
អ្នកបន្ទោបង់តាមផ្លូវសាធារណៈត្រូវឃាត់ខ្លួនទៅអប់រំ។ រូបថត ខណ្ឌដូនពេញ
ភ្នំពេញៈ រដ្ឋបាលខណ្ឌដូនពេញកាលពីម្សិលមិញបានឃាត់ខ្លួនអ្នកបន្ទោបង់នៅតាមសួនច្បារ និងតាមចិញ្ចើមផ្លូវសាធារណៈបានចំនួន ១៣ នាក់ យកទៅធ្វើការអប់រំណែនាំ ដើម្បីកុំឱ្យប្រព្រឹត្តបែបនេះលើកក្រោយទៀត ព្រោះវាបង្កឱ្យមានក្លិនឆ្អេះខូចបរិស្ថាននៅតាមទីតាំងទាំងនោះ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញកាលពីម្សិលមិញបានចាត់ឱ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ បន្តចុះធ្វើសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣ នាក់ដែលបានឈប់យានជំនិះរបស់ខ្លួន ហើយទៅបន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ និងតាមទីសាធារណៈផ្សេងៗ។
លោក ពេញវុធ បានថ្លែងហើយត្រូវបានបង្ហោះនៅក្នុងផេចហ្វេសប៊ុករបស់សាលាខណ្ឌដូនពេញកាលពីម្សិលមិញថា៖ «ការបន្ទោបង់បែបនេះ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កឱ្យមានក្លិនឆ្អេះឆ្អាបដល់អ្នកធ្វើដំណើរ។ ភ្លាមៗនោះ កម្លាំងយើងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំនៅសាលាខណ្ឌដូនពេញ និងបានឱ្យពួកគាត់ធ្វើការបាញ់លាងសម្អាតកន្លែងដែលពួកគាត់បន្ទោបង់ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅវិញ»។
លោកអភិបាលខណ្ឌរូបនេះក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និងរកកន្លែង បន្ទោបង់ឱ្យបានត្រឹមត្រូវនៅបន្ទប់ទឹកសាធារណៈ ឬឯកជនចៀសវាងបង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណជនផងដែរ ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញបានសម្តែងការគាំទ្រ ដល់អាជ្ញាធរគ្រប់ខណ្ឌ មិនថា ខណ្ឌដូនពេញក្នុងការឃាត់អ្នកដែលបន្ទោបង់ គ្មានសណ្ដាប់ធ្នាប់បែបនេះដើម្បីយកមកអប់រំ ឱ្យបុគ្គលអ្នកប្រព្រឹត្តរាងចាល ហើយអាជ្ញាធរចាត់វិធានការនេះគឺជារឿងសមហេតុសមផលបំផុត។
លោកថ្លែងថា៖ «វាជារឿងទូទៅហើយ ដែលប្រជាពលរដ្ឋ គាត់បានគាំទ្រក្នុងការឃាត់ខ្លួនយកមកអប់រំ ឬពិន័យ ចំពោះការបន្ទោបង់គ្មានសណ្តាប់ធ្នាប់នេះ។ នេះជាការណែនាំរបស់អភិបាលរាជធានី ភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសឱ្យមានវិធានការបែបនេះ ព្រោះវាស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ មានសុវតិ្ថភាពពាក់ព័ន្ធនឹងអនាម័យ និងបរិស្ថានស្អាត»។
លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។
លោក សន ស៊ីនិត ប្រជាពលរដ្ឋម្នាក់នៅក្នុងរាជធានីភ្នំពេញនិយាយថា ការបន្ទោបង់នៅតាមទីសាធារណៈ ពិតណាស់វានឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសោភណភាពទីក្រុង ជាពិសេសអាចនឹងបង្កឱ្យមានធុំក្លិនឆ្អេះដល់សាធារណជនដែលធ្វើដំណើរឆ្លងកាត់។ ប៉ុន្តែលោកលើកឡើងថា មុននឹងមានវិធានការបែបនេះ អាជ្ញាធររាជធានីភ្នំពេញគួរតែរៀបចំសាងសង់បង្គន់សាធារណៈឱ្យបានច្រើននៅគ្រប់ទីកន្លែងសម្រាប់ឱ្យអ្នកធ្វើដំណើរតាមដងផ្លូវអាចបន្ទោបង់បានជាមុនសិន។
លោកបានបន្តថា៖ «ខ្ញុំយល់ឃើញថា វាប៉ះពាល់បរិស្ថាន និងក្លិនមិនល្អ នៅពេលដែលគាត់ទៅបន្ទោបង់បែបនេះ។ ប៉ុន្តែប្រហែលគាត់រកបង្គន់មិនឃើញ មិនមានបង្គន់ និងប្រញាប់ដឹកភ្ញៀវទើបគាត់បន្ទោបង់នៅតាមទីសាធារណៈបែបនេះ»។
ទោះជាយ៉ាងណាលោកថា ប្រសិនបើអាជ្ញាធរបានសង់បង្គន់សាធារណៈច្រើននៅគ្រប់ទីតាំងរួចហើយ ប៉ុន្តែអ្នកធ្វើដំណើរ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់៣នៅតែបន្តបន្ទោបង់នៅតាមទីសាធារណៈទៀតនោះចាំអាជ្ញាធរចាប់ផាកពិន័យ៕
វីដេអូ៖