កំពង់ធំៈ រដ្ឋបាលខេត្តកំពង់ធំត្រៀមដីសម្បទានសង្គមកិច្ចជិត ២ ពាន់ហិកតា ដើម្បីចែកជូនបងប្អូនអតីតយុទ្ធជន ដែលខ្វះខាតដីធ្លីពិតប្រាកដ និងមានដីតិចតួច។ ការបែងចែកដីនេះគឺក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចបង្កបង្កើនផលកសិកម្មជាលក្ខណៈគ្រួសារ។
អភិបាលខេត្តកំពង់ធំលោក សុខ លូ និងក្រុមការងារកាលពីសប្តាហ៍មុនបានចុះទៅពិនិត្យទីតាំងដីជាក់ស្តែង ដែលស្ថិតនៅភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីរៀបចំបែងចែកកំណត់ក្បាលដី និងចាប់ឆ្នោតយកដីឡូត៍ជូនអតីតយុទ្ធជននាពេលឆាប់ៗខាងមុខនេះ។
លោកអភិបាលខេត្តប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកបានត្រៀមដីសម្បទានសង្គមកិច្ចប្រមាណជា ៣០០ ហិកតា នៃផ្ទៃដីសរុបទំហំ ១ ៩៧៨ ហិកតាដើម្បីចែកជូនដល់អតីតយុទ្ធជនក្នុងដំណាក់កាលទី១។
លោកថ្លែងថា៖ «យើងមានដីសម្បទានសង្គមកិច្ចរួចហើយ សម្រាប់ត្រៀមចែកជូនបងប្អូនអតីតយុទ្ធជនដែលអត់ផ្ទះ អត់ដី។ តាមគម្រោងជាជំហានដំបូងយើងនឹងចែកជូនដល់ ១៥៣ គ្រួសារ នៅលើផ្ទៃដីជាង ៣០០ ហិកតាសិន»។
លោកបន្តថា៖ «ទម្រាំឈានដល់ដំណាក់កាលនេះ យើងបានធ្វើការងារច្រើន ក្រោមការចង្អុលបង្ហាញពីឯកឧត្តម គន់ គីម [អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា] ក៏ដូចជាសមាគមអតីតយុទ្ធជន»។
បើតាមអភិបាលខេត្តរូបនេះការបែងចែកចាប់ឆ្នោតយកក្បាលដីអាចប្រព្រឹត្តទៅនៅខែក្រោយនេះ ហើយក្នុង ១ គ្រួសារទទួលបានទំហំដីស្មើៗគ្នា។ ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំឭកដល់ពលរដ្ឋ និងឈ្មួញណាដែលនៅតែបំពានទន្ទ្រានយកដីនៅតំបន់នោះត្រូវដកខ្លួន ឬប្រគល់ជូនរដ្ឋវិញជាបន្ទាន់។
លោកបញ្ជាក់ថា៖ «កន្លងមក ដីនោះយើងបានកំណត់ជាដីសម្បទានសង្គមកិច្ចហើយ។ ប៉ុន្តែដោយសារយើងមិនទាន់បានបញ្ជូនគ្រឿងចក្រ ដើម្បីកាយព្រំដី ក៏មានប្រជាពលរដ្ឋមួយចំនួន និងឈ្នួញទន្ទ្រានរំលោភយកដីជាបន្តបន្ទាប់»។
លោក សុខ លូ បានគូសបញ្ជាក់ថា ការបែងចែកដីសម្បទានសង្គមកិច្ចនេះមិនមែនជាលើកទី១ ឡើយ ដោយកន្លងមក រដ្ឋក៏បានផ្តល់ដីសម្បទានសង្គមកិច្ចជារឿយៗ ចំពោះប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ មិនមែនចែកជូនតែអតីតយុទ្ធជននោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តកំពង់ធំ លោក សុក រដ្ឋា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សមាគមតែងតែគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ លោកចាត់ទុកការបែងចែកដីសម្បទានសង្គមកិច្ច ជាកត្តាមួយដ៏ល្អប្រសើរដែលរដ្ឋាភិបាលធ្វើការដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន។
លោកថ្លែងថា៖ «ដីសម្បទាននេះធ្វើឱ្យពួកគាត់ [អតីតយុទ្ធជន] មានដីសាងសង់លំនៅឋានពិតប្រាកដ ដើម្បីធ្វើស្រែ កសិកម្ម សម្រាប់គ្រួសារ ក៏ដូចជាការចូលរួមអភិវឌ្ឍនៅមូលដ្ឋានផងដែរ»។
ទោះយ៉ាងណាលោកក៏ជំរុញឱ្យរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដីសម្បទានក៏ដូចជាផ្តល់ដីដល់ប្រជាពលរដ្ឋ ដែលខ្វះខាតពិតប្រាកដ។
លោកបន្ថែមថា៖ «រដ្ឋគួរបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ទឹក អគារដ្ឋបាលសាធារណៈ និងប៉ុស្តិ៍សុខភាព ប៉ុស្តិ៍នគរបាលឱ្យបានត្រឹមត្រូវ ព្រោះវាជាតម្រូវការប្រចាំថ្ងៃដែលពលរដ្ឋទៅរស់នៅតំបន់នោះ ព្រោះពេលដែលគាត់ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ អ៊ីចឹងពួកគាត់ទៅរស់នៅក៏ពិបាកដែរ។ យើងក៏មានការបារម្ភក្រែងថា មុខសញ្ញាពលរដ្ឋក្រីក្រពិតប្រាកដ មិនទទួលបានដីសម្បទានសង្គមកិច្ចនោះ»។
បើតាមលោក សុខ លូ លក្ខខណ្ឌចំពោះអ្នកដែលទទួលបានដីសម្បទានសង្គមកិច្ចនេះនឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ លុះត្រាតែបងប្អូនប្រជាពលរដ្ឋទាំងនោះចូលទៅរស់នៅ និងអាស្រ័យផលលើដីនោះជាប់លាប់រយៈពេល ៥ ឆ្នាំឡើង។ សម្បទានដីសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/ និងធ្វើកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