ភ្នំពេញៈ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​សិក្សា​កំណត់​អត្តសញ្ញាណ​លើ​ការដាំដុះ​ដំណាំ​ជាក់ស្តែង និង​ការទន្ទ្រាន​កាន់កាប់​ដីដុះ​របស់​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិ​ជ្រោយអំពិល​ ១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រយៈពេល​ ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៣១ ខែមីនា ដល់​ថ្ងៃទី​ ២ ខែ មេសា ឆ្នាំ​ ២០២១​។

យោងតាម​សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ដោយ​លោក​ ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឱ្យ​ដឹងថា ការចុះ​សិក្សា​ស្រាវជ្រាវ​នេះ ផ្អែក​តាម​មាត្រា​ ១៨២ នៃ​ក្រមរដ្ឋប្បវេណី ឆ្នាំ​ ២០០៧ ដែល​បាន​បញ្ជាក់ថា ដីដុះ​ត្រូវ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​។

ផ្អែកលើ​ក្រមរដ្ឋប្បវេណី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ចាត់វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដីដុះ​ស្ថិត​នៅ​ទីតាំង​ខាងលើ​ [​នៅក្រោយ​វត្ត​ចំប៉ា​] ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ពាក់ព័ន្ធ​នឹង​ទីតាំង​ដីដុះ​នេះ រដ្ឋបាល​ខណ្ឌ​បាន​ពិនិត្យឃើញ​ថា​មាន​ផ្នែក​ខ្លះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ធ្វើការ​ដាំដុះ​បង្កបង្កើនផល​នៅ​រដូវ​ទឹក​ស្រក និង​ចំណែក​ដី​ខ្លះទៀត​មាន​អ្នកពាក់ព័ន្ធ​ខិលខូច​មួយចំនួន​បាន​ទន្ទ្រាន​កាន់កាប់​។ នេះ​បើតាម​ការបញ្ជាក់​របស់លោក​ ចេង មុនីរ៉ា​។

លោក​អភិបាលខណ្ឌ​អះអាង​ថា ករណី​នេះ​រដ្ឋបាល​ខណ្ឌ​ត្រូវតែ​ធ្វើការ​សិក្សា​លម្អិត ហើយ​ផុត​រយៈពេល​កំណត់​នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល ៣ ​ថ្ងៃនេះ​។ ក្រៅពីនេះ​រដ្ឋបាល​ខណ្ឌ​ពុំ​ទទួល​ស្គាល់​ការដាំដុះ​ដំណាំ​ផ្សេងៗ​លើ​ដី​ដុះ​របស់​ប្រជាពលរដ្ឋ​ឡើយ​។

លោក​ ចេង មុនីរ៉ា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ត្រី​របស់​លោក​កំពុង​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម​រយៈពេល​ ៣ ​ថ្ងៃ​ ពី​ចំនួន​ប្រជាពលរដ្ឋ​មាន​ប៉ុន្មាន​គ្រួសារ ដែល​បាន​ទន្ទ្រាន​លើដី​ដុះ និង​ដាំដុះ​ជាក់ស្តែង​នៅក្នុង​តំបន់​នេះ​។

លោក​ ចេង មុនីរ៉ា ថ្លែងថា​៖ «​ការកំណត់​អត្តសញ្ញាណកម្ម​នេះ​គឺ​ពិនិត្យ​ទៅលើ​ពលរដ្ឋ​ដែល​ពលរដ្ឋ​បង្កបង្កើនផល​របៀប​ម៉េច និង​កាន់កាប់​យ៉ាងម៉េច ទើប​យើង​ស្នើសុំ​គោលការណ៍​ទៅ​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ឃួង ស្រេង ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ដើម្បី​ដោះស្រាយ​»​។

លោកស្រី​ ម៉ុត ម៉ាលី មេភូមិ​ជ្រោយ​អំពិល​ ១ ថ្លែងថា គ្មាន​ប្រជាពលរដ្ឋ​ណាមួយ​បាន​ចូលទៅ​ទន្ទ្រាន​ដីដុះ និង​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​បាន​កាន់កាប់​បង្កបង្កើនផល​ដាំដំណាំ​នៅលើ​ដីដុះ​នេះ​ចាប់តាំងពី​ឆ្នាំ​ ២០០៩​។

