
មន្ត្រីចុះពិនិត្យ និងដកចេញដើមឈើហូបផ្លែគេលួចដាំក្នុងឧទ្យានជាតិ។ រូបថត រដ្ឋបាលខេត្តកោះកុង
កោះកុងៈ អាជ្ញាធរខេត្តកោះកុងកំពុងចុះស្រាវជ្រាវស្វែងរកមុខសញ្ញា អ្នកដែលលួចចូលទៅដាំដើមឈើហូបផ្លែជាច្រើនដើមដោយខុសច្បាប់នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរស្ថិតនៅក្នុងភូមិជីត្រិះ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខណៈដែលអង្គការសង្គមស៊ីវិលអះអាងថា អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សអាចជាប់ពាក់ព័ន្ធក្នុងករណីនេះ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែវិច្ឆិកា ថា លោកស្រីបានបញ្ជូនមន្ត្រីឱ្យចុះទៅស៊ើបអង្កេតជុំវិញករណីមានអ្នកលួចចូលទៅដាំដើមខ្នុរ និងដើមដូងជាច្រើនដើម ដោយខុសច្បាប់នៅក្នុងបរិវេណឧទ្យានជាតិបទុមសាគរនោះហើយ បន្ទាប់ពីលោកស្រីទទួលបានសារប្តឹងពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកស្រីបន្តថា រហូតមកដល់ពេលនេះលោកស្រីមិនទាន់ទទួលបានរបាយការណ៍អំពីលទ្ធផលនៃការចុះស៊ើបអង្កេតពីមន្ត្រីនៅឡើយទេ។ លោកស្រីថ្លែងថា៖ «អ៊ីចឹងយើងចង់ដឹងពីករណីហ្នឹង ខ្ញុំក៏ឱ្យមន្ត្រីចុះស្រាវជ្រាវ បន្ទាប់ពីទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរហើយ ខ្ញុំនឹងបន្តឱ្យមន្ត្រីចុះស៊ើបអង្កេតរកមុខសញ្ញាឱ្យបានពិតប្រាកដដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងដែលបានចុះទៅត្រួតពិនិត្យផ្ទាល់ចំពោះករណីនេះឱ្យដឹងថា ក្រុមមន្ត្រីឧទ្យានជាតិបទុមសាគរបានដកចេញនូវដើមខ្នុរ ដើមដូង ដែលគេលួចដាំនោះ ប៉ុន្តែលោកមិនទាន់បានកំណត់មុខសញ្ញាខាងណាជាអ្នកដាំនោះទេ។ បើតាមការឱ្យដឹងពីឧទ្យានុរក្ស អ្នកដែលចូលទៅដាំដើមឈើហូបផ្លែនោះគឺជាប្រជាពលរដ្ឋដែលបានលួចដាំនៅពេលយប់ ហើយក៏មិនដឹងថា ពលរដ្ឋមកពីណានោះដែរ។
លោកបន្តថា ដីដែលគេបានដាំដើមដូង និងខ្នុរនេះត្រូវបានគេដាំចន្លោះឆ្ងាយៗពីគ្នា ហើយក៏ជាដីដែលមន្ត្រីបរិស្ថាន ធ្លាប់ដាំដើមឈើប្រភេទគ្រញូង និងដើមឫស្សីផ្អែមផងដែរ។ លោកបន្តថា៖ «ចំពោះបញ្ហានេះយើងមិនទាន់មានវិធានការថាដូចម្តេចនោះទេ យើងត្រូវមានការស៊ើបនៅពេលយប់ទៀត ព្រោះគាត់ដាំតែពេលយប់។ បើទោះបីមន្ត្រីឧទ្យានុរក្សរបស់យើងបានចុះតាមដាន និងត្រួតពិនិត្យដោយដាក់វេនគ្នាក្តី ប៉ុន្តែដីក្នុងឧទ្យានជាតិបទុមសាគរមានទំហំធំ យើងមិនអាចតាមដានគ្រប់ជ្រុងជ្រោយបានទេ»។
លោកបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួនមានចរិតខិលខូច ដោយឃើញដីទំនេរ ពួកគាត់ក៏ទៅដាំ បើទោះបីដឹងថា ដីនោះជាដីរបស់ឧទ្យានជាតិសម្រាប់អភិរក្ស។ បើទោះបីជាអាជ្ញាធរបានណែនាំ និងពន្យល់ជាច្រើនលើកច្រើនសាក៏ដោយក៏ពួកគេនៅតែមកទន្ទ្រានដដែល។
