កំពតៈ អភិបាល​ខេត្តកំពត​លោក ជាវ តាយ កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា គុយ លៀងគី បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង​នៅ​ចំណុច​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​ជាបន្ទាន់ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ និង​ជីវចម្រុះ ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​នេសាទ​នៅក្នុង​តំបន់​នោះ​។

លោក ជាវ តាយ បាន​ថ្លែងថា តាម​ការចុះពិនិត្យ​ភាពជាក់ស្ដែង និង​ការស៊ើបសួរ​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​ប្រជាសហគមន៍​នេសាទ​ក្នុង​តំបន់​នោះ​ការចាក់ដី​លុប​ព្រៃកោងកាង​របស់​ក្រុមហ៊ុន​នេះ​គឺ​ក្នុង​គោលបំណង​ធ្វើ​ផ្លូវ​បម្រើ​ដល់​ផលប្រយោជន៍​រួម​​ជា​សាធារណៈ ប៉ុន្តែ​មិន​មាន​សុំ​ការអនុញ្ញាត​ទេ​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​នេះ​មិន​បាន​ជូនដំណឹង​ ឬ​ស្នើសុំ​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ជំនាញ​ឬ អាជ្ញាធរខេត្ត​នោះ​ទេ ហើយ​ការចាក់ដី​លុប​ព្រៃកោងកាង​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពពួក​ក្ដាម បង្គា និង​ត្រី​គ្រប់​ប្រភេទ រួមទាំង​ជីវចម្រុះ​ជាច្រើន​ទៀត ដូច្នេះ​ដើម្បី​ការពារ​​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ពិសេស​ប្រជានេសាទ​នៅក្នុង​តំបន់​នោះ យើង​ចាំបាច់​ត្រូវ​ហាមឃាត់ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​កាយ​ដី​ចេញ​វិញ​ជាបន្ទាន់​»​។

ជុំវិញ​ករណី​នេះ​លោក​ឧកញ៉ា គុយ លៀង គី មិនអាច​ទាក់ទង​ដើម្បី​ស្នើសុំ​ការអធិប្បាយ​បានទេ​ពី​ម្សិលមិញ​។

លោក​ ស សូរិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ដើមឡើយ​ក្រុមហ៊ុន​នេះ​បាន​ស្នើសុំ​ការគាំទ្រ​ពី​អាជ្ញាធរ​ឃុំ​ព្រែកត្នោត និង​ប្រជាសហគមន៍​នេសាទ​ភូមិ​ព្រែកត្នោត​លើ​គម្រោង​សាងសង់​ផ្លូវ​ ១ ​ខ្សែ​ដែល​មាន​ទទឹង​ ៦ ​ម៉ែត្រ និង​បណ្ដោយ​ប្រវែង​ ២០០ ​ម៉ែត្រ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ផង និង​ដើម្បី​បើកផ្លូវ​ចូលទៅ​កាន់​តំបន់​អភិវឌ្ឍន៍​របស់ខ្លួន​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃកោងកាង​របស់​ប្រជាសហគមន៍​នេះ​ផង​។

លោក​បាន​បន្តថា ដោយសារ​នឹក​ស្មាន​ថា​ក្រុមហ៊ុន​អភិវឌ្ឍ​លើ​ទីតាំង​ដី​​របស់ខ្លួន​មិន​ប៉ះពាល់​ដល់​ព្រៃកោងកាង​​ដែលជា​ដី​សមូហភាព​របស់​សហគមន៍​​ដែល​ត្រូវបាន​រដ្ឋបាល​ជលផល​កាត់​មក​ឲ្យ​ការពារ​គ្រប់គ្រង និង​អាស្រ័យផល​នោះ ប្រជាសហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​គាំទ្រ​លើ​គម្រោង​នោះ​។

ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​ចាប់ផ្ដើម​ដំណើរការ​ចាក់ដី​ក៏​ស្រាប់តែ​មកចាក់​លុប​ទៅ​លើដី​ព្រៃកោងកាង និង​​ដើម​កោងកាង​អស់​ជាង​ ៣ ០០០ ​ដើម​ ព្រមទាំង​លុប​ដោយ​បង្គោល​កំណត់​ព្រំប្រទល់​ដែន​អភិរក្ស​នៅក្នុង​តំបន់​ព្រៃកោងកាង​អស់​ចំនួន​​ ៣ ​បង្គោល​​ថែម​ទៀតផង​។

លោក សរ សារិទ្ធ បាន​បញ្ជាក់​ថា​៖ «​តាម​ការចុះពិនិត្យ​ជាក់ស្ដែង​របស់​គណៈកម្មការ​ថ្នាក់ជាតិ​កាលពី​ថ្ងៃ​អាទិត្យ​បាន​រកឃើញ​ថា ក្រុមហ៊ុន​បាន​ចាក់ដី​លុប​ព្រៃកោងកាង​ក្នុង​តំបន់​​ខាងលើ​នោះ​ក្នុង​ទំហំ​ ១០ ​ម៉ែត្រ​ x៨០ ​ម៉ែត្រ​ក្នុង​គោលបំណង​សង់​ផ្លូវ​ជា​ប្រយោជន៍​សាធារណៈ​ពិតប្រាកដ​មែន​»​។

លោក​បាន​បន្ថែមថា​៖ «​ប៉ុន្តែ​ដោយ​ដី​ព្រៃកោងកាង​ក្នុង​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​ការពារ និង​អភិរក្ស​វារី​សមុទ្រ​នោះ​ក្រុម​គណៈកម្មការ​ថ្នាក់ជាតិ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើការ​កាយ​ដី​ចេញ​វិញ និង​ដាំ​បង្គោល​ឡាក់​កំណត់​ព្រំប្រទល់​តំបន់​ការពារ និង​អភិរក្ស​ឡើងវិញ​ព្រមទាំង​ដាំ​កូន​កោងកាង​ឡើងវិញ​ផងដែរ​»​។

ប៉ុន្តែ​បើតាម​លោក សារិទ្ធ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ខាង​ភាគី​ក្រុមហ៊ុន​នៅ​​មិនទាន់​កាយ​ដី​ចេញ​ពី​តំបន់​នោះ​នៅឡើយ​ទេ​។

លោក​បាន​បន្តថា ករណី​ចាក់ដី​លុប​ព្រៃកោងកាង​នេះ​មិន​មែន​មាន​នៅតែ​ក្នុង​ឃុំ​ព្រែកត្នោត​ទេ គឺ​នៅ​ឃុំ​កោះ​តូច​ក៏​មាន​ករណី​ដូចនេះ​ដែរ ដោយ​កាលពី​ថ្ងៃទី​ ១៨ ខែ​ មករា ឆ្នាំ​ ២០២០ ក្រុម​គណៈកម្មការ​បាន​រកឃើញ​ក្រុមហ៊ុន​ចិន​មួយ​បាន​ចាក់ដី​រំលោភ​ចូលក្នុង​ព្រៃកោងកាង​ទំហំ​ ១៥ ​ម៉ែត្រ​ x៤០ ​ម៉ែត្រ តែ​មន្ត្រី​ជំនាញ​បាន​បង្គាប់​ឲ្យ​​ក្រុមហ៊ុន​នោះ​កាយ​ដី​ចេញ និង​ដាំ​កូនដើម​កោងកាង​ឡើងវិញ​ផងដែរ​។

លោក អ៊ុក សុវណ្ណារិទ្ធ ប្រធាន​​សហគមន៍​នេសាទ​ភូមិ​ព្រែកត្នោត​​បាន​ថ្លែងថា ការចាក់ដី​លុប​ព្រៃ​កោងកាង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ និង​សត្វ​សមុទ្រ​គ្រប់​ប្រភេទ ពិសេស​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជានេសាទ​ដោយផ្ទាល់​៕