កំពង់ឆ្នាំង/កណ្តាលៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​បន្ត​បិទខ្ទប់​ភូមិ​ឆ្នុកទ្រូ​ និង​ភូមិ​កំពង់ព្រះ ខណៈ​អាជ្ញាធរ​ខេត្តកណ្តាល​បន្ត​ផ្អាក​សកម្មភាព​អាជីវកម្ម​ផ្សារ​ស្អាង​ខាងជើង និង​ផ្សារ​គគីរ​រយៈពេល ១ សប្តាហ៍​ដូចគ្នា​បន្ថែមទៀត ដើម្បី​បន្ត​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ការបន្ត​បិទខ្ទប់​ភូមិ​ឆ្នុកទ្រូ និង​ភូមិ​កំពង់ព្រះ​នៃ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ ដែលជា​តំបន់​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ គិត​ចាប់ពី​ថ្ងៃទី ១២ ខែឧសភា​ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​ និង​ទប់ស្កាត់​ជំងឺ​នេះ​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត។

សេចក្តី​សម្រេច​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​ចុះ​ថ្ងៃទី ១១ ខែ​ឧសភា​បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញ និង​ចូល​ក្នុងភូមិ​ទាំង ២ នេះ។

ប៉ុន្តែ​ករណី​មួយចំនួន​ត្រូវ​បាន​លើកលែង​ដូចជា​ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ​ ឬ​គ្រឿងឧបភោគ​បរិភោគ​ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ការធ្វើដំណើរ​ដើម្បី​ទៅ​បង្ហាញខ្លួន​ឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើ​ការយក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ១៩ និង ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ តាម​កាលកំណត់។

ករណី​លើកលែង​ផ្សេងទៀត​រួមមាន​ការធ្វើដំណើរ​របស់​បុគ្គលិក​ពេទ្យ​ទាំង​ផ្នែក​រដ្ឋ​ និង​ឯកជន មន្ត្រីរាជការ​ក្រុម​ពន្លត់​អគ្គិភ័យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ដើម្បី​បំពេញ​បេសកកម្ម និង​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់ និង​បន្ទាន់​ផ្សេងៗ​ទៀត។

សេចក្តី​សម្រេច​នេះ​បញ្ជាក់ថា៖ «ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទខ្ទប់ ត្រូវបាន​ហាមឃាត់​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស​លើកលែង​តែ​ក្នុងករណី​ចាំបាច់»។

ករណី​ចាំបាច់​ដែល​លើកលែង​ទាំងនេះ រួមមាន​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​បុគ្គល​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ ក៏ដូចជា​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត។

លោក​ ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១២ ខែឧសភា​ថា ការបន្ត​បិទខ្ទប់​ភូមិ​ទាំង ២ នេះ ដោយសារ​អាជ្ញាធរ​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​កូវីដ១៩ មួយ​ចំនួន​បន្ថែមទៀត​ និង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នេះ​បន្តទៀត។

លោក​ថ្លែងថា៖ «អ្នកណា​ដែល​សង្ស័យ​អ្នក​ដែល​អាច​ជាប់​ពាក់ព័ន្ធ​ឱ្យ​គាត់​មក​យក​សំណាក ហើយ​ទន្ទឹមនេះ​អាជ្ញាធរ​ក៏បាន​ទៅ​ណែនាំ​អស់ហើយ​នៅ​ម្តុំ​ហ្នឹង»។

ជាមួយ​គ្នា​នេះ​ផងដែរ​អាជ្ញាធរ​ខេត្តកណ្តាល​ក៏បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ដំណើរការ​អាជីវកម្ម​ផ្សារ​ស្អាង​ខាងជើង​ ដែល​ស្ថិតនៅក្នុង​ឃុំ​ព្រែកគយ ស្រុក​ស្អាង​រយៈពេល ៧ ថ្ងៃ​បន្តទៀត គិត​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៨ ខែ​ឧសភា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ និង​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ឡើងវិញ​ឱ្យបាន​ល្អប្រសើរ​នៅ​ទីតាំង​លក់ដូរ​ក្នុង​ផ្សារ​នេះ។

សេចក្តី​សម្រេច​រដ្ឋបាល​ខេត្តកណ្តាល​ចុះ​ថ្ងៃទី ១១ ខែឧសភា​បញ្ជាក់ថា៖ «ក្នុងអំឡុងពេល​នៃ​ការបន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​បងប្អូន​អាជីវករ​ និង​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីតាំង​ខាងលើ​ត្រូវ​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ក្រុមការងារ​សុខាភិបាល​ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ និង​យក​សំណាក​ទៅធ្វើ​តេស្ត​ជាបន្ទាន់»។

ជាមួយ​គ្នា​នេះដែរ អាជ្ញាធរ​ខេត្តកណ្តាល​ក៏បាន​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ដំណើរការ​អាជីវកម្ម​ផ្សារ​គគីរ ដែល​ស្ថិត​នៅក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ រយៈពេល ៧ ថ្ងៃ​បន្តទៀត គិត​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៧ ខែ​ឧសភា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ឱ្យបាន​ល្អប្រសើរ​នៅ​ទីតាំង​លក់ដូរ​ក្នុង​ផ្សារគគីរ៕