ព្រៃវែង៖ អាជ្ញាធរ​ខេត្ត​ព្រៃវែង កំពុង​ស្រាវជ្រាវ​រក​ព័ត៌មាន​បន្ថែម ទាក់ទង​នឹង​មនុស្ស​ចំនួន ៥ នាក់ ដែល​បាន​លួច​ចល័ត​ចេញ​ពី​ភ្នំពេញ​ចូល​ក្នុង​ខេត្ត​នេះ ដោយ​បាន​រក​ឃើញ​មាន​វិជ្ជមាន​កូវីដ ១៩ ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល។

លោក ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង​បាន​ឱ្យ​ដឹង​ថា អ្នក​ទាំង ៥ នាក់​នេះ នឹង​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​តាម​មាត្រា ១០ និង​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

លោក​បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​នេះ ក៏​នឹង​ទទួល​ទណ្ឌកម្ម​រដ្ឋបាល​បន្ថែម​ផ្សេង​ទៀត បន្ទាប់​ពី​ព្យាបាល​រួច និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ​ចប់។

លោក ជា សុមេធី បាន​ឱ្យ​ដឹង​ថា៖ «ខណៈ​នេះ គណៈកម្មការ​ខេត្ត​បាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ព័ត៌មាន​ស្តីពី​កន្លែង​ដែល​គាត់​បាន​ចេញ​ដំណើរ មធ្យោបាយ​ធ្វើ​ដំណើរ និង​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល ដើម្បី​យក​មក​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​ទៅ​ពិនិត្យ​បន្ត​ទៀត»។

អភិបាល​ខេត្ត​រូប​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ និង​កងកម្លាំង បាន​ខិតខំ​ការពារ​អាយុ​ជីវិត​បងប្អូន​ទាំង​យប់​ទាំង​ថ្ងៃ មិន​ខ្លាច​ហត់​នឿយ ទោះបី​កាល:ទេស:​ណា​ក៏​ដោយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង ការពារ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ចរន្ត​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ​ចេញ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

លោក​ថា៖ «ពួក​ខ្ញុំ​ក៏​ខ្លាច​ឆ្លង​ជំងឺ​កូវីដ ១៩ ដ៏​កាច​សាហាវ​ជា​សត្រូវ​ឥត​ស្រមោល​នេះ​ខ្លាំង​ណាស់​ដែរ តែ​វា​ជា​តួនាទី ភារកិច្ច និង​កាតព្វកិច្ច»។

ទន្ទឹម​នឹង​នេះ​ដែរ លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ឥឡូវ​នេះ​វីរុស​កូវីដ ១៩ កំពុង​តែ​សកម្ម និង​សប្បាយ​ចិត្ត​ក្នុង​ការងារ​រក​កន្លែង​ដែល​ងាយ​ស្រួល​វាយ​លុក​បាន នៅ​តាម​ទីតាំង​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​ដូច​ជា​ទីផ្សារ កាស៊ីណូ និង​រោងចក្រ ដែល​សុទ្ធ​សឹងតែ​ជា​កន្លែង​ដែល​មាន​មនុស្ស​ម្នាច្រើន។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ប្រសិន​បើ​បងប្អូន​មិន​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​ហ្មត់ចត់​នូវ​វិធានការ ៣ ការពារ និង ៣ កុំ និង​ចាក់​វ៉ាក់សាំង និង​នៅ​ផ្ទះ​ជា​បណ្តោះអាសន្ន​នោះ​ទេ អាយុ​ជីវិត​បុគ្គល​ណា​ម្នាក់ ឬ​អាច​មាន​ច្រើន​នាក់​នឹង​ត្រូវ​ឆក់​យក​ដោយសារ​តែ​ជំងឺ​កូវីដ ១៩ ដោយ​ងាយ​ស្រួល​ហើយ»។

លោកស្រី ឱ វណ្ណឌីន បាន​បន្ត​ថា បើ​មិន​ចង់​មាន​ជំងឺ​កូវីដ ១៩ ទេ​នោះ គឺ​ត្រូវ​ខិតខំ អត់ធ្មត់​ទ្រាំ​ការ​លំបាក​ក្នុង​រយ:ពេល​ខ្លី ជាជាង​រង​នូវ​ការ​លំបាក​ក្នុង​រយ:ពេល​យូរ ដោយ​អនុវត្តន៍​វិធានការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​ជា​បន្ត​បន្ទាប់​នេះ។

លោកស្រី​បាន​សង្កត់​ធ្ងន់​ថា៖ «កាល​សង្រ្គាម យើង​ខ្លាច​ត្រូវ​គ្រាប់​ផ្លោង នាំ​គ្នា​ជ្រកកោន​ក្នុង​ត្រង់សេ តែ​ពេល​នេះ យើង​ខ្លាច​វីរុស​កូវីដ ១៩ ផ្លោង​ដាក់​យើង យើង​ត្រូវ​នាំ​គ្នា​នៅ​ផ្ទះ ដែល​ការ​នៅ​ផ្ទះ​របស់​យើង វា​ងាយ​ស្រួល​ជាង​ការ​ជ្រក​ក្នុង​ត្រង់សេ​ឆ្ងាយ​ណាស់ ហើយ​សត្រូវ​អត់​ស្រមោល​កូវីដ ១៩ ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ការ​វាយ​លុក និង​រក​យើង​មិន​ឃើញ​ទៀត​ផង»៕