
លោក ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម និងលោក Andrew Proud Love ប្រធានក្រុមគម្រោងលេខ ៦១ នៃសហភាពអឺរ៉ុប។ សហការី
ភ្នំពេញៈ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនៃក្រសួងការពារជាតិ និងសហភាពអឺរ៉ុប (EU) បានសហការគ្នារៀបចំបើកសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ជាតិ ស្ដីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ពាក់ព័ន្ធឱ្យបានត្រឹមត្រូវនៅតំបន់អាស៊ីអាគ្នេយ៍ (SEAC-HEM) ដល់សិក្ខាកាមប្រហែល ២០០ នាក់។
ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអាវុធគីមីបានចុះផ្សាយថាកាលពីថ្ងៃចន្ទ លោក ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្មបានតំណាងឱ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមប្រកាសបើកសិក្ខាសាលាបណ្ដុះបណ្ដាលដែលមានរយៈពេល ១២ ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកានេះនៅសណ្ឋាគារភ្នំពេញ។
ភ្នំពេញប៉ុស្ដិ៍មិនអាចរកប្រភពទាក់ទងលោក ផន ណារ៉ា ដើម្បីសុំអធិប្បាយបានទេ ខណៈលោក ប៉ែន ប៉ុណ្ណារី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីបានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា មិនបានចូលរួមការប្រកាសបើកសិក្ខាសាលានេះដោយសារលោកត្រូវសម្រាកព្យាបាលជំងឺ។ ចំណែក លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិមិនអាចទាក់ទងសុំអធិប្បាយបានឡើយដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
ប៉ុន្តែសារព័ត៌មាន ហ្វ្រេសញូវបានចុះផ្សាយថា លោក ផន ណារ៉ា និងលោក Andrew Proud Love ប្រធានក្រុមគម្រោងលេខ ៦១ នៃសហភាពអឺរ៉ុបគឺបានធ្វើជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលានេះ ដោយមានសិក្ខាកាមចូលរួមចំនួន ២០៥ នាក់មកពីក្រសួងស្ថាប័នចំនួន ២។
អ្នកជំនាញមកពីក្រសួងសុខភាពសាធារណៈអង់គ្លេស វិទ្យាស្ថានសន្ដិសុខអន្តរជាតិ និងការគ្រប់គ្រងការសង្គ្រោះបន្ទាន់នៃសាធារណរដ្ឋស្លូវ៉ាគី និងអង្គការក្រៅរដ្ឋាភិបាលអឺរ៉ុប និងអង្គការដំណោះស្រាយយុត្តិធម៌នៃបទឧក្រិដ្ឋប្រកបដោយចីរភាពនឹងបណ្ដុះបណ្ដាលលើប្រធានបទ ការត្រៀមខ្លួន ការឆ្លើយតប និងការស្ដារឡើងវិញនៃឧប្បត្តិហេតុសារធាតុអាវុធគីមី។
សិក្ខាសាលានេះធ្វើឡើងដើម្បី «ទី១ ផ្ដល់ចំណេះដឹង និងបង្កើនសមត្ថភាពលើជំនាញ ការត្រៀមរៀបចំការឆ្លើយតប និងការស្ដារឡើងវិញនៃឧប្បត្តិហេតុសារធាតុអាវុធគីមី។ ទី២ ការបង្កើនការយល់ដឹង និងសមត្ថភាពនៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវលើឧប្បត្តិហេតុ ភេរវកម្ម និងបទឧក្រិដ្ឋនៃសារធាតុអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ទី៣ ការចេះប្រើប្រាស់ឧបករណ៍រាវរក និងពិសោធសារធាតុអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ»។
ចំណែកចំណុចទី៤ គឺការបោសសម្អាត និងលាងសម្អាតសារធាតុអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ទី៥ វិធីជ្រើសរើសសំណាក ការកំណត់អត្តសញ្ញាណ និងការគ្រប់គ្រងហានិភ័យនៃសារធាតុអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងទី៦ ការដឹកជញ្ជូន ការថែរក្សា ការពារដោយសុវត្ថិភាពនៃសារធាតុគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរនៅក្នុងឃ្លាំង។
សារព័ត៌មាន ហ្វ្រេសញូវបានស្រង់សម្ដីលោក ផន ណារ៉ា ថា សិក្ខាសាលាថ្នាក់ជាតិដែលត្រូវចែកចេញជា ៥ វគ្គនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយទៀតដោយសារមានគ្រូឧទ្ទេសនាម និងអ្នកជំនាញពីអឺរ៉ុបមកបណ្ដុះបណ្ដាលផ្ទាល់ ខណៈលោកបានអះអាងថាការគំរាមកំហែង ដោយសារអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ វិទ្យុសកម្ម និងសារធាតុគីមីពុលជាដើម គឺនៅតែជាបញ្ហាស្មុគស្មាញ ពិបាកក្នុងគ្រប់គ្រង និងដោះស្រាយនៅឡើយ៕