កំ​ពតៈ អភិបាលខេត្ត​កំពត​បា​ន​ជំ​រុញឱ្យ​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ចុះ​ប្រមូល​ស្ថិតិ​បញ្ហា​ទំនាស់​ដី​ធ្លី​ដែល​បាន​កើត​ឡើង​ក្នុង​ខេត្ត​នេះ​ទាំង​អស់​ដើម្បី​យក​មក​ដោះស្រាយ​បញ្ចប់​ឱ្យ​រួច​រាល់​ក្នុង​អាណត្តិ​នេះ ខណៈ​ដំណើរ​ការ​ដោះ​ស្រាយ​កន្លង​មក​ធ្វើ​ឡើង​តាម​ប្រភេទ​នៃ​ទំនាស់​និង​តាម​កន្លែង​ខុស​គ្នា។

លោក ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​លោក​គឺមាន​ករណី​ខ្លះ​ត្រូវ​ដោះ​ស្រាយ​ដោយ​អាជ្ញាធរ​ស្រុក​និង​ខ្លះ​ត្រូវ​បញ្ជូន​មក​ខេត្ត។រីឯ​ដីធ្លី​មាន​ទំនាស់​ជាមួយ​យោធា​ត្រូវ​ដោះ​ស្រាយ​តាម​បែប​យោធា។

លោក​បន្តថា បញ្ហាដីធ្លី​គឺជា​បំណុល​មួយ​ដែល​សេសសល់​តាំងពី​អភិបាល​ខេត្ត​មុនៗ តែ លោក​មិន​ចង់​ទុក​បញ្ហា​នេះ​សម្រាប់​អ្នក​ក្រោយ​ទៀត​ឡើយ។

លោក​ថា៖ «អ៊ីចឹង​ចាំ​ឱ្យ​ខ្ញុំ​ប្រមូលព័ត៌មាន​ឱ្យ​ជុំ​សិន ព្រោះ​កន្លង​បាន​ប្រមូល​តែ​អ្នក​ពាក់​ព័ន្ធ​ដែល​ស្នើ​សុំឱ្យ​ខេត្ត​ដើម្បី​ដោះស្រាយ ពាក់ព័ន្ធ​នឹង​ការ​បែង​ចែក​ដី​ហ្នឹង។ ខ្ញុំ​កំពុង​ប្រមូល​ឱ្យ​ច្បាស់​ព្រោះ​វា​បំណុល​សេស​សល់​ពី​មុន​មក។ រឿង​ថ្មី​វា​កើត​ដូច​ថា អ្នក​បាន (ដំណោះ​ស្រាយ) ហើយ មាន​អ្នក​ផ្សេង​មក​ទាមទារ​ទៀត»។

លោកតា​យ បន្តថា កន្លងមក​លោក​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ខ្លះ​ហើយ​តាមរយៈ​ការ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ស្នើ​សុំ​រដ្ឋាភិបាល​ដើម្បី​យក​ដី​រដ្ឋ​មក​ធ្វើ​អនុ​ប្រយោគ​ឱ្យ​ក្លាយជា​ដី​ឯកជន​សម្រាប់​ទុក​ដោះ​ស្រាយ​នា​ពេល​ខាង​មុខ។

លោក ហេង សឿន តំណាង​ពលរដ្ឋ​ជាង ៣០០ គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាង ២ ពាន់​ហិកតា​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ថ្លែ​ងថា លោក ជាវ តាយ សន្យា ២ ខែ​ថា​នឹង​ខំ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ​ជូន​ពួក​លោក។ លោក​សឿន បន្ត​ថា ពលរដ្ឋ​មាន​សង្ឃឹម​ច្រើន​លើ​អភិបាល​ខេត្ត​ថ្មី​នេះ​ដោយសារ​កន្លង​មក​អ្នក​មាន​ទំនាស់​ដីធ្លី ងាយ​ស្រួល​សុំ​ជួប​គាត់​ផ្ទាល់​ដែល​ខុស​ពី​អភិបាល​ខេត្ត​មុន។

លោក​ថា៖ «កន្លងមក​គាត់ (ជាវ តា​យ) ធ្លាប់​សន្យាថា​នឹង​ដោះស្រាយ​បញ្ហាដី​ធ្លី​នេះ​ទាំង​អស់​ជូន​ពលរដ្ឋ ព្រោះ​កន្លង​មក​គាត់​បាន​តាម​ដាន​សកម្មភាព​នេះ ហើយ​ដឹងថា​អ្នកណា​មួយ​នៅ​ពី​ខាង​ក្រោយ​ខ្នង​ឈ្មួញ​ហ្នឹង​អ៊ីចឹង...គាត់​ថា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​នេះ​ក៏​មិន​មែន​អ្នក​តូច​ដែរ​សុទ្ធតែ​អ្នក​ធំ អ៊ីចឹង​គាត់​ថា​ពិបាក​ដោះស្រាយ​ដែរ​តែ​គាត់​ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​អស់»។

បើតាម​លោក ហេង សឿន បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​ត្រពាំង​ភ្លាំង​នេះ ផ្ទុះឡើង​តាំង​ពី​ឆ្នាំ ២០១៤ បន្ទាប់​ពី​ឈ្មួញ​ដែល​ថា ជាទី​ប្រឹក្សា​ថ្នាក់​ដឹកនាំ​ចូល​បំពាន​ដី​ពួក​លោក។ លោក សឿន បញ្ជាក់​ថា មុន​កើត​មាន​ជម្លោះ​គឺ​ដី​នេះ​មួយ​ចំនួន​ជា​ដី​សម្បទាន​សង្គម​កិច្ច និង​មួយ​ចំនួន​ជា​ដីស្រែ​ដែល​ពលរដ្ឋ​ធ្លាប់​ធ្វើ​កសិកម្ម​អាស្រ័យ​ផល។

