កោះកុងៈ រដ្ឋបាល​ខេត្ដ​កោះកុង​ប្រកាស​ទុកជា​មោឃៈ​ និង​បដិសេធ​រាល់​ការទិញ-លក់​ដី​ទាំងអស់​ដែល​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់ និង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​តាមច្បាប់​ចំពោះ​អ្នកទិញ-លក់ដី​ដោយ​គ្រាន់តែ​ផ្ដិតមេដៃ​រវាង​អ្នកលក់ និង​អ្នកទិញ ដោយ​គ្មាន​ការពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ​របស់​មន្ដ្រី​ពាក់ព័ន្ធ​។

សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ដ​កោះកុង​ប្រាប់​បែបនេះ​ទៅ​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​កាលពី​ថ្ងៃទី​ ១៤ កក្កដា ក្រោយពី​ពេល​ថ្មីៗ​នេះ​នៅ​បណ្ដា​ភូមិ ឃុំ​មួយចំនួន ជាពិសេស​នៅ​ស្រុក​បទុមសាគរ កោះកុង គិរីសាគរ និង​ស្រុក​ថ្មបាំង​ព្រមទាំង​នៅ​តំបន់​ខ្លះទៀត​មាន​ការទិញ-លក់​ដី​នៅ​តំបន់​ការពារ​ធម្មជាតិ តំបន់​សហគមន៍ និង​ក្នុង​គម្រប​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​។

រដ្ឋបាល​ខេត្ដ​អះអាង​ថា​៖ «​ការទិញ-លក់​ដី​ដោយ​មិនមាន​ការចូលរួម​ចុះ​ពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ​របស់​មន្ដ្រី​ពាក់ព័ន្ធ និង​មន្ដ្រី​ភូមិបាល​នៃ​រដ្ឋបាល​ក្រុង ស្រុក ដោយ​គ្រាន់តែ​ផ្ដិតមេដៃ​រវាង​អ្នកលក់ និង​អ្នកទិញ​យ៉ាងនេះ​គឺជា​ទង្វើ​ខុសច្បាប់​»​។

រដ្ឋបាលខេត្ត​បញ្ជាក់ថា​៖ «​រដ្ឋបាល​ខេត្ដ​កោះកុង រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ នឹង​ចាត់ទុក​ជា​មោឃៈ និង​បដិសេធ​ចោល​នូវ​រាល់​ការលក់-ទិញ​ដីធ្លី​ទាំងអស់​ដែល​ពុំមាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់ និង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​»​។

លោក​ សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​ខេត្ដ​កោះកុង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រោយពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​ណែនាំ កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ប្រជាពលរដ្ឋ ជាពិសេស​ឈ្មួញ​ខិលខូច​មាន​ការឃុបឃិត ទិញ-លក់​ដី តែ​រវាង​បុគ្គល និង​បុគ្គល​ដោយ​មិនមាន​ការចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ណាមួយ​ឡើយ ដើម្បី​អះអាង​ទៅ​ថ្ងៃ​មុខ​ថា ដី​ទាំងនោះ​ជា​ដី​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​ក្រែង​ថ្ងៃក្រោយ​ទៅ​គាត់​អះអាងថា ដី​នោះ​ជា​របស់​គាត់ ព្រោះ​គាត់​ដើរ​ចង្អុល​ថា​ដី​នៅ​តំបន់​ឧទ្យាន​ជាដើម​នោះ​ថា ជា​របស់​គាត់​ហើយ​លក់​ទៅ​ឱ្យ​បុគ្គល​ម្នាក់​ទៀត ដោយ​មិន​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ទេ​»​។

លោក​ សុទ្ធី បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​ឈ្មួញ​ទាំងអស់​ប្រយ័ត្ន​មាន​ការស្ដាយក្រោយ​។ ព្រោះ​ការប្រកាស​របស់​រាជរដ្ឋាភិបាល​ក្នុង​ការស្រង់​ស្ថិតិ​ពលរដ្ឋ​ដើម្បី​បែងចែក​ដី​ជូន​នោះ​គឺ​សម្រាប់តែ​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​ប៉ុណ្ណោះ​។ មិនមែន​ចែក​ជូន​ដល់​ឈ្មួញ​ដី​ដែល​ដើរ​កំណត់​ការទិញ-លក់​ដី​របស់​រដ្ឋ​រវាង​បុគ្គល និង​បុគ្គល​ដោយ​ខុសច្បាប់​នោះទេ​។

មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​កោះកុង លោក​ ថោង ច័ន្ទតារា ​ឱ្យដឹងថា ក្នុង​ខេត្ដ​កោះកុង​មាន​ករណី​វិវាទ​ដីធ្លី​កើតឡើង​ច្រើន​។ មាន​ទាំង​វិវាទ​រវាង​​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ និង​វិវាទ​ចំពោះ​ការទិញ​លក់​ដី​តគ្នា​ដោយ​ពុំមាន​ឯកសារ​ជាក់លាក់​ជាដើម​។ លោក​ថា វិវាទ​ទាំងនេះ​មួយ​ចំនួន​នៅ​មិនទាន់​បាន​ដោះស្រាយ​រួចរាល់​នៅឡើយ​ទេ​។

លោក​ប្រាប់ថា​៖ «​ពលរដ្ឋ​មួយចំនួន ពួកគាត់​រស់នៅ​កាន់កាប់​លើដី​រដ្ឋ​នោះ​ជា​យូរណាស់​មកហើយ​។ អ្នកខ្លះ​រស់នៅ​តាំងពី​ឆ្នាំ ១៩៩០ ​ជាង​មក ប៉ុន្ដែ​អាជ្ញាធរ​មិនបាន​ចេញ​បណ្ណ​បញ្ជាក់​កាន់កាប់​ដី​ដល់​ពលរដ្ឋ​ទេ​។ ក្រោយ​​មក​ទើប​មាន​ភាគី​ផ្សេងៗ​បាន​ធ្វើ​បណ្ណ​កាន់កាប់​លើដី​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទាំងនោះ​។ ករណី​បែបនេះ គឺជា​បញ្ហា​ដែល​កើតមានឡើង​ច្រើន​ក្នុង​ខេត្ដ​​កោះកុង​។ ពលរដ្ឋ​ជា​អ្នករស់នៅ​ជាក់ស្ដែង​មួយចំនួន​ក៏​ធ្លាប់​រងគ្រោះ​រួចហើយ​ចំពោះ​ករណី​​បែបនេះ​»​។

លោក​ ច័ន្ទតារា បន្ថែម​ថា​ករណី​មួយ​ទៀត​ក៏​កើតឡើង​ច្រើន​ក្នុង​ខេត្ដ​កោះកុង​ដែរ គឺ​ករណី​ពលរដ្ឋ​ទទួល​បាន​ការវាស់វែង​ដី​ពី​ក្រុម​និស្សិត​ស្ម័គ្រចិត្ដ​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី ឆ្នាំ​ ២០១៣ មាន​បង្កាន់ដៃ​វាស់វែង​ដី​រួចហើយ​។ ក៏ប៉ុន្ដែ​ត្រូវ​បាន​មន្ដ្រី​បរិស្ថាន​ខេត្ដ​ប្ដឹង​ជំទាស់​មិន​ឱ្យ​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ដល់​ពលរដ្ឋ​ទៅវិញ​។

លោក​ ច័ន្ទតារា បញ្ជាក់ថា​៖ «​ក្នុង​ពេល​ថ្មីៗ​នេះ យើង​ឃើញ​មន្ដ្រី​របស់​រដ្ឋបាល​ខេត្ដ​កោះកុង​បាន​ចុះទៅ​ស្រុក​គិរីសាគរ និង​បទុមសាគរ ដើម្បី​ស្រង់​ស្ថិតិ​ពលរដ្ឋ ប៉ុន្ដែ​រហូត​ដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​លទ្ធផល​អ្វី​នៅឡើយ​ទេ​។ បើសិនជា​ចង់​មាន​តម្លាភាព​លុះត្រាតែ ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង​ត្រូវ​មាន​ការចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​នោះ​ត្រូវមាន​ទាំង​សង្គម​ស៊ីវិល​ចូលរួម​ផងដែរ​»​។

លោក​ ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ដ​កោះកុង​បាន​ឱ្យ​ដឹងពី​ម្សិលមិញ​ដែរ​ថា បន្ទាប់ពី​មាន​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្រុម​ការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ដ ពិសេស​ក្រុមការងារ​របស់​ក្រសួងបរិស្ថាន​កំពុង​ខិតខំ​ប្រញាប់​រៀបចំ​ក្រុមការងារ​ចម្រុះ ដើម្បី​ធ្វើយ៉ាងណា​អនុវត្ដ​តាម​អនុសាសន៍​ឱ្យ​បាន​ជោគជ័យ និង​ប្រសិទ្ធភាព​។

លោក​ ផល្លា បាន​ថ្លែងថា​៖ «​ចំពោះ​ការចុះ​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីព្រៃ​ដែល​ពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង គឺ​ក្រុមការងារ​ចម្រុះ​បាន​ចុះ​អនុវត្ដ​ជាក់ស្ដែង​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើយ៉ាងណា ដើម្បី​កំណត់​អត្តសញ្ញាណ​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​ការដោះស្រាយ​ជូន​ពលរដ្ឋ​។ ពេលនេះ​ក្រុម​ការងារ​កំពុងតែ​អនុវត្ដ​ការងារ​នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​»៕

វីដេអូ៖