មិញ។ ​ប៉ុន្តែលោក ហ៊ឹល រ៉ាយ៉ា អភិបាល​ក្រុង​សិរីសោភ័ណ ថ្លែ​ង​ថាលោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀ​ប​ចំ​ពិធី​បុណ្យ​នេះ​ទេ​ ដោយ​សារ​តែ​អ្នក​រៀប​ចំ​កម្មវិធី​ មិន​បាន​ស្នើសុំ​តាម​ច្បាប់ ប៉ុន្តែ​បែ​រជា​ទៅ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ទៅវិញ។​

លោក​ថ្លែង​ថា៖ «ក្នុង​នាម​គា​ត់​ជា​ប្រជាពលរដ្ឋ​ម្នាក់ គាត់​បែ​រជា​ប្រើ​លិខិត​ «សេចក្ដី​ជូន​ដំណឹង» ធ្វើ​ជា​លក្ខណៈ​សុំ​ច្បាប់ អ៊ីចឹង​គាត់ (ឃុំ) ហៅ​មក​សួរ​នាំ​លើ​រឿង​នេះ។ សេចក្តី​ជូន​ដំណឹង​ ជា​នីតិវិធី​សម្រាប់​តែ​អាជ្ញា​ធរ​ទេ​ គឺ​ជូន​ដំណឹង​ទៅ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ក្រោម»។

លោក​​ថា៖ «អាជ្ញាធរ​ អត់​មាន​ហាម​ឃាត់​ទេក្នុង​នាម​ប្រជា​​ពលរដ្ឋ​ម្នាក់​ ប៉ុន្តែ​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​គាត់​ដាក់​ពាក្យ​សុំ​ច្បាប់​តាម​នីតិវិធី​ម​ក​មិន​មែន​សេចក្តី​ជូន​ដំណឹង​មក​អាជ្ញា​ធ​រ​​ទេ។ ទី២ អត់​​ឲ្យ​ធ្វើ​អី ឬ​ថ្លែង​សារ​ពាក់​ព័ន្ធ​នយោបាយ​ទេ​ ព្រោះ​ការងារ​នេះ ​ធ្វើ​ឡើង​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់»។

ប៉ុន្តែ​ការ​ស្នើ​ឲ្យ​សុំ​ច្បាប់​នេះ​ត្រូវ​​បាន​លោក ឌិន ពុទ្ធិ ដែល​ជា​អ្នក​ផ្ដើមពិធី​បុណ្យ​ម្នាក់​​ យល់​ឃើញ​ថា​ ​ជា​ការ​រឹត ត្បិត​សិទ្ធិ​​ផ្នែក​​វប្បធម៌​របស់​មនុស្ស។

លោក​​ថា៖ «តាម​ពិត​នេះ​ជា​កា​របិទ​សិ​ទ្ធិ​សេរីភាព សូម្បី​តែ​ធ្វើ​បុណ្យ​មិន​បាន​ចប់​ហើយ។ តាម​ទម្លាប់​មិន​ដែល​មាន​អ្នក​ណា​ទៅ​សុំ​ច្បាប់​ធ្វើ​បុណ្យ​ធ្វើ​ទាន ព្រោះ​វា​ជា​ទំនៀម​ទម្លាប់​ប្រពៃ​ណីទៅ​ហើយ។ បើ​ធ្វើ​បុណ្យ​គ្រប់​គ្នា​យើ​ង​សុំ​ច្បាប់​គ្រប់​គ្នា​អ៊ីចឹង​វា​ចូល​លក្ខណ:​​ប្រទេស​មួយ​មិន​ប្រជា​ធិប​តេយ្យ បើ​ឲ្យ​សុំ​ច្បាប់​គ្រប់សព្វ​បែប​យ៉ាង»។

លោក ស៊ុំ ចាន់គា មន្ត្រី​​ស៊ើប​​អង្កេត​​នៃ​​សមាគម​​សិទ្ធិ​មនុស្ស​​អាដហុក ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​ថា វា​ជា​រឿង​ចម្លែក​ដែល​​អាជ្ញាធរ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​បែប​នេះ​​ក្នុង​របប​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា៖ «នៅ​ក្នុង​កម្មវិធី​ មិន​ឃើញ​មាន​សារ​នយោបាយ​អី​ទេ។ យើង​គិត​ថា​ មិន​គួរ​ណា​រឹត​ត្បិត​។ ការធ្វើ​អ៊ីចឹង​ គឺ​ជា​ការ​ប្រឆាំង​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទាក់​ទ​ង​​នឹង​សេរីភាព​នៃ​ការ​ធ្វើ​បុណ្យ (វា​ជា)​ការ​ប្រឆាំង»។

លោកបន្ត​​ថា៖«បើ​សិន​ជា​ចលនា​អបគមន៍​ដើម្បី​វាយ បង្កើត​ក្រុម​ភេរវកម្ម ធ្វើ​ឲ្យ​ផ្ទុះ​គ្រាប់​បែក​អាហ្នឹង​បាន​គួរ​ឲ្យ​ភ័យ»៕