
ទិដ្ឋភាពនៃការពុះដីជាឡូត៍លក់នៅខេត្តស្វាយរៀង។ រូបថត ហ្វេសប៊ុក
ស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញដីឡូត៍នៅក្នុងខេត្ត ដើម្បីកុំឱ្យមានការខាតបង់ផលប្រយោជន៍ទៅថ្ងៃក្រោយដោយសារមានក្រុមហ៊ុនខ្លះពុំទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយមុននឹងសម្រេចចិត្តទិញត្រូវសាកសួរព័ត៌មានពីគម្រោងឱ្យបានច្បាស់សិន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី ៨ ខែកុម្ភៈ បានឱ្យដឹងថា បច្ចុប្បន្ននេះមានក្រុមហ៊ុន និងអាជីវករដែលធ្វើអាជីវកម្មពុះដីឡូត៍លក់នៅភូមិសាស្ត្រខេត្តស្វាយរៀងបាននិងកំពុងរីកដុះដាល និងមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជីវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ដែលចេញដោយអាជ្ញាធរមន្ទីរអង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបានរំឭកពលរដ្ឋថា មុននឹងសម្រេចចិត្តទិញដីឡូត៍នៅទីតាំងណាមួយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយឬនៅ?។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ដើម្បីបញ្ចៀសហានិភ័យជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំបោកប្រាស់ ឬកេងចំណេញ ដោយប្រការណាមួយ សូមពលរដ្ឋ និងសាធារណជន ពិនិត្យនិងស្វែងយល់ឱ្យដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម។ ក្នុងនោះរួមមាន៖ ១- លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី។ ២- លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍។ ៣- កិច្ចសន្យាពាក់ព័ន្ធ និង ៤- ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និង អត្តសញ្ញាណម្ចាស់អចលនវត្ថុជាដើម។
បើតាមរដ្ឋបាលខេត្តស្វាយរៀងក្នុងករណីបងប្អូនពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីវកម្មពុះដីឡូត៍ណាមួយសូមទាក់ទងមកកាន់រដ្ឋបាលក្រុង-ស្រុកដែលទីតាំងដីឡូត៍នោះស្ថិតនៅ ឬមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមកាលពីថ្ងៃ ១០ កុម្ភៈថា កន្លងមកមិនមានករណីណាមួយកើតឡើងទេ ប៉ុន្តែការជូនដំណឹងនេះគ្រាន់តែជាការគិតគូរដើម្បីការពារកុំឱ្យពលរដ្ឋកុំចាញ់បោកនិងខាតបង់ផលប្រយោជន៍នៅពេលខាងមុខ ព្រោះបច្ចុប្បន្ននេះអាជីវកម្មដីឡូត៍ក្នុងខេត្តបាននិងកំពុងរីកចម្រើន។
បើតាមលោក ពិសិដ្ឋ ស្ថានភាពនៃការពុះដីឡូត៍ក្នុងខេត្តមានច្រើន ដោយពេលខ្លះការអភិវឌ្ឍមួយចំនួន ហាក់មិនគោរពតាមច្បាប់ ដូចជាមិនមានផ្លូវ ភ្លើង និងទឹកដោយពេលលក់ចប់គឺគាត់ដើរចេញ។ ដូច្នេះច្បាប់ថ្មីដែលបានចេញកន្លងមកនេះក្រុមហ៊ុន ឬអាជីវករត្រូវអភិវឌ្ឍឱ្យបាន ១០ ភាគរយ ឬ ៣០ ភាគរយ គឺមានន័យថា មានផ្លូវ មានលូ ភ្លើង និងទឹក។ នៅពេលអភិវឌ្ឍទាំងអស់នេះបានហើយទើបអាចពុះជាឡូត៍លក់បាន។
លោកបានបញ្ជាក់ថា៖ «យើងគ្រាន់តែការពារពលរដ្ឋរបស់យើងសួរនាំទៅលើទិដ្ឋភាពច្បាប់ និងបញ្ហាពាក់ព័ន្ធនានាកុំឱ្យទាល់មានបញ្ហាគាត់ចោទមកលើអាជ្ញាធរ ឬក៏រដ្ឋបាលខេត្តយើងថា មិនបានជូនដំណឹងដល់គាត់។ មួយវិញទៀត គឺយើងគ្រាន់តែជួយសម្រួលដល់ការរកស៊ីរបស់ម្ចាស់គម្រោងដោយត្រូវធ្វើយ៉ាងឱ្យមានយុត្តិធម៌ទាំងអ្នករកស៊ី និងប្រជាពលរដ្ឋ»។
លោក ហេង ជីវ័ន្ត ម្ចាស់គម្រោងដីឡូត៍មួយនៅក្រុងស្វាយរៀងបានគាំទ្រ និងចាត់ទុកការជូនដំណឹងរបស់រដ្ឋបាលខេត្តថា ជាការជួយទប់ស្កាតអ្នករកស៊ីមិនត្រឹមត្រូវដែលធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីសុចរិត។ ប៉ុន្តែលោកថា ពលរដ្ឋនៅទីនេះ បើដឹងថា ដីណាមិនមានច្បាប់អនុញ្ញាតគឺពួកគេមិនទិញទេ។
ទោះជាយ៉ាងណា លោក ជីវ័ន្ត បានបញ្ជាក់ថា ការរកស៊ីពុះដីឡូត៍នៅទីនេះ (ខេត្តស្វាយរៀង) នៅមានការលំបាកច្រើន ព្រោះត្រូវការចំណាយច្រើនដែលខុសពីខេត្តផ្សេងៗ ដោយសារមានបង្គោល និងខ្សែភ្លើងហើយ តែគេមិនអូសខ្សែឱ្យទេ លុះត្រាតែទៅជួបខាងមន្ត្រីអគ្គិសនី រួចចរចាគ្នា ទើបគេមកដាក់ឱ្យហើយចំពោះប្រព័ន្ធទឹកវិញក៏ដូចគ្នាដែរ។
លោកថា៖ «អាជ្ញាធរហាក់មិនជួយសម្រួលដល់ម្ចាស់គម្រោងសោះ បើទោះបីបានលើកសំណើនេះទៅកាន់រដ្ឋបាលខេត្តដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែហាក់ដាក់ទៅស្ងាត់ឈឹង»៕
វីដេអូ៖