ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ស្នើឲ្យ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​នានា ជួយ​រក​ការងារ​សមរម្យ​សម្រាប់​ស្ដ្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​វត្ដ​ភ្នំ ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​របរ​នេះ​ទៀត បន្ទាប់ពី​សមត្ថកិច្ច​ខណ្ឌ​ប្រមូល​ពួកគេ​បាន ៧ ​នាក់​។

នេះ​បើ​តាម​លោក យស យុទ្ធី អភិបាលរង​ខណ្ឌដូនពេញ​ដែល​បាន​ដឹកនាំ​កម្លាំង​ប្រជាការពារ​ខណ្ឌ​ចុះ​ប្រតិបត្តិការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ជុំវិញ​រមណីយដ្ឋាន​វត្តភ្នំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​។ លោក​ថា ការបង្ក្រាប​ស្ដ្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​នេះ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​បាន​ចុះ​ផ្ទាល់​ទាំងអស់​គ្នា​អង្កេត​តាមដាន​រហូត​ឈានដល់​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ចំនួន ៧ ​នាក់ ហើយ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរ​សង្គមកិច្ច​ទាំងយប់​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ថ្លែងថា​៖ «​ការបង្ក្រាប​ប្រមូល​ពួកគាត់ (​ស្ត្រី​រកស៊ី​ផ្លូវភេទ​) នេះ​ដោយសារ​មើល​ទៅ​ឃើញ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​វត្ដ​ភ្នំ​ធ្ងន់ធ្ងរ​ពេក គឺជា​កន្លែង​សក្ការៈបូជា និង​តំបន់​ទេសចរ​ជាតិ​អន្តរជាតិ​ទស្សនា​។ ប៉ុន្ដែ​ពួកគាត់​ទៅ​ឈរ​ក្រោម​ដើមឈើ​បក់ដៃ​ហៅភ្ញៀវ មើល​ទៅ​ពិតជា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ខ្លាំងណាស់​»​។

លោក យុទ្ធី ថ្លែង​ថា ​ក្នុង​ចំណោម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង ៧ ​នាក់​នេះ​ក៏​មាន​មួយចំនួន អាជ្ញាធរ​ខណ្ឌ​ធ្លាប់​ប្រមូល​ និង​ឲ្យ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​នេះ​ពី​ម្តង​ទៅ​ ២ ​ដង​ និង​បញ្ជូន​ទៅខាង​មន្ទីរ​សង្គមកិច្ច​រួចហើយ​ដែរ​។ ប៉ុន្ដែ​ក្រោយពេល​មន្ទីរ​សង្គមកិច្ច​ណែនាំ​តាម​បច្ចេកទេស​រួច​ក៏បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​មួយ​រយៈពេល​ខ្លី​ពួកគាត់​គ្មាន​ការងារ​ធ្វើ ក៏​មក​ប្រកបរបរ​នេះ​ដដែល​។

លោក​បាន​ស្នើថា​៖ «​ខាង​មន្ទីរ​គួរ​សហការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​រក​ការងារ​សមរម្យ​សម្រាប់​ពួកគាត់​ធ្វើ កុំឲ្យ​ពួកគាត់​ចេញ​មក​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​បែបនេះ​ទៀត​។ បើសិន​មិន​រក​ការងារ​ឲ្យ​ពួកគាត់​ធ្វើ​ទេ ពួកគាត់​ដូច​ចក​អណ្ដែត​ទឹក​អ៊ីចឹង​ចាប់​ថ្ងៃ​នេះ​បាន​មួយរយៈ​ពួកគាត់​ក៏​ត្រឡប់​មក​វិញទៀត​។ មន្ទីរ​សង្គមកិច្ច គួរ​ជួយ​ស្វែងរក​ការងារ​ឲ្យ​ពួកគាត់​ធ្វើ​ព្រោះ​មាន​ការងារ​ច្រើន​ណាស់ ដែល​ពួកគាត់​អាច​ធ្វើ​បាន​។ យើង​ចង់​កែតម្រូវ​ពួកគាត់​ឲ្យ​ដើរ​ទៅ​ផ្លូវ​ល្អ​វិញ​»​។

