កំពតៈ ក្រុមការងារ​គណៈកម្មការ​ចម្រុះ​ខេត្តកំពត​នៅ​ថ្ងៃទី​ ២៦ ខែ​មករា បាន​ចុះ​ពិនិត្យ និង​ស្រង់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៥៩ ​ខ្នង​នៅ​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន សូ ងួន គ្រុប​។

លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ការចុះពិនិត្យ និង​ស្រង់​ស្ថិតិ​ចំនួន​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ​កាលពី​ល្ងាច​ថ្ងៃទី​ ២៥ ខែមករា បាន​ឡើង​ទៅ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅមុខ​សាលាខេត្ត និង​រាយការណ៍​ប្រាប់​លោក​អភិបាលខេត្ត​ថា ក្រុមហ៊ុន សូ ងួន គ្រុប បាន​ប្រើ​កម្លាំង​កម្មករ​ចូល​រុះរើ​លំនៅឋាន​របស់​ពួកគាត់​អស់​ជាច្រើន​ខ្នង និង​ឈូសឆាយ​ផលដំណាំ​របស់គាត់​អស់​ជាច្រើន​ហិកតា​។

លោក​បាន​ថ្លែងថា​៖ «​តាម​ការពិនិត្យ​ជាក់ស្ដែង អ្នកភូមិ​ទាំងនោះ​រស់នៅ​លើដី​ព្រៃសម្បទាន​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដែល​ត្រូវ​បាន​ធ្វើ​ប្រទានកម្ម​ទៅឱ្យ​ក្រុមហ៊ុន​ សូ ងួន គ្រុប​»​។ បើតាម​លោក​ រិទ្ធិ កន្លងមក​អាជ្ញាធរខេត្ត​បាន​ផ្ដល់​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​រួច​មក​ហើយ ប៉ុន្តែ​អ្នកភូមិ​មួយ​ចំនួន​នៅតែ​បន្ត​ការកាប់​រាន និង​សង់ផ្ទះ​រំលោភ​ចូលទៅក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​។

ទោះយ៉ាងណា​នៅពេល​នេះ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​រុះរើ​ផ្ទះ និង​ឈូសឆាយ​ផលដំណាំ​របស់​អ្នកភូមិ​ទាំងនោះ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ដំណោះស្រាយ​ជាថ្មី​ពី​ថ្នាក់​ខេត្ត​។

អ្នកស្រី ទូច ស្រីម៉ៅ អាយុ​ ៤៥ ​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ ១០៧ ​គ្រួសារ ​ក្នុង​ភូមិ​ព្រៃពាយ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​កន្លង​មក​នេះ ក្រុមហ៊ុន សូ ងួន គ្រុប បាន​ប្រើ​កម្លាំង​កម្មករ​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ថ្លាន់​ ១០០ ​អស់​ចំនួន​ ១០ ​ខ្នង និង​ឈូសឆាយ​ផលដំណាំ​ជាច្រើន​ហិកតា​។

អ្នកស្រី​បាន​បន្តថា​៖ «​អាជ្ញាធរ​ចុះមក​ថ្ងៃនេះ​គឺ​មិនមាន​ដំណោះស្រាយ​ជា​ដុំកំភួន​នោះទេ​គឺ​បាន​ត្រឹមតែ​កត់​ឈ្មោះ និង​ស្រង់​ស្ថិតិ​ចំនួន​ខ្នង​ផ្ទះ​ប៉ុណ្ណោះ​»​។

បើតាម​អ្នកស្រី ទូច ស្រីម៉ៅ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សូ ងួន ​គ្រុប​បាន​រៀបរាប់ថា ដំបូង​ឡើយ​មាន​ពលរដ្ឋ​តែ​ចំនួន​ ២០ ​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​ចូលមក​រស់នៅ​ក្រោយ​ការធ្វើ​សមាហរណកម្ម​ខែ្មរ​ក្រហម​នៅ​ចុងឆ្នាំ​ ១៩៩៨​។ លុះ​មកដល់​ឆ្នាំ​ ២០០០ ​និង​ ២០០៤ ក៏មាន​ប្រជាពលរដ្ឋ​ ២០ ​គ្រួសារ​ទៀត​ចូលមក​រស់នៅ ហើយ​នៅ​ចុងឆ្នាំ ២០១៥ ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៤០ ​គ្រួសារ​ទៀត​បាន​ចូលមក​រស់នៅ​បន្តទៀត​។

អ្នកស្រី​បាន​បន្តថា​៖ «​ប៉ុន្តែ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​ស្រាប់​តែមាន​ចលនា​ពលរដ្ឋ​មកពីណា​ទេ ចំនួន​ ២២៦ ​គ្រួសារ​ បាន​ចូលមក​កាប់​រាន​ និង​សង់​ខ្ទម​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​នោះ​បង្កឱ្យ​មាន​បាតុភាព​វិវាទ​ដីធ្លី​កើតឡើង​»​។

ទោះយ៉ាងណា​លោក សូ ងួន ប្រធាន​ក្រុមហ៊ុន​ សូ ងួន គ្រុប បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រុមហ៊ុន​របស់លោក​ទទួល​បាន​ដីសម្បទាន​ពី​រដ្ឋាភិបាល​តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាប់តាំងពី​ឆ្នាំ ២០១៥​។ លោក​បាន​បញ្ជាក់ថា ដូច្នេះ​ការចូល​មក​រស់នៅ​របស់​ប្រជាពលរដ្ឋ​មុន​ឆ្នាំ​ ២០១៥ គឺ​បាន​ដោះស្រាយ ដោយ​ការកាត់ឆ្វៀល​រួចរាល់​ហើយ តាមរយៈ​សារាចរ​លេខ​ ០១​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ទើប​ចូល​មក​រស់នៅ​ក្រោយ​ឆ្នាំ​ ២០១៥ គឺជា​ការបង្ក​អរិភាព​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​។

លោក​ សូ ងួន ​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​យើង​ចង់​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​អភិវឌ្ឍ​ដី​ក្នុង​តំបន់​នោះ​ទៅតាម​ផែនការ​របស់​យើង​ដែល​បាន​គ្រោងទុក​។ ការពន្យារពេល​ដំណោះស្រាយ​នាំឱ្យ​វិវាទ​កាន់តែ​រីកធំ និង​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​កាន់តែ​ច្រើន​»៕