ភ្នំពេញៈ ​អាជ្ញាធរ​ខណ្ឌ​សែនសុខ បាន​ចុះ​បិទ​ទីតាំង​លក់​កាហ្វេ​មួយកន្លែង ឈ្មោះ​ លីហ័ង ​ស្ថិតនៅ កែង​ផ្លូវ​លេខ ២០១១ ភូមិ​ច្រេស សង្កាត់​គោកឃ្លាង និង​ឃាត់ខ្លួន​មនុស្ស ១១ នាក់ យកមក​អប់រំ និង​ចុះកិច្ចសន្យា​ដែល​មិន​គោរព​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក ហួរ ម៉េងវ៉ាង ​អធិការនគរបាល​ខណ្ឌ​សែនសុខ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ខែឧសភា នេះ​ថា បន្ទាប់ពី​ចុះ​បិទ​ទីតាំង​លក់​ខាងលើ និង​ឃាត់​មនុស្ស​ទាំង ១១ នាក់​នេះ យក​មក​អប់រំ​ណែនាំ​រួច​ហើយ​ឱ្យ​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលពី​ម្សិលមិញ។

លោក​ថ្លែងថា៖ «យើង​ណែនាំ​គាត់ កុំឱ្យ​លក់​ហៅ មនុស្ស​ឱ្យចូល​មក​អង្គុយ​ក្នុង​ហាង ដើម្បី​អង្គុយ​ញ៉ាំ​អី ប៉ុន្តែ​ឱ្យ​គាត់​ខ្ចប់​ជូន​ភ្ញៀវ»។

ទោះជា​យ៉ាងណា​លោក ហួរ ម៉េងវ៉ាង ​បញ្ជាក់ថា អាជ្ញាធរ​មិនបាន​ផាកពិន័យ​ពួកគាត់​នោះទេ ដោយ​គ្រាន់តែ​ណែនាំ អប់រំ និង​ចុះកិច្ចសន្យា កុំឱ្យ​ប្រព្រឹត្ត​ទៀត ហើយ​កិច្ចការ​នេះ អាជ្ញាធរ​ខណ្ឌ​សែនសុខ​នឹង​បន្តធ្វើ​រហូត​ដល់​មាន​ការចេញ​សារចរណ៍​ណែនាំ​ជាថ្មី​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ទើប​អាជ្ញាធរ​ឈប់​ធ្វើ។

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ទីតាំង​លក់​កាហ្វេ លីហ័ង ស្ថិតនៅ​កែង​ផ្លូវ​លេខ ២ ០១១ ភូមិ​ច្រេស ដែល​មិន​គោរព​ទៅតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ១១ នាក់ និង ម៉ូតូ​ចំនួន ៨ គ្រឿង។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២៨ ខែមេសា បានចេញ​សេចក្ដី​ណែនាំ​ឲ្យ​ផ្អាក​ចំពោះ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម ពាក់ព័ន្ធ​ផ្នែក​អាហារ-ភេសជ្ជៈ​គ្រប់​ប្រភេទ​ក្នុង​តំបន់​លឿង​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ហាម​ទទួលភ្ញៀវ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​លក់ដូរ​ជា​លក្ខណៈ​វេចខ្ចប់៕