សៀមរាបៈ រដ្ឋបាលខេត្ដសៀមរាបទុករយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ ថ្ងៃទី ២ ខែតុលា ឆ្នាំនេះ ជាកំហិតដល់ពលរដ្ឋដែលមានសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបស្ថិតក្នុងក្រុងនេះឱ្យរុះរើចេញ ដោយខ្លួនឯងក្នុងករណីមិនរុះរើនឹងចាត់វិធានការតាមច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដ។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្ដិ៍នៅ ថ្ងៃទី ២៧ កញ្ញា ថារយៈពេល ២ ថ្ងៃកន្លងមកនេះក្រុមការងាររបស់រដ្ឋបាលខេត្ដបានបែងចែកគ្នាជាច្រើនក្រុមចុះទៅវាស់វែង និងជូនដំណឹងដល់ទីតាំងសំណង់ដែលពលរដ្ឋបានសាងសង់ រំលោភលើចំណីផ្លូវដើម្បីកំណត់បច្ចេកទេសថា ត្រូវរុះរើសំណង់នោះថយក្នុងទំហំប៉ុនណាឱ្យស្របទៅតាមប្លង់ប្រព័ន្ធរបស់រដ្ឋបាលខេត្ដ។
លោកថា៖ «ទំហំផ្លូវជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ វាមានទំហំតូចជាងផ្លូវ ដែលបានកំណត់នៅក្នុងប្លង់ប្រព័ន្ធរបស់រដ្ឋបាលខេត្ដ។ ដូច្នេះដើម្បីអនុវត្ដតាមផែនការនៃការស្ថាបនាផ្លូវទាំង ៣៨ ខ្សែនេះឱ្យមានលក្ខណៈស្ដង់ដា សោភណភាពល្អ និងអាចឱ្យក្រុមការងារស្ថាបនាផ្លូវអាចអនុវត្ដកិច្ចការងារបានគឺយើងត្រូវតែរៀបចំសំណង់រំលោភលើចំណីផ្លូវនេះជាមុន»។
លោកបន្តថាការស្ថាបនាផ្លូវទាំង ៣៨ ខ្សែនេះមិនមានប៉ះពាល់ដល់ដីប្រជាពលរដ្ឋទេ។ ការឱ្យរុះរើនេះគឺចំពោះតែប្រជាពលរដ្ឋដែលបានសាងសង់សំណង់នៅលើដីចំណីផ្លូវទេ។ បើតាមលោក សំរិទ្ធ សំណង់ ដែលបានសាងសង់ រំលោភលើដីចំណីផ្លូវមានជាង ១០០ គ្រួសារ។ ក្នុងនោះមានពលរដ្ឋមួយចំនួនស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង នៅសល់ពលរដ្ឋតិចតួចទៀតប៉ុណ្ណោះដែលកំពុងចរចាដើម្បីស្ម័គ្រចិត្ដរុះរើចេញ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីថ្ងៃទី ២៣ កញ្ញា បានជូនដំណឹងដល់ពលរដ្ឋពីការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបដោយរុះរើសំណង់របស់ខ្លួនដោយខ្លួនឯងក្នុងរយៈពេល ១០ ថ្ងៃគិតចាប់ពីថ្ងៃទី ២៣ កញ្ញា ដល់ថ្ងៃទី ២ តុលា ឆ្នាំ ២០២០ ជាកំហិត។ លោកថា មន្ត្រីជំនាញនឹងចុះសហការវាស់វែងជូនប្រជាពលរដ្ឋចាប់ពីជូនដំណឹងនេះ។
លោកថ្លែងថា៖ «ក្នុងករណីពុំបានរុះរើតាមការកំណត់ រដ្ឋបាលខេត្តនឹងចាត់វិធានការ រុះរើតាមនីតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ»។
លោកអភិបាលបញ្ជាក់ថាការសាងសង់ផ្លូវទាំងនេះ គឺជាផលប្រយោជន៍រួម និងដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តសៀមរាប ដែលជាតំបន់ប៉ូលមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ក្រោយចប់វិបត្តិកូវីដ ១៩ ខេត្តសៀមរាបនឹងត្រៀមខ្លួនជាថ្មីម្តងទៀតក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
យោងតាមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើកទី ១ ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ផ្លូវនេះដែលដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី ២៥ កញ្ញា បានសម្រេច ស្ថាបនា និងកែលម្អផ្លូវទាំង ៣៨ ខ្សែ ក្នុងក្រុងសៀមរាបនេះឡើងវិញទាំងអស់។ ផ្លូវទាំងនេះត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ និង ស្របតាមភូមិសាស្ត្រទីក្រុង។
អន្តរក្រសួងសម្រេចថា ផ្លូវទាំងអស់ត្រូវស្ថាបនាឡើងជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព រួមមាន ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ស្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួន និងដាំដើមឈើ។
សេចក្តីសម្រេចរបស់ក្រុមការងារអន្តរក្រសួងបញ្ជាក់ថា៖ «ត្រូវពន្លឿន ការងាររៀបចំស្ថាបនាផ្លូវ ៣៨ ខ្សែ ដែលសម្តេចនាយករដ្ឋមន្ដ្រីបានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន ១៥០ លានដុល្លារ សម្រាប់ស្ថាបនានេះឱ្យបានលឿនជាទីបំផុត។ បើសិនជាគ្មានការប្រែប្រួលទេនោះផ្លូវទាំង ៣៨ ខ្សែនេះ នឹងត្រូវបើកការដ្ឋានស្ថាបនាជាផ្លូវការដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ»៕