សៀមរាប៖ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរជាតិ​អប្សរា​បាន និង​កំពុង​ស្ដារ​ពើក (កំប្លោក ស្មៅ) ចេញ​ពី​ក្នុង​កសិណ្ធុ​ក្រុង​អង្គរ​ធំ ដើម្បី​ចូលរួម​អភិរក្ស​ក៏​ដូចជា​បង្កើន​សោភណភាព​នៅ​តំបន់​អង្គរ​ឡើង​វិញ​ក្នុង​គោល​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

លោក ញ៉ែម រស្មី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ថា ការ​ស្តារ​ពើក​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី ២៤ មេសា មក​ម៉្លេះ និង​ប្រើ​កម្លាំង​មនុស្ស​ចំនួន ៤០ នាក់ ដោយ​ការ​អនុវត្ត​ជំហាន​ដំបូង​ធ្វើ​ឡើងនៅ​កសិណ្ធុ​ខាង​លិច ឬ​ជាប់​ខ្លោង​ទ្វារ​តាកាវ​នៃ​ក្រុង​អង្គរ​ធំ។

លោក​បាន​បន្ត​ថា ការ​ស្ដារ​ពើក​នេះ​ មាន​ទទឹង​ប្រវែង ១០០ ម៉ែត្រ និង​បណ្ដោយ ១ ៥០០ ម៉ែត្រ ប៉ុន្តែ​ក្រុម​ការងារ​បាន​ជួប​ការ​លំបាក​ខ្លះៗ ដោយសារ​ពើក​នោះ​មាន​សភាព​ក្រាស់ៗ។ «ក្រុម​ការងារ​ស្តារ​ពើក​បាន​បង្ហាញ​សកម្មភាព​ដ៏​មមាញឹក​ក្នុង​ការ​អូស​ទាញ និង​លើក​ពើក​ដ៏​ក្រាស់​ចេញ​ពី​ទឹក​មក​ទម្លាក់​លើ​គោក​ជាប់​ច្រាំង​កសិណ្ធុ ព្រោះ​ស្មៅ និង​រុក្ខជាតិ​តូចៗ ដែល​កក​ក្លាយ​ជា​ពើក​នោះ​មាន​សភាព​ក្រាស់ ធ្ងន់ និង​កន្លែង​ខ្លះ​ស្ទើរ​មើល​ទឹក​មិន​ឃើញ ដែល​មាន​កំណក​ដី​ប្រមាណ ៦ តឹក នៅ​ផ្នែក​ខាង​ក្រោម»។

លោក​បាន​ឱ្យ​ដឹង​ថា ពើក​ដ៏​ក្រាស់​នេះ កកើត​ឡើង​ដោយសារ​រុក្ខជាតិ​តូចៗ​ក្នុង​ទឹក ដូចជា​កំប្លោក ស្លែ នៅ​ក្នុង​ទឹក​រយៈពេល​យូរ និង​កង្វះ​ការ​សម្អាត​គ្រប់គ្រាន់ ទើប​បណ្តាល​ឱ្យ​កក​ក្រាស់​កើត​ទៅ​ជា​ពើក។

យ៉ាងណា​ក្តី លោក​ថា ក្រុម​ការងារ​កំពុង​រក​វិធីសាស្រ្ត​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឱ្យ​ការងារ​បាន​លឿន ពោល​គឺ​នឹង​ប្រើ​ឧបករណ៍​ជំនួយ​ដើម្បី​អូស​ពើក​ចេញ​ពី​កសិណ្ធុ ខណៈ​បច្ចុប្បន្ន​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ។

លោក រស្មី បាន​រំពឹង​ថា ក្រោយ​ការ​ស្តារ​ពើក​នេះ បរិស្ថាន​នៅ​កសិណ្ធុ​ខាង​លិច​នៃ​ក្រុង​អង្គរ​ធំ នឹង​ប្រែ​ជា​ស្រស់​ស្អាត និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​មួយ​កម្រិត​ទៀត។

ទីប្រឹក្សា​សភា​ពាណិជ្ជ​កម្ពុជា និង​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែង​ថា ការ​ស្តារ​ពើក​រួម និង​ការ​កែ​លម្អ នៅ​ក្នុង​តំបន់​អង្គរ​នេះ ពិត​ណាស់​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត ក្រោយ​ពី​ស្ថានភាព​កូវីដ ១៩ មាន​ភាព​ធូរស្រាល។

សកម្មភាព​ស្ដារ​ពើក​ចេញ​កសិណ្ធុ​ក្រុង​អង្គរ របស់ក្រុមការងារអាជ្ញាធរអប្សរា កាលពីម្សិលមិញ។ រូបថត អាជ្ញាធរអប្សរា

លោក​ថា៖ «ជា​រឿង​ល្អ​ណាស់ ការ​កែ​លម្អ​នេះ ការ​តុបតែង​ដើម្បី​ទាក់ទាញ ពី​ព្រោះ​យើង​ដឹង​ហើយ​ក្នុង​វិស័យ​ទេសរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ ទី១ គឺ​សោភណភាព ទី២ ទេសភាព ទី៣ ទិដ្ឋភាព ទី៤ គុណភាព និង​ទី៥ គឺ​សុវត្ថិភាព»។ «ដូច្នេះ​ការ​លក់​របស់​យើង​មិនមែន​លក់​ប្រាសាទ​ទេ គឺ​សេវាកម្ម​ទាំង​អស់​នេះ ដូច្នេះ​យើង​សូម​កោត​សរសើរ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ពិគ្រោះយោបល់​ជាមួយ​អង្គការ​យូនីស្កូ​ ដើម្បី​កែច្នៃ តុបតែង កែ​លម្អ​ទាំង​អស់​នេះ… »។

លោក ញ៉ែម រស្មី ឱ្យ​ដឹង​ថា ការ​ស្តារ​ពើក​នេះ មាន​ការ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា ក្នុង​នោះ​រួម​មាន​លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ភឿង សកុណា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង​សប្បុរសជន​មួយ​ចំនួន​ទៀត។

ទាក់ទង​នឹង​តំបន់​អង្គរ​នេះ កាល​ពី​ថ្ងៃទី ២៥ មេសា អាជ្ញាធរ​ជាតិ​អប្សរា និង​គ្រឹះស្ថាន​អង្គរ​បាន​ចាប់​ផ្តើម​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​ប្រាសាទ​នានា ចាប់​ពី​ថ្ងៃទី ២៦ មេសា បន្ទាប់​ពី​ត្រូវ​បាន​បិទ​មួយ​រយៈពេល​ខ្លី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។

ជាមួយ​គ្នា​នេះ អាជ្ញាធរជាតិ​អប្សរា​បាន​ឱ្យ​ដឹង​ដែរ​ថា ថ្ងៃ​ដំបូង​នៃ​ការ​បើក​ឡើង​វិញ​នេះ រមណីយដ្ឋាន​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ ចំនួន ៧០១ នាក់ ខណៈ​អាជ្ញាធរ​នៅ​តែ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដដែល៕