សៀមរាបៈ មន្ត្រីប៉ូលិស​ខេត្ត​សៀមរាប​បាន​ចុះ​ណែនាំ​អាជីវករ​ដែល​ប្រកបរបរ​ផ្ទេរ និង​ដក​ប្រាក់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ខេត្ត​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិច​ឆបោក​ថ្មី ដែល​ជនខិលខូច​បន្លំ​ខ្លួន​ធ្វើ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្ទេរ​ និង​ដក​ប្រាក់ ដើម្បី​ប្រើល្បិច​លួច​យក​លុយ​របស់​អាជីវករ​ដែល​បាន​តម្កល់ទុក​នៅក្នុង​ម៉ាស៊ីន​ផ្ទេរ និង​ដក​ប្រាក់​។

លោក ភឹង ចិន្តារេត ស្នងការរង និង​ជា​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ថ្វី​ដ្បិត​នៅក្នុង​ខេត្ត​សៀមរាប មិនទាន់​កើត​មាន​ករណី​ឆបោក​ថ្មី​នេះ​ក្តី ប៉ុន្តែ​ការបញ្ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​មន្ត្រី​ប៉ូលិស​តាម​ប៉ុស្ដិ៍​ត្រូវ​ចុះទៅ​ណែនាំ​អាជីវក​របើក​កន្លែង​ផ្ទេរ​ និង​ដក​ប្រាក់​នេះ​គឺ​ដើម្បី​បង្ការ​ទុក​មុន​។

លោក​ថា​៖ «​បទល្មើស​ហ្នឹង​គឺ​មាន​នៅ​ភ្នំពេញ ហើយ​ដើម្បី​កុំ​ឱ្យ​មាន​នៅ​ខេត្ត​សៀមរាប យើង​ធ្វើការ​ផ្សព្វផ្សាយ​ និង​អប់រំ​ឱ្យបាន​មុន ចៀសវាង​កុំឱ្យ​ពួកគាត់​រងគ្រោះ​»​។

ចំណែក​លោក ណុប សារ៉ាក់ អធិការ​ក្រុង​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា មាន​កន្លែង​បើក​អាជីវកម្ម​ផ្ទេរប្រាក់ និង​ដក​ប្រាក់​ប្រហែល​​ ៦០ ​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ទាំង​ ១២ នៅក្នុង​ក្រុង​សៀមរាប​ត្រូវ​បាន​មន្ត្រីប៉ូលិស​ប៉ុស្ដិ៍​ចុះ​ទៅ​ណែនាំ​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​ករណី​ឆបោក​នេះ​ចាប់តាំងពី​ខាង​អធិការដ្ឋាន​ក្រុង​បាន​ទទួល​បាន​ការណែនាំ​ពី​ស្នងការ​ខេត្ត​ឱ្យ​ចុះ​ធ្វើការងារ​នេះ​តាំងពី​ថ្ងៃ​សុក្រ​មក​។

លោក​ថា​៖ «​ជន​ឆបោក​ទាំងអស់​គឺ​ខល​ទៅ​ម្ចាស់​អាជីវកម្ម​ទាំង​ហ្នឹង ដោយ​ដើរតួ​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ហើយ​ប្រាប់ថា​ខាង​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ដូរ​ម៉ាស៊ីន​ផ្ទេរ​ និង​ដក​ប្រាក់ អ៊ីចឹង​សុំឱ្យ​ម្ចាស់​ហ្នឹង​ផ្ដល់​លេខ​កូដ​ដើម្បី​ដូរ​ម៉ាស៊ីន​ថ្មី​នៅពេល​ផ្ដល់​លេខ​កូដ​សម្ងាត់​ និង​លេខ​ម៉ាស៊ីន​ហើយ​ជន​ទាំងអស់​ហ្នឹង​នឹង​អាច​យក​ទៅ​ដក​ប្រាក់​បាន​ហើយ​»​។

ទោះ​ជា​យ៉ាងណា​លោក ឆាយ គឹមឃឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​លើកឡើង​ថា លោក​មិន​ដែល​ដឹងថា មាន​ករណី​បោក​ប្រាក់​ថ្មី​នេះ​ទេ ហើយ​ក៏​មិនមាន​ការណែនាំ​ឱ្យ​មន្ត្រីប៉ូលិស​តាម​ខេត្ត ចុះ​ធ្វើការ​ណែនាំ​ដល់​អាជីវកម្ម​បែបនេះ​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​ដូចជា​អត់​បាន​ទទួល​គោលការណ៍​ហ្នឹង​ទេ​ ប៉ុន្តែ​ការចុះ​ទៅ​អប់រំ​របស់​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​អ៊ីចឹង​គឺ​ល្អ​របស់ គាត់​ហើយ​ដើម្បី​បង្ការ​ទុកជាមុន​»​។

បើ​តាម​បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន True Money (Cambodia) Limited បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា ខាង​ក្រុមហ៊ុន​មិន​ទាន់​ទទួលបាន​ករណី​ឆបោក​ថ្មី​នេះ​ទេ ប៉ុន្តែ​លោក​ថា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ដើម្បី​បើក​អាជីវកម្ម​ផ្ទេរប្រាក់ និង​ដក​ប្រាក់​គឺ​ត្រូវ​តែ​មាន​លុយ​គ្រប់គ្រាន់​ដោយ​លុយ​មួយ​ចំនួន​ទុក​បើក​ឱ្យ​អតិថិជន និង​មួយ​ចំនួន​ទៀត​តម្កល់ទុក​ក្នុង​ម៉ាស៊ីន​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​គេ​មក​ដក​លុយ អ៊ីចឹង​ភ្នាក់ងារ​ហ្នឹង​ត្រូវ​មាន​លុយ​ក្នុង​ដៃ​ឱ្យ​គាត់​ហើយ​គណនី​របស់​ភ្នាក់ងារ​កើនឡើង​ចំនួន​ទឹកប្រាក់​ហើយ​នៅពេល​ដែល​គេ​មក​វេរលុយ អ៊ីចឹង​ភ្នាក់ងារ​ហ្នឹង​ត្រូវ​មាន​លុយ​នៅក្នុង​ម៉ាស៊ីន​ដែរ​»​។

លោក ទ្រី រតនា អាជីវករ​ម្នាក់​បើក​កន្លែង​ផ្ទេរប្រាក់ និង​ដក​ប្រាក់ ទ្រូ ម៉ាន់នី នៅ​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា លោក​ពុំ​ធ្លាប់​ជួប​ករណី​បោក​ប្រាក់​នេះ​ទេ ប៉ុន្តែ​លោក​ថា​ព័ត៌មាន​ខ្លះ​ដែលថា មាន​អ្នក​ត្រូវ​ចាញ់បោក​អាច​ដោយសារ​ពលរដ្ឋ​ទាំងនោះ​ខ្វះ​ការយល់ដឹង និង​ជឿ​ថា​មាន​ការផ្ដល់​រង្វាន់​ចំពោះ​ការប្ដូរ​លេខ​កូដ​ក្នុង​ម៉ាស៊ីន​ថ្មី​។

លោក​ថា​៖ «​ប្រសិន​យើង​ប្រាប់​លេខ​គណនី​ម៉ាស៊ីន​យើង​ទៅ​ឱ្យ​គេ អាហ្នឹង​គេ​អាច​រកឃើញ​លេខ​កូដ អ៊ីចឹង​គេ​អាច​ដក​ប្រាក់​ដែល​ទុក​នៅក្នុង​ម៉ាស៊ីន​ហ្នឹង​បាន​ហើយ​»៕