
រដ្ឋបាលខេត្តបាត់ដំបង ក៏បានដាក់ចេញនូវវិធានការជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ បន្តទៀត ចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ១៣ ឧសភា ២០២១ ដោយតម្រូវឱ្យធ្វើតេស្តចំពោះអ្នកដំណើរ ឬធ្វើចត្តាឡីស័កចំពោះរាល់បុគ្គលដែលមានបំណងស្នាក់នៅក្នុងទឹកដីខេត្តនេះរយៈពេលយូរ។ រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេចដាក់់ឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នចំពោះផ្សារចំនួន ១១ ចាប់ពីថ្ងៃទី ២៩ មេសា បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈ ខណៈអាជ្ញាធរខេត្តនេះបានបន្ថែមវិធានការ ដោយតម្រូវឱ្យធ្វើតេស្តកូវីដ ១៩ ឬធ្វើចត្តាឡីស័កចំពោះបុគ្គលដែលចូលក្នុងទឹកដីរបស់ខ្លួន។
សេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាចុះហត្ថលេខាដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ចុះថ្ងៃទី ២៧ មេសា ឱ្យដឹងថា ផ្សារដែលត្រូវបានដាក់ឱ្យដំណើរការឡើងវិញរួមមាន ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ ១៣ មករា ផ្សារអប្សរា (ផ្សារលើ) ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភួពុយ ដែលស្ថិតក្នុងក្រុងបាត់ដំបង។
ចំណែកផ្សារចំនួន ៣ ទៀតរួមមាន ផ្សារថ្មីថ្មគោល និងផ្សារឃុំជ្រៃ ស្ថិតក្នុងស្រុកថ្មគោល និងផ្សារមោងឫស្ស៊ី ក្នុងស្រុកមោងឫស្ស៊ី។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្នុងការដាក់ឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្ននូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលស្រុកថ្មគោល រដ្ឋបាលស្រុកមោងឫស្សី និងគណៈគ្រប់គ្រងផ្សារ ត្រូវដឹកនាំការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ដោយយកចិត្តទុកដាក់ និងអនុវត្តការផាកពិន័យចំពោះបុគ្គលដែលមិនគោរពវិធានការ»។
គួរបញ្ជាក់ផងដែរថា ផ្សារទាំងនេះត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ធ្លាប់បានផ្អាកជាបណ្តោះអាសន្នរយៈពេល ៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៩ មេសា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។
ទន្ទឹមនេះដែរ រដ្ឋបាលខេត្តបាត់ដំបង ក៏បានដាក់ចេញនូវវិធានការជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ បន្តទៀត ចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ១៣ ឧសភា ២០២១ ដោយតម្រូវឱ្យធ្វើតេស្តចំពោះអ្នកដំណើរ ឬធ្វើចត្តាឡីស័កចំពោះរាល់បុគ្គលដែលមានបំណងស្នាក់នៅក្នុងទឹកដីខេត្តនេះរយៈពេលយូរ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា៖ «ត្រូវអនុវត្តវិធានការធ្វើចត្តាឡីស័ក និងយកសំណាកអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែងក្នុងភូមិសាស្រ្តខេត្ត»។
អាជ្ញាធរខេត្តបន្តថា៖ «ក្នុងករណីអ្នកធ្វើដំណើរមានលិខិតបញ្ជាបេសកកម្មរបស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេលខ្លី (តិចជាង ១ សប្តាហ៍) ត្រូវរៀបចំការយកសំណាកទៅវិភាគរហ័សរកមេរោគកូវីដ ១៩»។
រដ្ឋបាលខេត្ត ក៏បានដាក់ចេញវិធានការដូចលើកមុនៗដែរ ដោយក្នុងនោះ បន្តហាមឃាត់ការលក់ដូរគ្រឿងស្រវឹង និងការជួបជុំសេពគ្រឿងស្រវឹង ផ្អាកការជួបជុំដែលមានការប្រមូលផ្តុំច្រើន ការលេងល្បែងកម្សាន្ត និងកីឡាគ្រប់ប្រភេទផងដែរ។
ប៉ុន្តែរដ្ឋបាលខេត្តបានអនុញ្ញាតឱ្យបើករាល់សកម្មភាពអាជីវកម្មមួយចំនួនឡើងវិញដូចជា កន្លែងលក់អាហារ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ហាងលក់ដូរភេសជ្ជៈ កន្លែងទទួលភ្ញៀវស្នាក់នៅ គ្រប់គោលដៅទេសចរណ៍ និងគ្រប់ទីកន្លែងសាសនា។
យ៉ាងនេះក្តី រដ្ឋបាលខេត្តបានក្រើនរំឭកថា គ្រប់ទីតាំងទាំងនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលដោយតម្រូវឱ្យបុគ្គលមកកាន់ទីកន្លែងទាំងនេះ ត្រូវពាក់ម៉ាស់ អនាម័យលាងដៃជាមួយអាល់កុល ឬជែល វាស់កម្តៅ រក្សាគម្លាតសុវត្ថិភាព យ៉ាងតិច ១,៥ ម៉ែត្រជាដើម៕