តំណាង​ពលរដ្ឋ​រូបនេះ​បន្ថែមថា តាំងពី​មាន​បញ្ហាដីធ្លី​មកពលរដ្ឋ​បានដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​ចេញ​តវ៉ា​រាប់​មិន​អស់ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ដំណោះ​ស្រាយ​ម្ដង​ណា​ឡើយ ផ្ទុយ​ទៅ​វិញ​បែរ​ជា​រង​ទុក្ខ​ជា​បន្ត​បន្ទាប់។

លោក​ថា៖ «ដី​ហ្នឹង​ប្រជាជន​អត់​បាន​លក់​ឱ្យ​ទេ តែ​ឈ្មួញ​ហ្នឹង​វា​មក​ទន្ទ្រាន​យក វា​ថា​វា​សុំ​ទិញ​អ៊ីចឹង​ណា អ៊ីចឹង​វា​សុំ​ទិញ ហើយ​បើ​យើង​មិន​លក់​ក៏​វា​យក​ដែរ​ដី​ហ្នឹង...»។

ប៉ុន្តែ​លោក​សឿន បញ្ជាក់ថា មកទល់ពេលនេះ អភិបាល​ខេត្ត​លោក ជាវ តាយ បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​អាច​ទៅ​រស់​នៅ និង​បង្ក​បង្កើន​ផល​លើដី​ទំនាស់​វិញ​ខ្លះ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​បារម្ភ និង​ចង់​ឱ្យ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ឲ្យ​បាន​ឆាប់។

លោក ថន សុខា ពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​ឃុំ​ត្រពាំងភ្លាំង​ដែរ​នោះ បាន​លើក​ឡើង​ថា លោក​មាន​ដី​ជាង ៧ ហិកតា​ដែល​កំពុង​មាន​ជម្លោះ​ហើយ​ដី​នេះ​គឺ​លោក​កាន់​កាប់​តាំង​ពី​ឆ្នាំ ២០០៤។ លោក​ថា ដី​នេះ​គឺ​ទទួល​បាន​ដោយសារ​លោក ឆ្ការ​ដីព្រៃ​ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ​គ្រាន់​បាន​ចិញ្ចឹម​ជីវិត ពីព្រោះ​កាល​នោះ គ្រួសារ​លោក​ក្រ​ពេក។ ប៉ុន្តែ​ដល់​ឆ្នាំ ២០១៤ ខាង​ឈ្មួញ​ប្រើ​កម្លាំង​ដេញ​វាយ​ប្រពន្ធ និង​កូន​របស់​លោក​ចេញ​ពី​ផ្ទះ​ដើម្បី​យក​ដី។

លោក​ថា៖ «កាលពីមុន​ដី​នេះ​ផ្ដល់​ជីវភាព​គ្រាន់បើ បាន​លក់​ស្រូវ​ចិញ្ចឹម​កូន​រៀន ដល់​ឥឡូវ​តាំង​ពី​គេ​វ៉ៃ​មក កូន​ហ្នឹង​ឈប់​រៀន ២ នាក់​ហើយ ដោយ​សារ​រក​លុយ​អត់​បាន»។

លោក​ យន់ ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ដោយ​លោក​ថា ថ្វី​ដ្បិត​មាន​ការ​ប្ដេជ្ញា​ពី​អភិបាល​ខេត្ត​ថ្មី​ក្ដី ប៉ុន្តែ​ដំណោះ​ស្រាយ​ហាក់​មិន​ទាន់​ចប់​ទេ ដោយសារ​ពលរដ្ឋ​ខ្លះ​មិន​ទាន់​បាន​កម្ម​សិទ្ធិ​ជា​ផ្លូវការ។

លោក​ថា៖ «យើង​ឃើញថា​អាជ្ញាធរ​លោក​ថា​នឹងមាន​វិធានការ​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ប៉ុន្តែ​លទ្ធផល​យើង​ក៏​មិន​ទាន់់​ឃើញ​ជា​ដុំកំ​ភួន​បាន​ទៅ​លើ​ពលរដ្ឋ​កាន់​កាប់​ឬក៏​គ្រប់គ្រង​ជា​កម្ម​សិទ្ធិ​នៅ​ឡើយ​ទ បើ​យើង​សង្កេត​ជាក់​ស្ដែង​ទៅ។កន្លែង​ខ្លះ​ដោះស្រាយ​ពន្យារ​មានន័យ​ថា ថ្នាក់​ខេត្ត​លោក​សន្យា ប៉ុន្តែ​ដល់​ពេល​យើង​ក្ដាប់​ព័ត៌មាន​ពី​ពលរដ្ឋ​មក​វិញ ខេត្ត​គ្រាន់​តែ​បាន​សន្យា តែ​ការ​សម្រេច​គឺ​ថ្នាក់​លើ​បន្ត​ទៀត»។

យ៉ាងណាក្ដី លោក យន់ ផល្លី ក៏​មើលឃើញ​ដែរ​ថា បន្ទាប់ពី​លោក ជាវ តាយ ក្លាយជា​អភិបាល​ខេត្ត​កំពត​ថ្មី​បាន​ធ្វើ​ឱ្យ​បញ្ហា​ដីធ្លី​ជាច្រើន​កន្លែង​ស្ងប់ស្ងាត់៕