បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងសម្រេចបង្កើតក្រុមការងារដើម្បីត្រៀមរៀបចំ គ្រប់គ្រង និងចាត់ចែងការបូជាសាកសពដែលទទួលមរណភាពដោយសារជំងឺកូវីដ ១៩ ខណៈខេត្តនេះ មានអ្នកឆ្លងជំងឺកូវីដចំនួន ៦៧ នាក់ បើទោះបីមិនទាន់មានអ្នកស្លាប់ក្តី។
ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខា ដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ការបង្កើតក្រុមការងារថ្នាក់ខេត្តនេះ ដើម្បីត្រៀមរៀបចំគ្រប់គ្រង និងចាត់ចែងសាកសពអ្នកដែលមានផ្ទុកមេរោគកូវីដ ១៩ និងមានតួនាទី ភារកិច្ចក្នុងការពិនិត្យ និងតាមដានព័ត៌មានជាប្រចាំស្តីពីករណីអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ ១៩។
ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក សួស សុភ័ក្រ្ត ប្រាប់ ភ្នំពេ ញប៉ុស្តិ៍ នៅថ្ងៃនេះថា គណៈកម្មការខេត្តបានសម្រេចជ្រើសរើសទីតាំងបូជាសាកសពសម្រាប់ជនជាតិខ្មែរ និងទីតាំងបញ្ចុះសពសម្រាប់ជនជាតិអ៊ិស្លាមរួចហើយ។
លោកថ្លែងថា៖ «យើងបានរៀបចំឈាបនដ្ឋានបូជាសពរួចហើយ នៅក្បែរជើងភ្នំ ស្ថិតនៅស្រុករតនៈមណ្ឌល។ ចំណែកទីតាំងសម្រាប់បញ្ចុះសពជនជាតិអ៊ិស្លាមក៏រៀបចំរួចហើយដែរ នៅក្នុងស្រុកជាមួយគ្នា ប៉ុន្តែទីតាំងឆ្ងាយពីគ្នា»។
លោកបញ្ជាក់ផងដែរថា ការត្រៀមលក្ខណៈបច្ចេកទេសទុកជាមុននេះ ដើម្បីបង្ការហេតុការណ៍ណាមួយ ដែលអាចកើតឡើងនៅពេលខាងមុខ បើទោះបីបច្ចុប្បន្នមិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក៏ដោយ។
លោក សុភ័ក្ត្រ ប្រាប់ថា៖ «គិតត្រឹមថ្ងៃទី ១៣ ឧសភា មានអ្នកឆ្លង ៦៧ នាក់ ក្នុងនោះជាសះស្បើយចំនួន ២៨ នាក់ និងកំពុងសម្រាកព្យាបាល ៣៩ នាក់»។
បើតាមសេចក្តីសម្រេច ក្រុមការងារថ្នាក់ខេត្តត្រូវមានតួនាទី និងភារកិច្ច ដូចជាត្រួតពិនិត្យ និងតាមដានការបូជាសាកសព ឬការបញ្ចុះសាកសព ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ ប្រគល់អដ្ឋិធាតុជូនគ្រួសារសព ដើម្បីរៀបចំធ្វើបុណ្យតាមទំនៀមទម្លាប់ ប្រពៃណី និងសាសនា និងរៀបចំបណ្តុះបណ្តាលក្រុមការងារបូជាសព និងបញ្ចុះសព។
ក្រុមការងារត្រូវរាយការណ៍លទ្ធផលការងារតាមជំហាននីមួយៗ និងមានសិទ្ធិចាត់ចែងមន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់។
ថ្មីៗនេះនៅតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំ និងចាត់ចែងសាកសពអ្នកដែលទទួលមរណភាពដោយជំងឺកូវីដ ១៩ ផងដែរដោយក្នុងនោះ ខេត្តខ្លះសម្រេចយកវត្តអារាមជាទីតាំងសម្រាប់បូជាសព៕