បើ​តាម​លោក យុទ្ធី សកម្មភាព​ប្រមូល​ស្ដ្រី​រកស៊ី​ផ្លូវភេទ​នៅ​រមណីយដ្ឋាន​វត្ដភ្នំ​នេះ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​ធ្វើ​ជាប្រចាំ​។ នាពេល​កន្លង​មក​អាជ្ញាធរ​ប្រមូល​ក្នុង​ ១ ​ថ្ងៃ​បាន​ពី ១០ ​នាក់​ទៅ​ ១៥ ​នាក់ ប៉ុន្ដែ​ឥឡូវនេះ​នៅ​សល់​តិចតួច​ទេ​។ លោក​បញ្ជាក់​ថា ការប្រកបរបរ​របស់​ស្ដ្រី​រកស៊ី​ផ្លូវភេទ​នេះ គឺ​មាន​មេខ្យល់​ជា​អ្នកដឹកនាំ សមត្ថកិច្ច​ក៏​កំពុង​តាម​ស្វែង​រកមុខ​មេខ្យល់​ផងដែរ​។

លោកស្រី មុំ ចាន់ដានី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយពី​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​បញ្ជូន​ស្ដ្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​មកដល់​មន្ទីរ​សង្គមកិច្ច បាន​ទំនាក់ទំនង​ស្វែងរក​គ្រួសារ​ពួកនាង និង​ហៅ​អ្នក​អាណាព្យាបាល​ពួកនាង​មក​ប្រឹក្សា​រួចរាល់​ទើប​បញ្ជូន​ពួកនាង​ទៅកាន់​គ្រួសារ​វិញ​។

លោកស្រី​ថ្លែង​​ថា​៖ «​អ្នក​ដែល​មាន​ក្រុមគ្រួសារ​ពិតប្រាកដ យើង​ប្រគល់​គាត់​ទៅ​ក្រុមគ្រួសារ​វិញ ដើម្បី​ជួយ​ដល់​ពួកគាត់ ចំពោះ​អ្នក​ដែល​មិន​មាន​ក្រុមគ្រួសារ​ពិតប្រាកដ យើង​ប្រគល់​ឲ្យ​ទៅ​អង្គការ​ដៃគូ​នានា ដើម្បី​ឲ្យ​ពួកគាត់​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ ជូន​ពួកគាត់​ឲ្យ​ពួកគាត់​មាន​បំណិន​ជីវិត​ទៅ​ថ្ងៃក្រោយ​»​។

ចំពោះ​ការលើកឡើង​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ​ដែល​ចង់​ឲ្យ​មន្ទីរ​សង្គមកិច្ច​ជួយ​ស្វែងរក​ការងារ​សមរម្យ​ដល់​ស្ត្រី​ទាំង​នេះ លោកស្រី​ ចាន់ដានី ​បញ្ជាក់ថា ការបញ្ជ្រាប​ចំណេះដឹង​ទាក់ទង​នឹង​តម្លៃ​នៃ​កម្លាំង​ពលកម្ម​ការងារ និង​ជំនាញ​វិជ្ជាជីវៈ បំណិន​ដល់​ស្ដ្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​គឺ​មាន​ការលំបាក និង​ត្រូវការ​ពេលវេលា​ច្រើន​ក្នុង​ការបញ្ជ្រាប​ដល់​ពួកនាង​។

លោកស្រី​ថា​៖ «​ជួនកាល​យើង​ពន្យល់​ណែនាំ​ពួកគាត់​ម្ដង ពួកគាត់​នៅ​មិនទាន់​យល់​យើង​ត្រូវ​បន្ត​ប្រឹក្សា​ដល់​ពួកគាត់​បន្ថែម​ទៀត រហូត​ដល់​ពួកគាត់​ព្រម​ទទួល​យក​ការផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បំណិន​ជីវិត​ថ្មី​សម្រាប់​ខ្លួន​ពួកគាត់​»​។

លោកស្រី ចាន់ដានី បញ្ជាក់​ថា ជំនាញ​វិជ្ជាជីវៈ​ដែល​អង្គការ​ដៃគូ​នានា​ផ្ដល់​ដល់​ស្ដ្រី​ប្រកបរបរ​រកស៊ី​ផ្លូវភេទ​មាន​ច្រើន​ប្រភេទ​គឺ​អាស្រ័យ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ដ ចំណេះ​ជំនាញ​របស់​ស្ត្រី​ទាំងនោះ​។ ប៉ុន្ដែ​ជាទូទៅ​អង្គការ​ដៃគូ មិន​ចង់​ឲ្យ​ពួកនាង​ចាប់យក​ជំនាញ​ដែល​លំបាកៗ​ពេក​នោះ​ទេ ដោយ​អង្គការ​បណ្ដុះបណ្ដាល​ជំនាញ​បែប​ងាយស្រួល និង​មាន​ទីផ្សារការងារ​ដល់​ពួកនាង​ដូចជា​ជំនាញ​ខាង​ផ្នែក អ៊ុតសក់ ធ្វើ​ក្រចក និង​រៀន​ធ្វើ​ម្ហូប​ជាដើម​៕