សៀមរាបៈ អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៃ​ខេត្តសៀមរាប​បាន​ចែក​អង្ករ​ ៥០ ​តោន​ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២ ៦៦៨ គ្រួសារ​ តាម​ភូមិ​ឃុំ​ទាំងអស់​នៅក្នុង​ស្រុក​បន្ទាយស្រី​ដែល​រង​នូវ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក ឃឹម ហ្វីណង់ អភិបាលស្រុក​បន្ទាយស្រី​បាន​ថ្លែងថា អង្ករ​ទាំងនោះ​បានមក​ពី​ការបង្កបង្កើនផល​លើ​ផ្ទៃដី​ស្រៃ​ចំនួន​ ៤០ ​ហិកតា ដែល​រដ្ឋបាល​ស្រុក​បាន​ជួល​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​ដាក់ ហៅថា​ស្រែ​សង្គម​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ផ្លែផ្កា​នៃ​ការរួម​កម្លាំង​សាមគ្គី​គ្នា លើ​ការប្រវាស់​ដីស្រែ​ចំនួន​ ៤០ ​ហិកតា ​ជាមួយ​ប្រជាពលរដ្ឋ​ ៨៨ ​គ្រួសារ​ នៅក្នុង​ឃុំ​ព្រះដាក់ ថែមទាំង​ទទួល​បាន​ការចូលរួម​ឧបត្ថម្ភ​ពូជ ការចំណាយ និង​កម្លាំង​ពលកម្ម​ស្ម័គ្រចិត្ត​ពី​សំណាក់​មន្ទីរ​កសិកម្ម សប្បុរសជន និង​យុវជន​ស្ម័គ្រចិត្ត​ ស.ស.យ.ក​»​។

បើតាម​លោក ឃឹម ហ្វីណង់ គម្រោង​នេះ​ធ្លាប់​ទទួលបាន​ទិន្នផល​ចំនួន​ ៨៤ ​តោន និង​បានធ្វើការ​បែងចែក​ជា​បណ្តើរៗ​ជូន​ដល់​ម្ចាស់​ស្រែ ប្រជាពលរដ្ឋ​​ទីទ័លក្រ និង​ជនរងគ្រោះ​ពី​ទឹកជំនន់​ក្នុង​រយៈកាល​កន្លងមក ហើយ​ត្រូវបាន​ចែកជូន​បញ្ចប់​នៅលើ​នេះ សរុប​ទាំងអស់​មាន​ចំនួន​ ២ ៦៦៨​ គ្រួសារ​ដោយ​ក្នុង​ ១ ​គ្រួសារ​ទទួលបាន​ចំនួន​ ២០ ​គីឡូក្រាម​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ថ្លែង​ថា ដោយសារ​តែ​ការរាតត្បាត​នៃ​មេរោគ កូវីដ ​១៩ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ កាន់តែ​ជួប​ការលំបាក​ខ្លាំង ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​ក៏​ធ្លាក់ចុះ​។

លោកអភិបាលខេត្ត​ថ្លែង​ថា ដោយហេតុនេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី​បាន​សហការ​ជាមួយ​សប្បុរសជន អង្គការ​ដៃគូ និង​ប្រជាពលរដ្ឋ​បានរួម​គ្នា​ធ្វើ «​ស្រែ​សង្គម​» ដើម្បី​យក​អង្ករ​មកជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅក្នុង​តំបន់​នេះ ដែល​នេះ​គឺជា​សកម្មភាព​គំរូ​មួយ​ដ៏ល្អ​មួយ និង​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​នៅពេល​ដែល​ពួកគាត់​មាន​តម្រូវការ​ខ្លាំង​៕