
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នាពេលកន្លងមក។ រូបថត រដ្ឋបាលខេត្តកោះកុង
កោះកុងៈ អាជ្ញាធរខេត្តកោះកុងបាននិងកំពុងចុះស្រង់ស្ថិតិកំណត់អត្តសញ្ញាណប្រជាពលរដ្ឋប្រមាណជាង ១ ០០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដីធ្លីពីគម្រោងវិនិយោគក្រុមហ៊ុនចិនយូញៀន (UDG) នាពេលកន្លងមក ដើម្បីធ្វើការបែងចែកដីធ្លីចំនួន ៩ ៣០៦ ហិកតាដល់ពួកគាត់។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អាជ្ញាធរនៅតាមបណ្តាភូមិ ឃុំ បាននិងកំពុងចុះស្រង់ស្ថិតិ និងកំណត់អត្តសញ្ញាណចំពោះគ្រួសារដែលទទួលរងនូវផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀនដែលតាមការប៉ាន់ស្មាន មានពលរដ្ឋពី ១ ២០០ ទៅ ១ ៣០០ គ្រួសារ ស្ថិតនៅក្នុងស្រុកចំនួន ២ និង ៥ ឃុំ។
លោកថា៖ «យើងបានចុះស្រាវជ្រាវកំណត់អត្តសញ្ញាណពលរដ្ឋជាច្រើនលើកច្រើនសាមកហើយ និងបន្តចុះស្រាវជ្រាវទៀតដោយកាលពីលើកមុន ក្រសួងបានចុះស្រាវជ្រាវម្តង គាត់មានទិន្នន័យមួយហើយ ប៉ុន្តែគាត់ចង់បញ្ជាក់ជាមួយអាជ្ញាធរ ចំពោះទិន្នន័យហ្នឹងវាពិតប្រាកដ ឬមិនពិតប្រាកដ តែប៉ុណ្ណឹងទេ»។
លោក សុទ្ធី បន្តថាខេត្តគ្រាន់តែដើរតួនាទីជាអ្នកសិក្សា និងកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់អំពីប្រជាពលរដ្ឋដែលកន្លងមក ទទួលរងនូវផលប៉ះពាល់ ហើយការសម្រេចយ៉ាងម៉េចនោះគឺទុកជូនគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិដោះស្រាយ។
លោកបន្ថែមថា៖ «រហូតដល់ពេលនេះខេត្តមានទិន្នន័យបឋមរួចហើយ ប៉ុន្តែយើងមិនទាន់បែងចែកដីធ្លីជូនពលរដ្ឋនៅឡើយទេ ទុកឱ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីជាអ្នកដោះស្រាយ។ យើងចង់ឱ្យភូមិឃុំ បញ្ជាក់បន្ថែមទៀតហើយយើងទុកពេលឱ្យភូមិឃុំ ធ្វើការសិន ហើយនៅពេលដែលទទួលបានលទ្ធផលយើងនឹងជូនដំណឹងបន្ថែមទៀត»។
អ្នកស្រី សាំង ពុយ ពលរដ្ឋរស់នៅក្នុងឃុំកោះស្តេចដែលទទួលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូញៀនថ្លែងថា កាលពីពេលថ្មីៗនេះអាជ្ញាធរ ភូមិ ឃុំ បានចុះស្រង់ស្ថិតិ និងពិនិត្យលើគ្រួសារដែលទទួលរងផលប៉ះពាល់។
អ្នកស្រីថ្លែងថា៖ «អាជ្ញាធរកំពុងតែពិនិត្យ និងកំណត់អត្តសញ្ញាណលើគ្រួសារពលរដ្ឋដែលរស់នៅយូរ និងទើបរស់នៅ ហើយទទួលរងនូវផលប៉ះពាល់ជាមួយនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀននេះ»។ អ្នកស្រីបន្ថែមថា៖ «មកដល់ពេលនេះពលរដ្ឋមិនមានការតវ៉ាអ្វីនោះទេ គឺពួកគាត់កំពុងរង់ចាំលទ្ធផលនៃការដោះស្រាយរបស់អាជ្ញាធរខេត្ត និងថ្នាក់ជាតិ»។
លោក ថោង ច័ន្ទតារា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុងបានឱ្យដឹងថា ចំពោះការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមួយក្រុមហ៊ុន យូញៀន និងការបែងចែកដីនេះបើអាជ្ញាធរធ្វើប្រកបដោយតម្លាភាពមិនមានអ្វីជាបញ្ហានោះទេ ប៉ុន្តែបើធ្វើគ្មានតម្លាភាព ប្រជាពលរដ្ឋនៅតែរងគ្រោះដដែល ហើយអ្នកដែលរងគ្រោះជាក់ស្តែងមិនទទួលបានផលហើយបានទៅតែអ្នកដែលមានបក្ខមានពួកប៉ុណ្ណោះ។
លោកបន្តថា ម្យ៉ាងវិញទៀតតាមការសង្កេតជាក់ស្តែងអាជ្ញាធរមិនបានផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ពលរដ្ឋនោះទេ ពេលខ្លះពលរដ្ឋបានដឹងដំណឹងតគ្នា ហើយពេលខ្លះក៏ខាងអង្គការសង្គមស៊ីវិលបានផ្តល់ព័ត៌មានបានធ្វើឱ្យគាត់ទៅចុះបញ្ជី និងដាក់ពាក្យស្នើសុំកាន់កាប់ដីនៅតាមឃុំ-សង្កាត់ ហើយកន្លែងខ្លះទៀតពួកគាត់មិនបានដឹងទេ។
លោកថា៖ «យើងទទួលបានចម្លើយអវិជ្ជមានច្រើនជុំវិញកាត់ឆ្វៀលដីពីក្រុមហ៊ុនយូញៀននេះដោយសារតែប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំដីកាន់កាប់ បានតែដីរបស់រដ្ឋប៉ុន្តែសម្រាប់ដីរបស់ក្រុមហ៊ុនមិនអាចកាត់ឆ្វៀលបានទេ ព្រោះក្រុមហ៊ុនមានបណ្ណកម្មសិទ្ធិស្របច្បាប់របស់គេ»៕