ចំពោះការចោទប្រកាន់ដែលថា មន្ត្រីឧទ្យានុរក្សគឺជាអ្នកលួចដាំដើមឈើហូបផ្លែទាំងនោះលោក អ៊ុក ភ័ក្ត្រា បានច្រានចោលដោយអះអាងថា មន្ត្រីទាំងនោះមានតែខិតខំដើរល្បាត និងដកដើមឈើដែលត្រូវគេលួចដាំនោះចេញ បន្ទាប់ពីលោកបានចុះពិនិត្យដោយផ្ទាល់។ លោកបន្ថែមថាលោកនឹងដាក់របាយការណ៍ពិស្តារទៅលោកស្រី មិថុនា ភូថង បន្ទាប់ពីប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
ចំណែកលោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងបានឱ្យដឹងថា តាមការសង្កេតមើលជាក់ស្តែងប្រជាពលរដ្ឋបាននាំគ្នាទៅដាំដើមដូង និងដើមខ្នុរ នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរនេះ ដើម្បីបានកាន់កាប់ដី ប៉ុន្តែមិនអាចធ្វើដូច្នេះបាននោះទេ ព្រោះមន្ត្រីបរិស្ថានបានទៅពិនិត្យ និងបានដកចេញជាច្រើនដើម។
លោកបន្តថា៖ «មន្ត្រីអនុរក្សរបស់យើង តែងតែចុះល្បាត និងបង្ក្រាប ប៉ុន្តែមិនអាចចាប់បាននោះទេ ព្រោះពលរដ្ឋបានធ្វើសកម្មភាពតែនៅពេលយប់»។ លោកបានព្រមានថា នៅពេលដែលសមត្ថកិច្ចរកឃើញជនទាំងនោះ គឺនឹងចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ព្រោះពួកគេរំលោភលើដីតំបន់អភិរក្សរបស់រដ្ឋ។
ប៉ុន្តែលោក ថោង ច័ន្ទតារា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុងបានថ្លែងថា លោកក៏បានទទួលព័ត៌មានជុំវិញករណីមានអ្នកលួចចូលទៅដាំដើមដូង ឬដើមខ្នុរ នៅក្នុងតំបន់ឧទ្យានជាតិបទុមសាគរនេះដែរហើយករណីនេះមិនមែនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាអ្នកធ្វើនោះទេ។
លោកអះអាងថា៖ «អ្នកមានអំណាច ឬអ្នកដែលមានលុយបានត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដូចជាស្រុក និងឃុំជាដើម រួមទាំងមន្ត្រីបរិស្ថាន ទើបអាចចូលទៅ (ដាំដើមឈើទាំងនោះ) កើត»។
លោកបន្ថែមថា៖ «ហើយប្រជាពលរដ្ឋធម្មតា គឺមិនមានហ៊ាននោះទេ ព្រោះថា មន្ត្រីបរិស្ថានបានចុះទៅត្រួតពិនិត្យ និងដើរល្បាតជាប្រចាំនៅក្នុងបរិវេណឧទ្យានជាតិនោះ។ ដូច្នេះនៅពេលរឿងហ្នឹងបែកការពួកគាត់ចោទពលរដ្ឋទៅវិញ»។
យ៉ាងណាក្តីលោក ម៉ម ផល្លា បានច្រានចោលការចោទប្រកាន់ដែលថា មន្ត្រីឧទ្យានុរក្ស គឺជាអ្នកជាប់ពាក់ព័ន្ធនឹងការលួចដាំដើមឈើហូបផ្លែទាំងនេះ។
លោកបានបញ្ជាក់ថា ការចោទប្រកាន់វាមិនមានមូលដ្ឋានច្បាស់លាស់នោះទេ ពីព្រោះតំបន់នេះគឺជាទីតាំងដែលក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តជាអ្នកអភិរក្ស ហើយជាក់ស្តែងនៅក្នុងការដាំដុះដើមឈើទាំងនោះត្រូវបានមន្ត្រីការពារបរិស្ថាន គឺជាអ្នកទៅដកចេញវិញផងដែរ។
បើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុងរូបនេះ ឧទ្យានជាតិបទុមសាគរមានផ្ទៃដីសរុបចំនួន ១៧ ពាន់ហិកតា ហើយគ្របដណ្តប់ទៅលើភូមិប្រជាពលរដ្ឋខ្លះដីសហគមន៍ខ្លះ និងដីអភិរក្សខ្លះដែលមានធនធានដូចជាព្រៃឈើ សត្វព្រៃ និងជីវចម្រុះជាច្រើនប្រភេទផ្សេងទៀត៕