កំពង់ធំៈ ​អាជ្ញាធរ​ខេត្តកំពង់ធំ​បាន​សម្រេច​ព្យួរការងារ​មេភូមិ​ដំរី​ស្លាប់​ឈ្មោះ លួង ឡុក រស់នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ដំរី​ស្លាប់​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ករណី​ប្រើ​បណ្ណ​អ្នកដទៃ​ទៅ​​បើកប្រាក់​ពី​រាជរដ្ឋាភិបាល​ឧបត្ថម្ភ​សម្រាប់តែ​ពលរដ្ឋ​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​។

លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ករណី​ព្យួរ​ការងារ​លោក​ លួង ឡុក នេះ​ពាក់ព័ន្ធ​ការមិន​បាន​ផ្តល់​លុយ​តាមរយៈ​ការធ្វើ​បណ្ណ​ក្រីក្រ​ជូន​លោកយាយ ឃុំ ណាវ អាយុ​ ៦១ ​ឆ្នាំ​ ជា​ពលរដ្ឋ​ក្រីក្រ ហើយ​មាន​បណ្ណ​សមធម៌​។

លោក​ អ៊ុន បុត្ត បន្តថា លោកយាយ ណាវ បាន​ធ្វើ​ចំណាកស្រុក​ទៅ​រស់នៅ​ជាមួយ​កូន​នៅ​​ខេត្ត​បាត់ដំបង ប៉ុន្តែ​លោក​មេភូមិ ឈ្មោះ​ លួង ឡុក មាន​ការអាណិត​អាសូរ ហើយ​យល់​ថា ថ្ងៃ​ណាមួយ​គាត់​នឹង​ត្រឡប់​មកវិញ​ក៏​បាន​រក្សា​ឈ្មោះ​លោក​យាយ​ទុក​ដើម្បី​ឱ្យ​មាន​បណ្ណ​ឡើងវិញ​។

បន្ទាប់មក លួង ឡុក បាន​ប្រើ​បណ្ណ​នោះ​ទៅ​បើក​ប្រាក់ខែ​ចាប់ពី​ខែមិថុនា​ឆ្នាំមុន​រហូត​មក​ដោយ​ ១ ​ខែ​បាន​ ១៤ ម៉ឺន​រៀល​ហើយ​គិត​មកទល់​ពេលនេះ សរុប​មាន​ជាង​ ១ ​លាន​រៀល​។

លោក អ៊ុន បុត្ត បាន​បន្តថា​លោក​មេភូមិ​បាន​ទាក់ទង​ទៅ​លោកយាយ ណាវ ជាច្រើន​លើក​ដើម្បី​ឱ្យ​មក​ទទួលយក​​លុយ​ទៅ​ប្រើ ប៉ុន្តែ​ទាក់ទង​មិនបាន​។ ស្របពេល​ជាមួយ​​នោះ​កូនស្រី​របស់គាត់​ [​មេភូមិ​] ​ដែល​ក្រីក្រ​ក៏​មកពី​ថៃ ហើយ​លោក លួង ឡុក ក៏បាន​យក​បណ្ណ​លោកយាយ ណាវ ឱ្យ​​គាត់​ដើម្បី​បើក​លុយ​ ១៤ ​ម៉ឺន​រៀល​ សម្រាប់​ ១ ​ខែ​ដើម្បី​ទិញ​អង្ករ​ហូប​។

លោក​ អ៊ុន បុត្ត បញ្ជាក់ថា​៖ «​លោកយាយ​ ណាវ គឺ​មិន​មានការ​ប្តឹងផ្ដល់​នោះទេ ព្រោះ​គាត់​បាន​ទៅ​រស់នៅ​ខេត្ត​បាត់ដំបង ដោយសារ​កូន​គាត់​ជា​អ្នកមាន​ (​កូន​ថៅកែ​ដីឡូត៍​) ហើយ​បើតាម​លក្ខខណ្ឌ​គឺ​គាត់​បាន​ចេញ​ផុតពី​ភាពក្រីក្រ​ហើយ ព្រោះ​កូន​គាត់​ជា​អ្នកមាន​។ ប៉ុន្តែ​ដោយសារ​តែ​ភាព​អាណិតអាសូរ លោក​មេភូមិ​ក៏​ចេះតែ​ទុកឱ្យ​»​។

