អាជ្ញាធរ​ខេត្តកណ្តាល សម្រេច​បិទ​រោងចក្រ​ចំនួន ៤ ជា​បន្តបន្ទាប់ បន្ទាប់ពី​រកឃើញ​ថា មាន​កម្មករ​ជាង ៣០ នាក់​ធ្វើការ​ក្នុង​រោងចក្រ​ទាំងនេះ​ឆ្លង​ជំងឺ​កូវីដ ១៩ ខណៈ​អ្នកពាក់ព័ន្ធ​កំពុង​បន្ត​យក​សំណាក់។

លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា រោងចក្រ​ទាំង ៤ ដែល​បាន​បិទ​ជា​បន្តបន្ទាប់ គឺ​មាន​ចំនួន ២ ទីតាំង នៅក្នុង​ស្រុក​អង្គស្នួល និង ២ ទីតាំង​ទៀត ស្ថិត​នៅ​ស្រុក​ខ្សាច់កណ្តាល និង​ស្រុក​មុខកំពូល ដែល​សរុបទៅ​មាន​កម្មករ​កំពុង​ធ្វើការ​រាប់ពាន់​នាក់។

លោក​បញ្ជាក់ថា៖ «រោងចក្រ​ទាំង ៤ នេះ គឺមាន​កម្មករ តាមតិច​តាមច្រើន រោងចក្រ​ខ្លះ​មាន​ជាង ២ ពាន់ និង​ខ្លះ​មាន​ជាង ១ ពាន់ ខ្លះ​ក៏មាន ៣ ពាន់​សរុប​ទៅ​គឺ​មាន​ចន្លោះ​ពី ៩០០ នាក់ ទៅ​ ៣ ពាន់​នាក់​អី។ អ្នក​ដែល​រកឃើញ​កាលពី​យប់មិញ​ជាង ៣០ នាក់ យើង​បាន​បញ្ចូន​ទៅ​កន្លែង​ព្យាបាល​ហើយ»។

បើតាម​លោក គង់ សោភ័ណ្ឌ ចំពោះ​កម្មករ​ដទៃទៀត​គឺ​អាជ្ញាធរ​នឹង​បន្ត​យក​សំណាក់ ដើម្បី​ស្វែងរក​ជំងឺ​កូវីដ ១៩ និង​ឲ្យ​កម្មករ​ទាំងអស់​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ចៀសវាង​ចម្លង​ជំងឺ​នេះ​ទៅ​កាន់​អ្នកដទៃ​ និង​គ្រួសារ។

រោងចក្រ Six Plus ស្ថិត​នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល និង​រោងចក្រ ម៉ាស្ទ័រ & ហ្វរែង ខេមបូឌា ស្ថិត​នៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខណៈ ២ ទៀត​មិន​ទាន់​ស្គាល់ឈ្មោះ៕