កំពង់ស្ពឺ: អាជ្ញាធរខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ខ្មែរ​ ៣ ​នាក់​ និង​វៀតណាម​ ២ ​នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ដោយហេតុ​ខួង​យក​ថ្មម៉ាប​ដោយ​ខុសច្បាប់ នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្រោយពី​អង្គការ​មួយ​បាន​បង្ហាញ​ព័ត៌មាន​ពី​សកម្មភាព​ខុសច្បាប់​របស់​ជនសង្ស័យ​ទាំង​ ៥ ​នាក់​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​យើង​កំពុង​កសាង​សំណុំ​រឿង និង​រៀបចំ​របាយការណ៍​​ចំពោះ​ជនល្មើស​ទាំង​ ៥ ​នាក់​នេះ​ ពី​បទ​ខួង​យក​រ៉ែ​ធម្មជាតិ​ដោយ​គ្មាន​លិខិត គ្មាន​ច្បាប់​អនុញ្ញាត ហើយ​វា​អាចមាន​បទល្មើស​ ១ ​ទៀត គឺ​យើង​នឹង​ពិនិត្យ​ទៅលើ​ជនជាតិ​វៀតណាម​ថា តើ​គាត់​មក​នេះ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​ឬ​អត់​? ដើម្បី​ចាត់​វិធានការ​តាមច្បាប់​កម្ពុជា​»​។

លោក សំណាង បាន​អះអាង​ថា​ជនសង្ស័យ​ទាំង​ ៥ ​នាក់​ បាន​​បើក​អាជីវកម្ម​ខួង​រ៉ែ​ធម្មជាតិ​​គ្មាន​ច្បាប់​អនុញ្ញាត ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន និង​បិទ​អាជីវកម្ម​មិន​ស្របច្បាប់ អាជ្ញាធរ​នឹង​បន្ត​នីតិវិធី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តាមច្បាប់​។

លោក យស មន្នីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមការងារ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ស្ពឺ​បានធ្វើ​កិច្ចការងារ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិខ្មែរ និង​វៀតណាម ៥ ​នាក់ ហើយ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​សាលាស្រុក​ឱរ៉ាល់ ប៉ុន្ដែ​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នោះ​មិន​ទាន់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ណា ឬ​មាន​អ្នកណា​នៅ​ពីក្រោយ​ខ្នង​នៅឡើយ​ទេ​។

លោក មន្នីរ៉ាត់ ថ្លែង​ថា​៖ «​មន្ត្រី​ជំនាញ​យើង​បាន​សួរនាំ​មនុស្ស​ទាំង​ ៥ ​នាក់​ហ្នឹង តែ​គាត់​អត់​ឆ្លើយ​ប្រាប់ថា ពួកគាត់​ធ្វើការ​ឲ្យ​អ្នកណា ឬ​មាន​អ្នកណា​ខ្លះ​នៅ​ពីក្រោយ​។ អ៊ីចឹង ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន ឬ​លទ្ធផល​អ្វី​ច្រើន​ប្រាប់​ទៅ​កាសែត​ទេ ហើយ​ក៏​មិនទាន់​មាន​អ្នកធានា​តាមផ្លូវ​ច្បាប់​លើ​កម្មករ​ទាំង ៥ ​នាក់​ដែរ ហើយ​ឥឡូវនេះ យើង​ព្យាយាម​សួរ​គាត់ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែម​សិន​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង ៥ ​នាក់ (​វៀតណាម​ ២ ​នាក់​) ធ្លាប់​ត្រូវ​បាន​ធ្វើ​ការអប់រំ​ណែនាំ​កន្លង​មកហើយ ប៉ុន្ដែ​ពួកគាត់​មិនបាន​ស្ដាប់​តាម​ការណែនាំ​នេះ​ទេ​។

លោក ភក្ត្រា ថ្លែង​ថា​៖ «​ការឃាត់ខ្លួន​នេះ ខ្ញុំ​មិនទាន់​ច្បាស់​នៅ​ឡើយ​គឺ​ប្រហែល​ជា​ពាក់ព័ន្ធ​អន្តោប្រវេសន៍​ខុសច្បាប់ ព្រោះ​ការបើក​អាជីវកម្ម​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដីឯកជន​ទេ ប៉ុន្ដែ​អាជីវកម្ម​គ្មាន​ច្បាប់ ហើយ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ធ្វើ​ការអប់រំ​ណែនាំ​ហើយ ដោយ​ពួកគាត់​ដកខ្លួន​ទៅវិញ តែ​ក្រោយ​មកទៀត ពួកគាត់​មក​ម្ដងទៀត ប៉ុន្ដែ​ពេល​ចុងក្រោយ​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន ដោយ​អាច​​ពាក់ព័ន្ធ​រឿង​អន្តោប្រវេសន៍​»​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​អះអាងថា មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន បាន​រកឃើញ​ទីតាំង​ខួង​យក​ថ្មម៉ាប​ខុសច្បាប់​របស់​ជនជាតិ​វៀតណាម​ចំនួន​ ៦ ​កន្លែង​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​គ្រោង​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ប៉ុន្ដែ​មន្ត្រី​ថា​ចាត់​វិធានការ​រួចរាល់​ហើយ ។

