
អាជ្ញាធរខេត្តបាត់ដំបងសម្រេចបិទបណ្តោះអាសន្នទីតាំងមន្ទីរពេទ្យសំពៅលូន ក្រោយពីរកឃើញអ្នកជំងឺម្នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះវិជ្ជមានជំងឺកូវីដ។ រូបថត ហ្វេសប៊ុក
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទបណ្តោះអាសន្នទីតាំងមន្ទីរពេទ្យសំពៅលូន ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ចាប់ពីថ្ងៃទី ៣ ឧសភា ក្រោយពីរកឃើញអ្នកជំងឺម្នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះវិជ្ជមានជំងឺកូវីដ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ចុះថ្ងៃទី ៣ ឧសភា បានឱ្យដឹងថា ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពីបានរកឃើញ ស្ត្រីអាយុ ៦១ ឆ្នាំម្នាក់ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានជំងឺកូវីដ ១៩ នៅថ្ងៃទី ០៣ ខែឧសភា នៅពេលមកបន្តការព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
សេចក្តីជូនដំណឹងបន្តថា៖ «ក្នុងអំឡុងពេលបិទទីតាំងជាបណ្តោះអាសន្ននេះ ត្រូវហ៊ុមព័ទ្ធទីតាំងរបស់មន្ទីរសម្រាកព្យាបាលសំពៅលូន ផ្អាកការចេញ-ចូលទីតាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក»។
ចំពោះប្រជាពលរដ្ឋ និងបុគ្គលិក គ្រូពេទ្យ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ត្រូវជូនដំណឹងដល់ក្រុមការងារ មន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តជាបន្ទាន់។
លិខិតដដែលបានគូសបញ្ជាក់ថា ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងសុខាភិបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀតឡើយ។
ដោយឡែក រដ្ឋបាលខេត្តបាត់ដំបងបានអនុញ្ញាតឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ បើកដំណើរការឡើងវិញនូវទីតាំងមួយចំនួនក្នុងក្រុងបាត់ដំបង បន្ទាប់ពីសំណាកបុគ្គលិកក្រុមហ៊ុននេះចំនួន ៨៨ នាក់ ដែលត្រូវបានយកធ្វើតេស្ត គឺលទ្ធផលអវិជ្ជមានទាំងអស់។
ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង លោក សួស សុភ័ក្រ្ត បានថ្លែងថា រដ្ឋបាលខេត្តបានសម្រេចឱ្យក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ បើកដំណើរការឡើងវិញនូវទីតាំង ៤ កន្លែង ក្នុងក្រុងបាត់ដំបងចាប់ពីថ្ងៃទី ៣ ឧសភា ក្រោយពីធ្វើតេស្តលើសំណាកបុគ្គលិកក្រុមហ៊ុន ៨៨ នាក់ ក្នុងចំណោមទាំង ៧ ទីតាំងក្នុងខេត្តនេះ គឺអវិជ្ជមានកូវីដ ១៩ ទាំងអស់។
លោកបន្តថា៖ «កន្លងមកមានអ្នកបើកបរម្នាក់នៃក្រុមហ៊ុន វីរៈ ប៊ុនថាំ គាត់ដឹកអីវ៉ាន់ពីប៉ោយប៉ែតមកទម្លាក់ទំនិញនៅតាមស្រុកជាយដែននៃខេត្តបាត់ដំបង ដូចជានៅស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង»។
ក្រោយមកខាងខេត្តប៉ៃលិន គេរកឃើញវិជ្ជមានកូវីដ ១៩ លើអ្នកបើកបរក្រុមហ៊ុននោះ ដោយប្រើប្រាស់ការធ្វើតេស្តរហ័ស ប៉ុន្តែក្រោយមកទៀត ខាងខេត្តបាត់ដំបងបានយកសំណាកអ្នកបើកបរធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គឺលទ្ធផលអវិជ្ជមាន ដូច្នេះរដ្ឋបាលខេត្តអនុញ្ញាតឱ្យក្រុមហ៊ុនបើកដំណើរការឡើងវិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ឧសភា ករណីឆ្លងសរុបនៃជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបងមានចំនួន ៣០ នាក់ ប៉ុន្តែពុំមានអ្នកជំងឺណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ ១៩ ឡើយ៕