កោះកុង អាជ្ញា​ធរ​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ​បាន​ថ្លែង​ថា គណៈ​កម្មាធិការ​​មួយ​​​ បាន​និង​កំពុង​ស៊ើប​អង្កេត​​​ការ​បូម​ខ្សាច់​លុប​​ពី​លើ​ ដើម​​កោង​កាង​​ខុស​ច្បាប់​​​ នៅ​ក្នុង​តំបន់​​សហគមន៍​ នៃ​ដែន​​​ជម្រក​សត្វ​ព្រៃ​ពាម​​ក្រសោប ប៉ុន្តែ​​​ក្រុម​មន្រ្តី​បាន​អះ​អាង​ថា ពួកគេ​ នៅ​មិន​ទាន់​ដឹង​ថា ​តើ​នរណា​នៅ​ពី​ក្រោយ​បទ​ល្មើស​នេះ​​ ទេ​ ​បើ​ទោះ​បី​ជា​​បាន​​ពិនិត្យ​ទីតាំង​នេះ​ដំបូង​តាំង​ពី​​​ខែ​ធ្នូ​។

លោក សុខ សុធី អភិបាល​រង​ខេត្ត​កោះ​កុង​ បាន​ថ្លែង​​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​​ថា ​ការ​បូម​ខ្សាច់​​​លុប​​​បំពេញ​តំបន់​​នេះ​​គឺ​ខុស​ច្បាប់​ ដោយ​សារ​ពួកគេ​ខ្វះ​​លិខិត​អនុញ្ញាត​​ ពី​ក្រសួង​រ៉ែ​និង​ថាម​ពល​ ​និង​ក្រសួង​បរិស្ថាន។

​លោក​បាន​ថ្លែង​ថា​៖ «​​រាល់​សកម្ម​ភាព​​​ទាំង​អស់​របស់​ពួក​គេ​​ បានបំពាន​ច្បាប់​»។ ​នៅ​ពេល​​ក្រោយ​មក​លោក​បាន​​​អះ​អាង​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា​ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​​ទេ។

ដី​ពីរ​ហិក​តា​ ដែល​ត្រូវ​​បាន​​បូម​ខ្សាច់​លុប​បំពេញ​​​គឺ​​ស្ថិត​នៅ​ក្នុង​​ដី​ចំនួន​ ១០៣៥​ ហិក​តា​​​ ដែល​ជា​តំបន់​សហគមន៍​​​ស្ថិត​នៅ​ក្នុង​​​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ក្រោម​​អនុក្រឹត្យ​​ឆ្នាំ​ ២០០៩​ ​ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​។

លោក Alex Gonzalez-Davidson ​ដែល​ជា​សហ​ស្ថាបនិក​​ នៃ​អង្គការ​មាតា​ធម្មជាតិ​ ​បាន​ថ្លែង​ថា ​ការ​អនុវត្ត​ការ​​បូម​ខ្សាច់​លុប​បំពេញ​​ព្រៃ​កោង​កាង​​​​គឺ​ដើម្បី​លក់​ព្រៃ​នោះ​នា​ពេល​បន្ទាប់​ ទៅ​អ្នក​ដេញ​ថ្លៃ​ខ្ពស់​ជាង​គេ​ ​បាន​កើត​ឡើង​ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​​ទោះ​យ៉ាង​ណា​ក្តី ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​ៗ​បំផុត​នេះ​ដែល​​គួរ​ឲ្យ​កត់​សម្គាល់​​​គឺ​​ថា វា​កំពុង​កើតឡើង​ នៅ​ក្នុង​​​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​​ ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​»។ «​...​​ចំពោះ​ថា​តើ​នរណា​នៅ​ពី​ក្រោយ ខ្ញុំ​ប្រាកដ​​ថា អាជ្ញា​ធរ​ដឹង​យ៉ាង​ច្បាស់​​​ថា​ នរណា​នៅ​ពី​ក្រោយ​​ ​ខណៈ​​កោះកុង​ទាំង​មូល​​ តែង​តែ​និយាយ​ប្រាប់​យើង​​អំពី​ឈ្មោះលោក ជា លាង​ហុង ប្រធាន​ក្រុម​ហ៊ុន KH Niron»។

លោក លាងហុង មិន​បាន​ឆ្លើយ​តប​​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​​។ ​នៅ​ពេល​លោក សុធី ត្រូវ​បាន​សួរ​​អំពី​​លោក លាង​ហុង លោក​បាន​បដិសេធ​ថា វា​ជា​«ពាក្យ​ចចាម​អារ៉ាម»​។ ​

​លោក សុខ សុខុម នាយក​អង្គការ​​ជាតិ​​ស្រាវ​ជ្រាវ​​កម្ពុជា​ បាន​ថ្លែង​ថា លោក​កំពុង​ប្រមូល​ឯក​សារ​​អំពី​ករណី​នេះ​ ហើយ​នឹង​បង្ហាញ​របាយការណ៍​របស់​លោក​នា​ខែ​ក្រោយ​​។

លោក​បាន​ថ្លែង​ថា លោក​គ្រោង​​​ស៊ើប​អង្កេត​ករណី​ដទៃ​ៗ​ទៀត​​ ពាក់​ព័ន្ធ​នឹង​​ការ​​រំលោភយក​តំបន់​​ព្រៃ​កោង​កាង​ក្នុង​ខេត្ត​កោះ​កុង​៕​ PS

រាយការណ៍​បន្ថែម​ដោយ​ Yesenia Amaro