តាកែវៈ អាជ្ញាធរខេត្តតាកែវបានសម្រេចបង្ហូរទឹកចេញពីបឹងតាកែវ ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ១៣០ ហិកតា ស្ថិតនៅភូមិខាន់ខាវ ភូមិត្រពាំងលាក់ និងភូមិស្វាយឫស្សីក្នុងសង្កាត់បារាយណ៍ បន្ទាប់ពីតំណាងប្រជាពលរដ្ឋប្រមាណ ២០ គ្រួសារ បានឡើងទៅស្នើសុំដល់មុខផ្ទះលោក អ៊ួច ភា អភិបាលខេត្ត កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។
លោក អ៊ួច ភា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បន្ទាប់ពីមានការស្នើសុំពីតំណាងពលរដ្ឋ ២០ គ្រួសារនេះ លោកក៏បានឱ្យក្រុមការងារចុះពិនិត្យមើលជាក់ស្តែងឃើញថា មានបញ្ហាខ្វះខាតទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ដោយសារទឹកនៅក្នុងប្រឡាយ ១៥ មានការរីងស្ងួត។
ដោយមើលឃើញពីបញ្ហាប្រឈមនេះលោក អ៊ួច ភា ក៏បានអនុញ្ញាតឱ្យបូមទឹកចេញពីបឹងតាកែវស្ថិតនៅក្នុងក្រុងដូនកែវ ស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋជាបណ្តោះអាសន្នសិន។ ជាមួយគ្នានេះលោកក៏ឱ្យអាជ្ញាធរពិនិត្យទៅលើប្រឡាយ ១៥ ដើម្បីស្តារ ឬធ្វើយ៉ាងណាកុំឱ្យមានការខ្វះទឹកប្រើប្រាស់សម្រាប់ស្រោចស្រពស្រូវប្រាំងនៅឆ្នាំក្រោយទៀត។
លោកថ្លែងថា៖ «កន្លងមកនេះ ប្រជាពលរដ្ឋបានយកទឹកមកពីប្រឡាយ ១៥ គឺមិនឱ្យយកទឹកបឹងតាកែវនេះទេដោយបារម្ភពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់នៅក្នុងក្រុង។ ប៉ុន្តែដោយសារប្រឡាយ ១៥ លែងមានទឹករដ្ឋបាលខេត្តអនុញ្ញាតឱ្យបូមទឹកពីបឹងតាកែវនេះយកទៅប្រើប្រាស់ជាបណ្តោះអាសន្នសិន»។
បើតាមលោក អ៊ួច ភា អាជ្ញាធរបាននិងកំពុងយកចិត្តទុកដាក់ និងចុះពិនិត្យលើបញ្ហាការប្រើប្រាស់ទឹកនេះ ប្រកបដោយការប្រុងប្រយ័ត្នបំផុត ព្រោះទឹកបឹងតាកែវ ក៏កំពុងមានបញ្ហាប្រឈមនឹងខ្វះខាតទឹកជូនប្រជាពលរដ្ឋប្រើប្រាស់នៅក្នុងក្រុងផងដែរ។
ទោះជាយ៉ាងណាលោក កង អាណាន់ អភិបាលក្រុងដូនកែវ ថ្លែងថា មកដល់ពេលនេះ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រព និងនៅសល់តែប្រមាណពីចន្លោះ ១០ ទៅ ២០ ថ្ងៃទៀតទេ ស្រូវប្រាំងទាំងនេះនឹងត្រូវបានច្រូតកាត់ប្រមូលផលហើយ។
លោក កង អាណាន់ បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលធ្វើស្រូវប្រាំងនេះ គឺមានប្រមាណ ៦០ គ្រួសារពឹងផ្អែកទៅលើទឹកប្រឡាយ ១៥ ប៉ុន្តែខ្វះទឹកសម្រាប់បូមយកមកស្រោចស្រប់ ទើបលោកអភិបាលខេត្តសម្រេចឱ្យបើកទឹកចេញពីបឹងតាកែវយកមកស្រោចស្រពស្រូវប្រាំងពលរដ្ឋ។ ចំពោះទឹកនៅក្នុងបឹងតាកែវនេះគឺមិនមានបញ្ហាខ្វះខាតទេ ព្រោះក្រុមការងារបានពិនិត្យរួចហើយ។
លោកបញ្ជាក់ថា៖ «លោកអភិបាលបានឱ្យពិនិត្យមើលវិធានការចំនួន ២ គឺទី១ ពិនិត្យមើលទឹកនៅក្នុងប្រឡាយ ១៥ និង ១ ទៀត យកទឹកចេញពីបឹងតាកែវ។ បើយកទឹកពីប្រឡាយ ១៥ គឺអាចនឹងធ្វើឱ្យស្រូវងាប់ច្រើន និងជាបណ្តោះអាសន្ន យើងយកទឹកចេញបឹងតាកែវសិន»។
លោក ញ៉េប ឃឿន តំណាងប្រជាពលរដ្ឋនៅក្នុងភូមិស្វាយឫស្សីថ្លែងថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទទួលរងគ្រោះខ្វះខាតទឹកជាង ១ អាទិត្យមកហើយ បើមិនមានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាពីសំណាក់អាជ្ញាធរខេត្តទេ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទាំងនេះនឹងត្រូវខូចខាតទាំងស្រុង។ បើតាមលោក ញ៉េប ឃឿន បន្ទាប់ពីមានការអន្តរាគមន៍បន្ទាន់ពីអាជ្ញាធរខេត្តរហូតមកដល់ពេលនេះ ស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានទទួលទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនមានបញ្ហាទៀតទេ៕