លោក ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​រកឃើញ​ទីតាំង​ខួង​យក​ថ្មម៉ាប​របស់​ជនជាតិ​វៀតណាម​ចំនួន​ ៦ ​កន្លែង​ ដែល​ខួង​ជម្រៅ​ទៅ​ក្រោម​ប្រមាណ​ពី ៥០ ទៅ​ ៦០ ​ម៉ែត្រ​ នៅ​ទីតាំង​ខាងលើ​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដោយ​មាន​ជនល្មើស​សរុប​ចំនួន ៤ ​នាក់ (​ខ្មែរ​ម្នាក់​)​។ ដោយ​ពួកគេ​បាន​ធ្វើការ​ខួង​រយៈពេល​ជាង ១០ ​ថ្ងៃ​មកហើយ ដោយ​មិនទាន់​មាន​ការហាមឃាត់​ពី​អាជ្ញាធរ​។

លោក​បញ្ជាក់ថា​៖ «​ពេល​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ ខ្ញុំ​បាន​ទៅដល់​កន្លែង​នោះ​ផ្ទាល់ ហើយ​ក៏បាន​សួរនាំ​រឿង​ផ្លូវច្បាប់​ថា តើ​ការ​ខួង​ហ្នឹង​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឬ​អត់​? ​អ៊ីចឹង​ជនជាតិ​វៀតណាម​ម្នាក់​គាត់​ថា មាន​បទបញ្ជា ០១ ហើយ​ខ្ញុំ​បាន​ឲ្យ​គាត់​បង្ហាញ​បទបញ្ជា​ហ្នឹង ឬ​លិខិត​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ទៀត គាត់​អត់​បង្ហាញ​ខ្ញុំ​ទេ បន្ទាប់មក​យប់​ឡើង គាត់​បាន​លួច​យក​វត្ថុតាង​មួយ​ចំនួន​ជម្លៀស​ចេញពី​ទីតាំង​ដែល​ខ្ញុំ​រកឃើញ​ហ្នឹង ហើយ​ក៏​រត់​គេចខ្លួន​បាត់​ ២ ​នាក់ រីឯ​ ២ ​នាក់​ទៀត​ត្រូវ​បាន​យើង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នៅ​នឹង​កន្លែង​»​។

លោក​បន្តថា បញ្ហា​នេះ​លោក​បាន​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​ធ្វើ​កំណត់ហេតុ និង​រៀបចំ​របាយការណ៍​ដើម្បី​បញ្ជូន​ទៅ​ក្រសួងបរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ចាត់​អធិការកិច្ច​របស់​ក្រសួង​នីមួយៗ​ឲ្យ​ចុះ​ស៊ើបអង្កេត​ក្នុង​ការចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ខិលខូច​ដែល​មិន​អនុវត្ត​ច្បាប់ និង​ក្រុម​ជនខិលខូច​។

ពលរដ្ឋ​ម្នាក់​នៅក្នុង​តំបន់​នោះ​ដែល​ដឹង​ករណី​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា គាត់​បាន​ឃើញ​ជនជាតិ​វៀតណាម ៣ ​នាក់ និង​ខ្មែរ​ម្នាក់​បាន​ដឹក​ម៉ាស៊ីន​ខួង​ថ្ម​ម៉ាប​នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា​ មក​ដាក់​នៅ​ទីតាំង​នេះ ហើយ​រហូត​ដល់​ថ្ងៃទី​ ១៧ ខែ​វិច្ឆិកា ពួកគេ​ចាប់ផ្ដើម​ខួង​យក​ថ្ម​ម៉ាប​នៅក្នុង​តំបន់​នោះ ប៉ុន្ដែ​មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ស្គាល់​ពួកគាត់​ទេ គ្រាន់តែ​ឃើញ​ពួកគាត់​ធ្វើការ​ជាមួយ​គ្នា ហើយ​ខ្ញុំ​អត់​ដឹង​ទេ​ថា ពួកគាត់​មក​ធ្វើការ​ខួង​កន្លែង​ហ្នឹង​មាន​ច្បាប់ ឬ​អត់​? ប៉ុន្ដែ​ឮ​អ្នកភូមិ​និយាយ​តៗ​គ្នា​ថា ប៉ូលិស​បាន​និយាយ​ជាមួយ​កម្មករ​នោះ​ថា បើ​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​ទៅ តែ​បើ​គ្មាន​ច្បាប់​ទេ មិន​អាច​ធ្វើ​បានទេ​។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង​»​។

លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​បាន​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ងៃទី​ ២២ ខែ​វិច្ឆិកា ដោយ​បាន​រឹបអូស​វត្ថុតាង​ទាំងអស់​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​ចាត់វិធានការ​តាមច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ការពិត អ្នក​ដែល​យើង​ជួប​ជជែក​ដោះស្រាយ​ហ្នឹង គឺជា​កម្មករ​គេ​ទេ អ៊ីចឹង យើង​រង់ចាំ​ថៅកែ​ពួកគាត់​មកជួប​ដោះស្រាយ​គ្នា ដោយ​យក​ឯកសារ​ពាក់ព័ន្ធ​មក​បំភ្លឺ​ឲ្យ​បាន​ត្រឹមត្រូវ​។ លើស​ពី​នេះ​សមត្ថកិច្ច​យើង​នៅតែ​បន្ត​តាមដាន​សកម្មភាព ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បទល្មើស​នៅ​កន្លែង​ផ្សេងទៀត​»៕