កំពង់ធំ៖ អាជ្ញាធរ​ខេត្ត​កំពង់ធំ​បើក​ផ្សារ​សេរីស្ទោង (ផ្សារ​ស្ទោង) និង​ភូមិ​លាបទង​ឡើង​វិញ ចាប់​ពី​ថ្ងៃទី ១០ ខែ​ឧសភា ដោយ​ហេតុ​ស្ថានភាព​ជំងឺ​កូវីដ ១៩ បាន​ធូរ​ស្រាល​បន្ទាប់​ពី​ផ្អាក និង​បិទ​ខ្ទប់​អស់រយៈ​ពេល​ជាង ១០ ថ្ងៃ។

រដ្ឋបាល​ខេត្ត​កំពង់​ធំ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី ៩ ខែ​ឧសភា​ថា៖ «ដោយ​ផ្អែក​តាម​ស្ថានភាព​ធូរស្រាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​ភូមិ​លាបទង​ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង រដ្ឋបាល​ខេត្ត​សម្រេច​បញ្ចប់​ការ​បិទ​ផ្សារ​សេរីស្ទោង​ក្នុង​ភូមិ​កំពង់ក្តី និង​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិ​លាបទង នៃ​ឃុំ​កំពង់ចិនត្បូង ស្រុកស្ទោង»។

កាល​ពី​ថ្ងៃទី ២៨ ខែ​មេសា អាជ្ញាធរ​ខេត្ត​នេះ​បាន​បិទ​ខ្ទប់​ភូមិ​លាប​ទង​ដែល​ជា​តំបន់​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​គោល​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត។

កាល​ពី​ថ្ងៃទី ២៨ ខែ​មេសា​នេះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​បិទ​ផ្សារ​សេរីស្ទោង​ជា​បណ្តោះអាសន្ន​ បន្ទាប់​ពី​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ ចំនួន ១៣ នាក់ ក្នុង​នោះ​មាន​ម្នាក់​ប្រកប​មុខ​របរ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​សេរីស្ទោង ហើយ​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ឱ្យ​បាន​ល្អ​ប្រសើរ​ដោយ​បង្កើត​គណៈកម្មការ​ភ្លាមៗ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​តំបន់​នេះ។

សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់​ថា៖ «អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កង​កម្លាំង​ទាំង​បី​ជាពិសេស​ក្រុម​គ្រូពេទ្យ​ដែល​តែងតែ​មាន​ឆន្ទៈ​មុះមុត មិន​រួញរា ក្នុង​កាលៈទេសៈ​លំបាក និង​ចំណាយ​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​គ្រប់គ្រង និង​ស្រាវជ្រាវ​​រក​អ្នក​ពាក់ព័ន្ធ​មក​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩ បាន​ទាន់​ពេល​វេលា និង​ប្រកប​ដោយ​ប្រសិទ្ធភាព»។

អាជ្ញាធរ​ខេត្ត​នេះ ក៏​បាន​អំពាវនាវ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ផ្សារ និង​ភូមិ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ត្រូវ​គោរព​តាម​វិធានការ ៣ ការពារ និង ៣ កុំ របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដែល​ជា​វិធានការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ក្នុង​សម័យ​កូវីដ ១៩ នេះ។

លោក យ៉ូវ សេងគុណ អ្នក​នាំពាក្យ​សាលា​ខេត្ត​កំពង់ធំ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៩ ខែ​ឧសភា​ថា៖ «អាជ្ញាធរ​ខេត្ត​កំពង់ធំ​អាច​គ្រប់គ្រង​បាន​ចំពោះ​ស្ថានភាព​ជំងឺ​កូវីដ​នៅ​ទីតាំង​ទាំង​ពីរ​នេះ នៅ​ពេល​នេះ ហើយ​និង​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩»។

លោក​ថ្លែង​ថា ការ​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​កូវីដ ១៩ កន្លង​មក គឺ​អ្នក​វិជ្ជមាន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ព្យាបាល និង​អ្នក​ដែល​មិន​ទាន់​បាន​ចេញ​លទ្ធផល គឺ​ត្រូវ​ទុក​ឱ្យ​គាត់​នៅ​ដាច់​ដោយ​ឡែក​សិន។

អាជ្ញាធរ​ខេត្ត​នេះ​នៅ​ថ្ងៃទី ៩ ខែ​ឧសភា ក៏​បាន​បើក​យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ស្ទោង​មុន​នឹង​បើក​ដំណើរ​ការ​លក់​ដូរ​ឡើង​វិញ និង​បន្ត​បាញ់​ថ្នាំ​តាម​ផ្ទះ​មួយ​ចំនួន​នៅ​ភូមិ​លាបទង ដើម្បី​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩។

កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ឃុំ​ចំនួន ៤ រួម​មាន​ឃុំ​កំពង់ចិនត្បូង ឃុំ​កំពង់ចិនជើង ឃុំ​ចំណារលើ និង​ឃុំ​សំព្រោជ នៃ​ស្រុក​ស្ទោង នៅ​ចន្លោះ​ម៉ោង ៨ យប់ ដល់​ម៉ោង ៣ ព្រឹក​ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី ១២ ខែ​ឧសភា៕