បន្ទាយមានជ័យៈ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាទៅសមត្ថកិច្ចក្រោមឱវាទនៅទូទាំងខេត្តឱ្យធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋទាំងអស់មិនឱ្យលេងគ្រឿងផ្ទុះ ដូចជាផាវ កាំជ្រួចជាដើមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃគឺពីថ្ងៃទី ១២ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ ២០២១។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានណែនាំដល់បណ្ដាអធិការក្រុង ស្រុកទាំងអស់ក្នុងខេត្តបន្ទាយមានជ័យត្រូវអប់រំ និងប្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមដោយហាមលេងផាវ រំសេវ និងដុតកាំជ្រួចគ្រប់ប្រភេទជាដាច់ខាត។ នគរបាលចំណុះស្នងការដ្ឋានត្រូវចុះបង្ក្រាប និងហាមដាច់ខាតនូវការនាំចូលរំសេវភេរវកម្មគ្រប់ប្រភេទ ហើយត្រូវចុះណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឱ្យមនុស្សស្លាប់។
លោក សិទ្ធិ ឡោះ បញ្ជាក់ថា៖ «មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយអប់រំឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឱ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូល ការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ»។
អ្នកនាំពាក្យខេត្តព្រះសីហនុលោក ឃាង ភារម្យ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញ ថា គណៈបញ្ជាការឯកភាពខេត្តនឹងធ្វើការប្រជុំនៅមុនពិធីចូលឆ្នាំប្រពៃណីចិន ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំខ្លះក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
លោកប្រាប់ថា៖ «ឥឡូវនេះទើបតែពាក់កណ្តាលខែមករានៅឡើយ យើងរង់ចាំមើលចូលដល់កុម្ភៈសិន។ រង់ចាំការប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តសិន ថា តើ នឹងមានការដាក់គោលការណ៍ណែនាំយ៉ាងណានោះ ខ្ញុំនឹងជម្រាបជូនបន្តទៀត ដោយសារពេលនេះយើងមិនទាន់មានគោលការណ៍ណែនាំអីនៅឡើយទេ»។
បើតាមមន្ត្រីនាំពាក្យរូបនេះការប្រជុំអាចនឹងធ្វើឡើងនៅ ២ សប្តាហ៍មុនចូលឆ្នាំចិន ដែលអាចនឹងមានការដាក់នូវផែនការការពារក៏ដូចជាការរៀបចំព្រឹត្តិការណ៍ផ្សេងៗសម្រាប់ពិធិបុណ្យចូលឆ្នាំចិននេះ។
លោកថ្លែងថា៖ «រដ្ឋបាលខេត្តនឹងមានការចេញជាលិខិតជូនដំណឹងឱ្យមានការផ្សព្វផ្សាយពាក់ព័ន្ធនឹងអ្វី ដែលនឹងត្រូវហាមឃាត់ ឬមិនឱ្យធ្វើនៅក្នុងពិធីនេះ»។
ជារៀងរាល់ឆ្នាំរដ្ឋបាលរាជធានីភ្នំពេញតែងតែហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬ បង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា សាលារាជធានីភ្នំពេញនឹងមានសេចក្តីណែនាំទៅដល់ប្រជាពលរដ្ឋទាក់ទងនឹងការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមនៅពេលខាងមុខនេះ។
កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមឆ្នាំមុន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ មិនឱ្យមានការដុតផាវ កាំជ្រួច ឬសំឡេងផ្ទុះណាមួយឡើយ។ ហាមលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង និងហាម រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត៕
វីដេអូ៖