ទោះយ៉ាងណា លោកស្រី​ ម៉ុត ម៉ាលី ក៏ បាន​ចូលរួម​ជាមួយ​នឹង​មន្ត្រីរដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ក្នុង​ការចុះវាស់វែង និង​ត្រួតពិនិត្យ​ដីដុះ​នេះ​ ប៉ុន្តែ​មិនទាន់​មាន​លទ្ធផល​យ៉ាងណា​នោះទេ​ព្រោះ​ក្រុមមន្ត្រី​ទាំងនោះ​គ្រាន់តែ​បោះបង្គោល និង​បោះ​ព្រំដី​។

ជាមួយ​គ្នា​នេះ លោកស្រី​ក៏​មិនមាន​ព័ត៌មាន​ពី​ចំនួន​គ្រួសារ និង​ដីដុះ​ប៉ុន្មាន​ហិកតា ដែល​ពលរដ្ឋ​បាននិង​កំពុង​អាស្រ័យផល​លើដី​ដុះ​នេះដែរ​។ ប៉ុន្តែ​លោកស្រី​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ដាំ​ដំណាំ​ ១០ ​ម៉ែត្រ និង​អ្នក​ខ្លះទៀត​ ១៥ ​ម៉ែត្រ​ដែល​បាន​ដាំ​ប៉េងប៉ោះ ស្ទូងស្រូវ និង​ផ្លែ​ឃ្លោក ត្រឡាច និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​។

លោកស្រី​ថ្លែងថា​៖ «​ពលរដ្ឋ​មិនទាន់មាន ការតវ៉ា​ទេ រហូត​មក​ដល់​ពេល​នេះ ព្រោះ​ពួកគាត់​ដឹងខ្លួន​ថា ពួកគាត់​បាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​ ២០០៩ និង​ ២០០៨»​។

លោកស្រី​ សុខ ផាណៃ ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ជ្រោយអំពិល​ ១ និយាយ​ស្រដៀង​គ្នា​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​អាស្រ័យផល​ដាំ​ដំណាំ​ផ្សេងៗ​នៅលើ​ដីដុះ​នោះ តាំងពី​ឆ្នាំ​ ២០០៩ ដោយ​មិនមាន​ពលរដ្ឋ​ណាមួយ​ចូលទៅ​ទន្ទ្រាន​ដូច​ការចោទប្រកាន់​របស់​អាជ្ញាធរ​ឡើយ​។

លោកស្រី​និយាយ​ថា​៖ «​ដី​នេះ គឺជា​ដី​នៅក្នុង​ក្រុង​មិន​នៅក្នុង​ព្រៃ​ទេ និង​ពលរដ្ឋ​អាស្រ័យផល​យូរ​ឆ្នាំ​ហើយ​។ ចុះ​ហេតុអ្វី​អាជ្ញាធរ​ចោទ​ពលរដ្ឋ​ថា ចូលទៅ​ទន្ទ្រាន​ដូច្នេះ​។ ខ្ញុំ​មិន​យល់​ទេ​!»​។

ទោះជា​យ៉ាងណា​លោកស្រី​បញ្ជាក់ថា ដី​ដែល​ពលរដ្ឋ​អាស្រ័យផល​នេះ​មាន​ចំនួន​ជាង​ ៣០ ​ហិកតា​ ដែល​មិនមាន​បណ្ណ​កម្មសិទ្ធិ​ទេ និង​ពលរដ្ឋ​អាស្រ័យផល​ជាក់ស្តែង​ចំនួន​ ១៥០ ​គ្រួសារ​។ លោកស្រី​ស្នើឱ្យ​អាជ្ញាធរ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​កុំ​ឱ្យ​អ្នកនេះ ឬ អ្នកនោះ​ចោទ ឬ​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​៕