កំពង់ឆ្នាំងៈ ក្នុងរយៈពេល ៣ ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានចាប់ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ និងរឹបអូសគ្រឿងចក្រជាច្រើនគ្រឿង ក្នុងបទល្មើសរុករានវាទយកដីព្រៃ និងដីវាល ទំនាបក្នុងតំបន់ហាមឃាត់ជាប់បឹងទន្លេសាបដោយខុសច្បាប់។
លោក ជិន សុផាត ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីវាលទំនាបលិចទឹក ក្នុងតំបន់ហាមឃាត់ជាច្រើនហិកតា ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ត្រូវបានប្រជាពលរដ្ឋមួយក្រុមលួចភ្ជួររាស់ ដើម្បីទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខុសច្បាប់ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងដែលរួមមានខណ្ឌរដ្ឋបាលជលផលខណ្ឌរដ្ឋបាលព្រៃឈើ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទាន់ពេលវេលា។
លោកថ្លែងថាកាលពីរសៀលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះសរុប ២៥ នាក់ បានចុះបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់ខាងលើ ហើយបានប្រទះឃើញជនសង្ស័យចំនួន ៤ នាក់ កំពុងប្រព្រឹត្តបទល្មើសភ្ជួររាស់ដីក្នុងតំបន់ហាមឃាត់ (ដីលិចទឹកក្នុងតំបន់ ៣) ហើយបានធ្វើការចាប់ឃាត់ខ្លួនពួកគេ និងរឹបអូសត្រាក់ទ័រម៉ាក KUBOTA ចំនួន ៣ គ្រឿង។
លោកបញ្ជាក់ថា៖ «ជនសង្ស័យនិងវត្ថុតាងត្រូវបានក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត»។
បើតាមលោក សុផាត នៅថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី ២ នៃយុទ្ធនាការបង្ក្រាបបទល្មើសរុករានដីព្រៃ និងដីវាលទំនាបលិចទឹក ក្នុងតំបន់ហាមឃាត់នេះកម្លាំងសមត្ថកិច្ចចម្រុះ បានបន្តចុះបង្ក្រាបនៅតំបន់ភូមិសាស្ត្រត្រពាំងតាយ៉ុត។
លោកបន្ថែមថា៖ «នៅថ្ងៃទី ២ នៃប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានចាប់ឃាត់គ្រឿងចក្រចំនួន ៣ គ្រឿង ដែលរួមមាន អេស្កាវ៉ាទ័រ ១ គ្រឿង អាប៊ុល ១ គ្រឿង និងរថយន្តសម្រាប់ដឹក (អេស្កា និងអាប៊ុល) ១ គ្រឿង ប៉ុន្តែអ្នកបើកបរគ្រឿងចក្រទាំងអស់ បានរត់គេចខ្លួន»។
លោក គង់ សំអុល អធិការរងស្រុកទឹកផុសដែលបានចូលរួមនៅក្នុងយុទ្ធនាការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដីព្រៃដែលក្រុមជនសង្ស័យបានប្រើគ្រឿងចក្រឈូសឆាយនេះមានទំហំប្រមាណ ៤០ ហិកតា។
ប៉ុន្តែលោក ថោង វ៉ាន់វីរ៉ា វុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងនិយាយថា៖ «មកទល់ពេលនេះ យើងនៅមិនទាន់ដឹងច្បាស់ ថាតើដីព្រៃដែលគេបានឈូសឆាយនោះ ស្ថិតក្នុងតំបន់គម្របដីព្រៃការពារឬយ៉ាងណានោះទេ ហើយយើងក៏មិនទាន់ដឹងថា វាមានទំហំប៉ុន្មានឲ្យជាក់លាក់ដែរព្រោះនៅមិនទាន់វាស់វែងនៅឡើយ។ នៅពេលនេះ យើងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់គ្រឿងចក្រ និងម្ចាស់ដី ដើម្បីធ្វើការសួរនាំ»។
បើតាមមន្ត្រីនគរបាលមូលដ្ឋានម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ម្ចាស់គ្រឿងចក្រឈ្មោះ ច្រឹក ជ្រឹង អាយុ ៥០ ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងជាអ្នកស៊ីឈ្នួលឈូសឆាយដីព្រៃ និងធ្វើផ្លូវ។
មន្ត្រីនោះបានប្រាប់ថា លោក ជ្រឹង ទទួលស៊ីឈ្នួលឈូសឆាយដីព្រៃនៅក្នុងតំបន់ខាងលើនោះឲ្យឧកញ៉ាម្នាក់ឈ្មោះ លឹម ទៀឡេង ហើយថា ដីនោះ លឹម ទៀឡេង បានទិញពីគ្រូបង្រៀនម្នាក់ឈ្មោះ ជុំ សារ៉េត ជាអ្នករស់នៅក្នុងស្រុកទឹកផុសនេះ។
កាលពីថ្ងៃអង្គារ លោក ជ្រឹង ថ្លែងថា លោកពិតជាអ្នករកស៊ីម៉ៅការឈូសឆាយធ្វើផ្លូវនិងឈូសឆាយដីព្រៃពិតមែន។
លោក ជ្រឹង បញ្ជាក់ថា៖ «ខ្ញុំពិតជាម្ចាស់គ្រឿងចក្រទាំងនោះ។ ខ្ញុំមិនបានរត់ការច្បាប់ ដើម្បីឈូសដីព្រៃនោះទេ ដោយសារតែលោកឧកញ៉ា ទៀឡេង គាត់អះអាងថា ជាដីរបស់គាត់ ដែលទិញពីប្រជាពលរដ្ឋនៅក្នុងស្រុកនេះ ដូច្នេះហើយទើបខ្ញុំមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន»។
ចំណែកលោក ជុំ សារ៉េត បានអះអាងថា ដីនៅក្នុងទីតាំងខាងលើនោះ មានទំហំ ៦០ ហិកតា ជាដីដែលលោកបានទិញពីប្រជាពលរដ្ឋចំនួន ៧០ គ្រួសារ ក្នុងអំឡុងឆ្នាំ ២០១៤ ហើយក្នុងឆ្នាំដដែលនោះ លោកបានលក់បន្តទៅឲ្យលោកឧកញ៉ា លឹម ទៀឡេង ប៉ុន្តែមិនទាន់ធ្វើលិខិតផ្ទេរសិទ្ធិដល់ថ្នាក់ស្រុក ខេត្តនោះទេ។
លោក សារ៉េត បញ្ជាក់ថា៖ «ដីនោះ គឺមានប្លង់កម្មសិទ្ធិស្របច្បាប់ពិតប្រាកដមែន ខ្ញុំលក់ឲ្យលោកឧកញ៉ា ទៀឡេង នៅឆ្នាំ ២០១៤ ដែលមានការដឹងឮត្រឹមភូមិ-ឃុំ ប៉ុណ្ណោះ»។
លោក លឹម ទៀឡេង ដែលប្រាប់ថា លោកកំពុងជាប់ធុរៈនាំម្ដាយរបស់លោកទៅព្យាបាល ជំងឺនៅឯប្រទេស ថៃ បានថ្លែងយ៉ាងខ្លីថា លោកនឹងនាំយកឯកសារទាំងអស់ទៅបំភ្លឺចំពោះមុខសមត្ថកិច្ច នៅពេលដែលលោកវិលត្រឡប់មកកម្ពុជាវិញ៕