ព្រះសីហនុ: អាជ្ញាធរខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ​សីហា​បាន​ចុះ​ពិនិត្យ​ផ្ទៃដី​ដែល​ប្រជាសហគមន៍​សុំ​វៀល​ចេញ​ពី​គម្រប​ព្រៃឈើ​ប្រមាណ​ ៣០៣ ​ហិកតា ដើម្បី​ប្រគល់​ឲ្យ​ទៅ​ពលរដ្ឋ​ចំនួន​ ៦៨ ​គ្រួសារ​ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ​ត្រងាល​ក្នុង​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ប៉ុន្ដែ​តំណាង​ប្រជាសហគមន៍​នៅ​មិន​ទាន់​មាន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ដី​នេះ​នៅ​ឡើយ​ទេ​។

លោក សំ សុផាត តំណាង​ប្រជាសហគមន៍​ចំនួន​ ៦៨ ​គ្រួសារ​បាន​ឲ្យ​ដឹងថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀត​មាន​ការសប្បាយ​រីករាយ​ដែល​បាន​ឃើញ​អាជ្ញាធរ​ឆ្លើយតប​តាម​សំណូមពរ​របស់​ពួកគេ ប៉ុន្ដែ​លោក​នៅ​មិន​ទាន់​មាន​សង្ឃឹម​នៅ​ឡើយ ព្រោះ​អាជ្ញាធរ​គ្រាន់តែ​ចុះ​ពិនិត្យ​ស្ថានភាព​ដី​ជាក់ស្ដែង​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ពលរដ្ឋ​បាន​ដាក់​សំណើសុំ​កាត់​វៀល​ដី​គម្រប​ព្រៃ​នេះ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​អាជ្ញាធរ​បាន​ប្រាប់​ថា កំពុង​រវល់​មិន​ទាន់​អាច​ចុះ​ទៅ​មើល​ជាក់ស្ដែង​បាន​ទេ​។ លុះ​ពេល​ចប់​ការងារ​បោះឆ្នោត​នេះ ទើប​អាជ្ញាធរ​ចុះ​មក​ពិនិត្យ​ដើម្បី​ដឹងថា តំបន់​នោះ​អាច​វៀល​កាត់​ដី​បាន​ឬ​អត់​?

លោក សុផាត បញ្ជាក់​ថា​៖ «​មន្ត្រី​អាជ្ញាធរ​ហ្នឹង​គេ​ចុះ​មក​ពិនិត្យ​មើល​ហើយ ប៉ុន្ដែ​ពេល​ខ្ញុំ​សួរ​ពួកគាត់​ទៅ ពួកគាត់​បាន​ឆ្លើយ​ថា មិនទាន់​ដឹង​ទេ គាត់​គ្រាន់តែ​ពិនិត្យ​មើល​ហើយ​សរសេរ​របាយការណ៍​ផ្ញើ​ទៅ​ក្រសួង​កសិកម្ម​មើល​សិន​។ គាត់​ឆ្លើយ​មក​អ៊ីចឹង ខ្ញុំ​ក៏​គិត​ថា​ប្រហែល​មាន​សង្ឃឹម​តិច​ណាស់​​អ៊ីចឹង​»​។

ទោះបី​យ៉ាង​ណា​លោក​បាន​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​យល់​ព្រម​វៀល​ដី​តំបន់​នោះ​ជូន​ពលរដ្ឋ ព្រោះ​ពួកគាត់​នៅ​ក្នុង​តំបន់​នោះ​​សុទ្ធតែ​ជា​ជនក្រីក្រ​មិន​មាន​ដី​សម្រាប់​ធ្វើ​កសិកម្ម ហើយ​ក៏​មិន​មាន​មុខរបរ​អ្វី​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ​ដែរ​។

លោក អ៊ី ធារិន ប្រធាន​ចាត់ចែង​អន្តរវិស័យ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​នោះ​តាម​ការស្នើសុំ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ស្នើ​ឲ្យ​ជួយ​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​មើល​ស្ថានភាព​ដី​ជាក់ស្ដែង ហើយ​ត្រូវ​បញ្ជូន​របាយការណ៍​ទៅ​ក្រសួង​ដើម្បី​ពិនិត្យ​សម្រេច​ថា តើ​ត្រូវ​​វៀល ឬ​មិន​វៀល​?

លោក​បញ្ជាក់​ថា​៖ «​អត់​ទាន់​ដឹង​លទ្ធផល​ទេ ព្រោះ​ខាង​ជំនាញ​ក្រសួងកសិកម្ម​បាន​ផ្ដល់​ផែនទី ហើយ​គេ​ឲ្យ​យើង​ពិនិត្យ​មើល​ទីតាំង​ជាក់ស្ដែង តើ​មាន​មនុស្ស​រស់នៅ​ឬ​អត់​? ​មាន​អ្នកភូមិ​ធ្វើស្រែ​ចម្ការ​ឬ​អត់​? ​ហើយ​ទីតាំង​ដី​ហ្នឹង​ស្ថិត​នៅ​ក្នុង​ព្រៃ​ ឬ​ទីកន្លែង​វាល​គ្មាន​ព្រៃ​? ពេល​យើង​ឃើញ​ជាក់​ស្ដែង​ពួក​ខ្ញុំ​ត្រូវ​សរសេរ​របាយការណ៍​ទៅ​ខាង​ក្រសួង​វិញ​ហើយ​គេ​សម្រេច​យ៉ាងណា​ខ្ញុំ​អត់​ទាន់​ដឹង​ទេ​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) បាន​ថ្លែងថា ទោះបី​ជា​កំពុង​បំពេញភារកិច្ច​របស់​ខ្លួន​ក្នុង​ការងារ​នេះ ប៉ុន្ដែ​លោក​យល់​ឃើញ​ថា​វា​ជា​សញ្ញា​ល្អ​ដែល​អាជ្ញាធរ​បាន​ឆ្លើយតប​តាម​តម្រូវការ និង​ការស្នើសុំ​​របស់​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​​ទាន់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើតឡើង​ទេ ជុំវិញ​ការពិនិត្យ​ទីតាំង​ជាក់ស្ដែង​នេះ ហើយ​ខ្ញុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំរុញ​ការដោះស្រាយ​ឲ្យ​ពួកគាត់​បាន​ឆាប់ ព្រោះ​ការស្នើសុំ​នេះ​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​ជា​ពេល​ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នេះ​ដែរ​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិត​អន្តរាគមន៍​លេខ ៥៧០៣ កសក​ចុះ​ថ្ងៃទី​ ១១ ខែ​មិថុនា​ឆ្នាំ​ ២០១៨ ទៅ​ឱ្យ​សាលា​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ក្រុម​ពលរដ្ឋ​ក្នុង​សហគមន៍​អូរត្រជាក់ចិត្ត ដាក់​ញត្តិ​ស្នើសុំ​កាត់​វៀល​ដី​កាលពី​ខែ​មីនា ​ឆ្នាំ​ ២០១៨ កន្លង​មក​នេះ​៕