ប៉ុន្តែ​លោក អ៊ុន បុត្ត បានឱ្យ​ដឹងថា ករណី​នេះ​គឺ​កូនប្រុស​លោកយាយ​ ណាវ ជា​អ្នកប្តឹង​មេភូមិ​ចំពោះ​ការយក​លុយ​ម្តាយ​គាត់ ហើយ​មេភូមិ​ក៏​ព្រម​បង់​សំណង​ទាំងអស់​មក​ឱ្យ​វិញ​ដែលមាន​រយៈពេល​ ៨ ​ខែ ប៉ុន្តែ​ភាគី​អ្នកប្ដឹង​មិន​សុខចិត្ត​។

លោកស្រី យឹង ហៀប មេឃុំ​ដំរី​ស្លាប់​បាន​ឱ្យ​ដឹង​ដែរ​ថា លោក លួង ឡុក ពេល​ដឹង​រឿង​នេះ​ក៏បាន​យក​បណ្ណ និង​លុយ​គ្រប់​ចំនួន​មក​ឱ្យ​លោកស្រី​ទុក​ជូន​លោកយាយ​ ណាវ​។ ករណីនេះ​មាន​ការសម្របសម្រួល​ជាច្រើន​​លើក ប៉ុន្តែ​កូនប្រុស​លោកយាយ​ ណាវ មិន​យល់ព្រម​ក៏​សម្រេច​ប្ដឹង​ទៅ​រដ្ឋបាល​ស្រុក​កំពង់ស្វាយ​។

លោកស្រី​ថា​៖ «​តាមពិត​រឿងនេះ​ដោយ​លោក​មេភូមិ​មាន​ការអាណិតអាសូរ លោក យាយ ឃុំ ណាវ ទេ​គឺ​គាត់​យក​បណ្ណ​ និង​បើកប្រាក់​ទុកឱ្យ​នៅពេលដែល​លោកយាយ​ត្រឡប់​មក​វិញ ប៉ុន្តែ​កូនប្រុស​លោកយាយ​ ណាវ មិន​សប្បាយចិត្ត ព្រោះ​ពាក់ព័ន្ធ​នឹង​គំនុំ​ផ្ទាល់ខ្លួន​»​។

លោកស្រី​បន្តថា កាលពី​ថ្ងៃទី​ ១៦ កុម្ភៈ ថ្មីៗ​នេះ​លោក​អភិបាល​ស្រុក​បាន​ហៅ​ក្រុមប្រឹក្សាភិបាល​ឃុំ​ដំរី​ស្លាប់​រួមជាមួយ​នឹង​លោក​មេភូមិ​ទៅ​ជួប​នៅ​សាលាស្រុក​ដើម្បី​ពិភាក្សា​​ហើយក៏​សម្រេច​ដក​លោក​មេភូមិ​មួយរយៈ​សិន ដោយសារ​គាត់​មាន​កំហុសឆ្គង​រឿងនេះ​។

លោក ហ៊ាន់ ជាឃឹង ជា​កូនប្រុស​លោកយាយ​ ណាវ ដែលជា​អ្នកប្ដឹង​បានឱ្យដឹងថា លោក លួង ឡុក បាន​យកលុយ​សមធម៌​ម្តាយ​របស់លោក​ទៅ​ឱ្យ​កូនស្រី​ប្រើ​ដែល​លុយ​នេះ​ទទួល​​បាន​ពី​រាជរដ្ឋាភិបាល​ជូន​ពលរដ្ឋ ក្រីក្រ និង​ជួប​ការលំបាក​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​។

ជាមួយ​គ្នា​នេះ លោក ហ៊ាន់ ជាឃឹង បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការសម្រេច​ឱ្យ​លោក​មេភូមិ​រូបនេះ​ឈប់​ពី​ការងារ​​ហើយ​ថវិកា​ដែល​នឹង​ឱ្យមក​ម្តាយ​របស់​លោក​គឺ​លោក​មិន​ទទួលយក​ទេ គឺអាច​បង្វែរ​ចូល​ថវិកាជាតិ​វិញ​បាន​។

លោក​ថា​៖ «​ថវិកា​នេះ​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​ពលរដ្ឋ ប៉ុន្តែ​ថ្នាក់ភូមិ ថ្នាក់ឃុំ ធ្វើ​អ៊ីចឹង ធ្វើឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត​ហើយ​បង្វែរ​ថវិកា​ហ្នឹង​ចូល​រដ្ឋ​វិញ​គឺ​សប្បាយ​ជាង​»៕