សៀមរាបៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ដ្រីរដ្ឋបាលព្រៃឈើ ខេត្ដសៀមរាបបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាពកាប់រុករាន ទន្ទ្រានដីព្រៃរបស់រដ្ឋ និងអំពាវនាវដល់មន្ដ្រីមូលដ្ឋាននៅស្រុក ឃុំ ភូមិចូលរួមសហការក្នុងការការពារ ខណៈដីព្រៃរបស់រដ្ឋក្នុងខេត្ដនេះកំពុងទទួលរងការរំលោភបំពាន។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដសៀមរាបបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងសហគមន៍ក្នុងខេត្ដសៀមរាបមានជាង ៣ ម៉ឺនហិកតាដែលដីព្រៃទាំងនេះ សម្បូរទៅដោយឈើធ្នង់ គ្រញូង និងពូជឈើល្អលេខ ១ របស់កម្ពុជាជាច្រើនប្រភេទទៀត។
លោកថា ទោះពីមន្ដ្រីរដ្ឋបាលព្រៃឈើចុះធ្វើការផ្សព្វផ្សាយ ណែនាំដាក់ស្លាកបម្រាមហាមឃាត់ ការរំលោភបំពានជារៀងរាល់ថ្ងៃក្តី ប៉ុន្ដែជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសនៅពេលស្ងាត់ទាំងពេលយប់ និងថ្ងៃទៅកាប់រុករាន រំលោភបំពានទន្ទ្រានយកដីព្រៃរបស់រដ្ឋនេះដដែល។
លោក គឹមសុទ្ធ បានថ្លែងថា៖ «ក្នុងពេលមន្ដ្រីរដ្ឋបាលព្រៃឈើចុះដាក់ស្លាកបម្រាមហាមឃាត់នៅតាមដីព្រៃ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ យើងសង្កេតឃើញថា នៅតែមានការចូលទៅរំលោភបំពាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងការលួចធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋផងដែរ»។ លោកបញ្ជាក់ថា៖ «ឲ្យតែយើងចន្លោះប្រហោងបន្តិចនឹងមានអ្នកលួចចូលរុករានទន្ទ្រានដីព្រៃហើយ។ ការរំលោភបំពាននេះភាគច្រើនជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្ដែក៏មានពលរដ្ឋខ្លះ មកស៊ីឈ្នួលក្នុងទឹកដីខេត្ដសៀមរាបច្រើនឆ្នាំទៅក៏បានទៅចូលលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនេះដែរ»។
លោក គឹមសុទ្ធ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋបញ្ឈប់នូវសកម្មភាពកាប់រុករានព្រៃឈើ ទន្ទ្រានយកដីព្រៃរបស់រដ្ឋព្រោះជាអំពើខុសច្បាប់។ លោកបន្តថា៖ «ការថែរក្សា អភិរក្សព្រៃឈើនេះ បើពឹងផ្អែកតែទៅលើមន្ដ្រីរដ្ឋបាលព្រៃឈើក៏មិនអាចរារាំងជាប់ដែរទាល់តែមានការចូលរួមថែរក្សាការពារពីប្រជាពលរដ្ឋ និងមន្ដ្រីមូលដ្ឋានស្រុកភូមិ ព្រោះមន្ដ្រីរដ្ឋបាលព្រៃឈើមិនអាចនៅយាមដីព្រៃនោះជាប់ជាប្រចាំបានទេ»។
លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅស្ថិតនៅក្នុងភូមិ-ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី ៥ ខែមិថុនា បានដឹកនាំកម្លាំងចុះប្រតិបត្តិការល្បាតព្រៃ និងដាក់ស្លាកបម្រាមហាមឃាត់ ការកាប់រុកទន្ទ្រានដីព្រៃរបស់រដ្ឋ។ លោកបានអំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការផ្ទេរសិទ្ធិដីធ្លី ដែលជាដីមានការរំលោភបំពានលើផ្ទៃដីព្រៃរបស់រដ្ឋ និងសំណូមពរសុំដល់អាជ្ញាធរស្រុកពាក់ព័ន្ធ សហការដោះស្រាយករណីរំលោភយកដីព្រៃឈើរបស់រដ្ឋនេះ។
លោកបានបញ្ជាក់ថា៖ «ដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នារក្រៅប្រមាណជិត ២ ម៉ឺនហិកតាកំពុងរងគ្រោះ និងឈានដល់ការបាត់បង់ព្រោះមានជនខិលខូចបានឃុបឃិតគ្នាជាប្រព័ន្ធទិញ-លក់ដីព្រៃរបស់រដ្ឋ»។
បើតាមលោក លន ក្នុងរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០១៩ មានអំពើឃុបឃិតគ្នាជាប្រព័ន្ធរំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់-ទិញដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដែលបញ្ហានេះរដ្ឋបាលព្រៃឈើខេត្ដសៀមរាបក៏បានធ្វើរបាយការណ៍ទៅអាជ្ញាធរខេត្តសៀមរាបដើម្បីចេញគោលការណ៍បញ្ឈប់សកម្មភាពការផ្ទេរសិទ្ធិ ទិញ-លក់ដីព្រៃក្នុងតំបន់គ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ៕