ព្រះសីហនុ៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កាល​ពី​ម្សិលមិញ​បាន​សម្រេច​ផ្អាក​ដំណើរការ​អាជីវកម្ម​រោងចក្រ ២ កន្លែង ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​រក​ឃើញ​កម្មករ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ១៩។

រោងចក្រ​ទាំង ២ កន្លែង​នោះ មាន​ឈ្មោះ ដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និង ខេមអាយឃែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាតិលេខ ៤ ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី ៣ ខែ​ឧសភា​ថា ការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​យក​វត្ថុ​សំណាក​ពី​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង ២ ហើយ​លទ្ធផល​បញ្ជាក់​ថា មាន​វិជ្ជមាន​វីរុស​កូវីដ ១៩។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បន្ថែម​ទៀត​ដល់​កម្មករ​នៅ​ក្នុង​រោងចក្រ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​ដំណើរការ​អាជីវកម្ម​រោងចក្រ​ដាប់ប៊ែលយូ អ៊ីជីស៊ី មេនូហ្វេកធើរីង និង​រោងចក្រ​ខេម​អាយឃែរ រយៈពេល ៤ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ»។

លោក គួច ចំរើន បន្តថា ក្នុង​អំឡុង​ពេល ៤ ថ្ងៃ​នេះ តម្រូវ​ឱ្យ​នាយក​រោងចក្រ​ទាំង ២ សហការ​ជាមួយ​ក្រុម​ការងារ​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ ១៩ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ដល់​ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​វិភាគ​រក​មេរោគ​កូវីដ ១៩ តាម​ការ​កំណត់។

លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា បុគ្គលិក​កម្មករ​និយោជិត​ទាំង​អស់​របស់​រោងចក្រ​ត្រូវ​ផ្អាក​ការ​ចេញ-ចូល​រោងចក្រ។ ក្រោយ​ពេល​បាន​ផ្តល់​វត្ថុ​សំណាក​រួច​ពួក​គេ​ត្រូវ​សម្រាក​នៅ​ផ្ទះ​រង់ចាំ​រហូត​ដល់​កម្មករ​នៅ​ក្នុង​រោងចក្រ​ពាក់ព័ន្ធ​វិភាគ​វត្ថុ​សំណាក​បាន​គ្រប់ៗ​គ្នា និង​មាន​លទ្ធផល​ជា​ផ្លូវ​ការ​ទើប​អាច​បន្ត​ការងារ​ជា​ថ្មី​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

លោក ចំរើន បាន​បន្ថែម​ថា៖ «ក្នុង​ករណី​លោក (នាយក​រោងចក្រ) មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាង​លើ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នឹង​ចុះ​អនុវត្ត​វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន»។

លោក​ គង់ វិតាណៈ អភិបាល​រង​ខេត្ត​ព្រះសីហនុ​មិន​អាច​ទាក់ទង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃទី ៤ ខែ​ឧសភា​នេះ។

យោង​តាម​របាយការណ៍​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៤ ខែ​ឧសភា​នេះ ខេត្ត​ព្រះសីហនុ​មាន​អ្នក​វិជ្ជមាន​កូវីដ ១៩ សរុប​ចំនួន ២ ០២៣ នាក់ អ្នក​ជា​សះស្បើយ​មាន ៨៥១ នាក់ ស្លាប់ ៦ នាក់ និង​កំពុង​សម្រាក​ព្យាបាល ១ ១៦៥ នាក់។

នៅ​ថ្ងៃទី ៣ ឧសភា​នោះ​ដែរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ថា មាន​កម្មករ​ព្យួរ​កិច្ចសន្យា​ការងារ​នៃ​រោងចក្រ​ញូវស្តារ ១ នាក់ បាន​លួច​គេច​វេះ​ចេញ​តំបន់​បិទ​ខ្ទប់​នៃ​ខេត្ត​ព្រះសីហនុ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង និង​មាន​វិជ្ជមាន​កូវីដ ១៩។

អ្នក​ជំងឺ​រូប​នេះ បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​កម្មករ​ដែល​បាន​ព្យួរ​កិច្ចសន្យា​ការងារ​​ជាមួយ​គ្នា​ចំនួន ២០ នាក់​ទៀត​នៃ​រោងចក្រ​ញូវស្តារ​នេះ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា «ទង្វើ​របស់​បុគ្គល​ខាង​លើ​នេះ គឺ​ជា​អំពើ​ដោយ​ចេតនា​មិន​គោរព​វិធានការ​រដ្ឋបាល​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៤ និង​មាត្រា ១០ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត»។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ឱ្យ​អភិបាល​ខេត្ត​ស្ទឹងត្រែង​ លោក ម៉ុម សារឿន ចាត់​វិធានការ​ច្បាប់​ចំពោះ​កម្មករ​រូប​នេះ «ឱ្យ​បាន​តឹងរ៉ឹង​បំផុត»៕